ជាតិ
សេដ្ឋកិច្ច
ជប៉ុន នឹងផ្តល់កម្ចីជាង៥០លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍផ្លូវជាតិលេខ៥ 
រូបតំណាង៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី( UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
×![]()
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ឥណទានសម្បទានចំនួន៥២,៦លានដុល្លារអាម៉េរិក ដល់កម្ពុជា លើគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥។ ទំហំកម្ចីនេះ នឹងត្រូវបានចុះហត្ថលេខា ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៤ឧសភា។
ក្នុងថ្ងៃជាមួយគ្នា ជប៉ុន ក៏នឹងចុះហត្ថលេខាលើកញ្ចប់ជំនួយឥតសំណង ២,៦៧លានដុល្លារ ឱ្យកម្ពុជា ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ជំនួយឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។
ក្រសួងការបរទេស បានបញ្ជាក់ថា ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការទាំងពីរខាងលើនេះ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com