កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
យុវតី សុខរី កនិកា ពីអ្នកហាត់គុនខ្មែរ​ដើម្បីការពារខ្លួន រហូតក្លាយជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម
22, May 2023 , 7:59 pm        
រូបភាព
សុខរី កនិកា ថតរូបជុំគ្នាជាមួយកីឡាករ កីឡាការិនី និងអ្នកស្ម័គ្រចិត្តស៊ីហ្គេម រូបពីហ្វេសបុក សុខរី កនិកា
សុខរី កនិកា ថតរូបជុំគ្នាជាមួយកីឡាករ កីឡាការិនី និងអ្នកស្ម័គ្រចិត្តស៊ីហ្គេម រូបពីហ្វេសបុក សុខរី កនិកា
សុខរី កនិកា យុវតីវ័យ ១៥ឆ្នាំ បានឈ្នះមេដាយសំរឹទ្ធ កីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា លើប្រភេទវិញ្ញាសាប្រដាល់ ៤៨គីឡូក្រាម។ យុវតីរូបនេះ ស្ទើរតែមិនជឿថារូបខ្លួនអាចរកបានមេដាយជូនជាតិសោះ ហើយក៏មិននឹកស្មានថាមានឱកាសបានប្រកួតតំណាងជាតិដែរ។ កីឡាការិនីរូបនេះ បន្ថែមថា ការឈានជើងចូលក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ គឺខ្លួនគ្រាន់តែចងហ្វឹកហាត់ដើម្បីការពារខ្លួន ប៉ុន្ដែក្រោយទទួលបានផ្លែផ្កា ធ្វើឲ្យ កនិកា មានចិត្ត និងមហិច្ឆិតាកាន់តែខ្លាំង ក្នុងការហាត់កីឡានេះ ដើម្បីប្រកួតលើឆាកអន្ដរជាតិ។



ជាកូនស្រីពៅ នៃគ្រួសារកសិករមួយស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានសមាជិក ៥នាក់ យុវតី សុខរី កនិកា គឺជាកូនស្រីម្នាក់ ហាត់ប្រដាល់គុនខ្មែរ ចំណែកបងប្រុស ២នាក់ទៀតជាសិស្ស និងជួយការងារឪពុកម្ដាយ។ កីឡាការិនីរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ការឈានជើងចូលក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ គឺគ្រាន់តែហ្វឹកហាត់ក្នុងគោលបំណងការពារខ្លួនប៉ុណ្ណោះ ប៉ុន្ដែក្រោយពេលចូលហ្វឹកហាត់ធ្វើឲ្យយុវតីរូបនេះ ស្រឡាញ់កីឡាប្រដាល់កាន់តែខ្លាំងឡើងៗ។ ម្យ៉ាងវិញទៀត កនិកា ក៏មានទេព្យកោសល្យក្នុងការហ្វឹកហាត់ផងដែរ។ ទាំងអស់នេះ បានជួយឲ្យកីឡាការិនីវ័យ ១៥ឆ្នាំ ឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
  

កីឡាការិនី សុខរី កនិកា រូបពីហ្វេសបុក សុខរី កនិកា
 
បើទោះជាមិនបានមេដាយមាស ឬប្រាក់ ប៉ុន្ដែ កនិកា ពេញចិត្តចំពោះសមិទ្ធិផលនេះ ដោយសារតែជាការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពខ្លួន បូករួមជាមួយស្មារតីប្រកួតដើម្បីជាតិ ផងដែរ។ កីឡាការិនីប្រដាល់គុនខ្មែររូបនេះ និយាយប្រាប់ដូច្នេះថា៖«ដំបូងឡើយមិនដែរថាចង់ហាត់ទេបងតែដោយសារតែមានចម្លោះជាមួយប្រុសៗក៏មានចិត្តថាចង់ហាត់ បន្ទាប់មកក៏ចូលហាត់ តែហាត់នឹងមិនដែរគិតថាចង់ប្រកួតអីទេគ្រាន់តែហាត់ដើម្បីការពារខ្លួន តែមិននឹកស្មានថាដើរមកដល់ចំណុចនេះទេ។»។
 
ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យរតនៈឈូលាភ ដែលស្ថិតនៅជិតលំនៅឋានខ្លួន យុវតី កនិកា បានចំណាយពេលហ្វឹកហាត់ប្រដាល់បន្ទាប់ពីសម្រាក់ពីការសិក្សា។ យុវតីទួលក្រសាំងនេះ បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរដំបូង នៅខែកុម្ភៈឆ្នាំ២០២២ នៅក្លិបអរុណរះ ដែលនៅភូមិឃុំរបស់ខ្លួន ក្រោយពេលហ្វឹកហាត់បាន ១០ខែ កនិកា ក៏បានប្ដូមកហ្វឹកហាត់នៅក្លិបកណ្ដាប់ដៃដែក នៅខ័ណ្ឌដង្កោរ រាជធានីភ្នំពេញ ហ្វឹកហាត់បានរយៈពេល ៨ខែ។ ចំពោះការហ្វឹកហាតដំបូង យុវតីរូបនេះ មិនទទួលបានការគាំទ្រពីអាណាព្យាលទេ ដោយលោកស្រី សន សាយ ជាម្ដាយ និងលោក ជីម សុខរី មានព្រួយបារម្ភ ខ្លាចកូនស្រីពៅរបស់ខ្លួនរងគ្រោះថ្នាក់អំឡុងពេលហ្វឹកហាត់ និងអំឡុងពេលប្រកួត។
  


លោកស្រី សន សាយ បានបញ្ជាក់ថាក្នុងនាមជាម្ដាយ តែងតែមានការបារម្ភ និងស្រឡាញ់កូន ប៉ុន្ដែក៏ត្រូវស្របតាមកូនរបស់ខ្លួន ព្រោះ កនិកា មានឆន្ទៈ និងមហិច្ឆិតាផ្ទាល់ខ្លួន។ អ្វី ដែលសំខាន់ទៀតនោះ អ្នកម្ដាយរូបនេះ បន្ដទៀតថា ប្រកួតចាញ់ឈ្នះ គឺជារឿងធម្មតា ប៉ុន្ដែមិនត្រូវបាក់ទឹកចិត្ត ព្រោះលោកស្រី នឹងបន្ដជាកម្លាំងចិត្តដល់កូនខ្លួនជានិច្ច។
 
«កូន ចាញ់ឈ្នះជារឿងធម្មតាទេ កូនឯងកុំបាក់ទឹកចិត្ត។ ម៉ែជួយកម្លាំងចិត្តកូនជានិច្ច បើទោះជាកូនចាញ់ ម៉ែ នៅតែផ្ដល់កម្លាំងចិត្ត។ កូនត្រូវតែស៊ូ! កូនកុំខ្លាច! កូន កុំស្លត់ឲ្យសោះ។»។ លោកស្រី សន សាយ និយាយប្រាប់ដូច្នេះ។
 
យុវតីវ័យ ១៥ឆ្នាំនេះ បានប្រាប់ថា រូបខ្លួន នឹងមិនបញ្ឈប់មហិច្ឆិតា ត្រឹមតែរកបានមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទេ ប៉ុន្ដែនឹងប្រឹងហ្វឹកហាត់បន្ថែម ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ និងប្រឹងប្រែងស្វែងរកស្នារដៃសម្រាប់ជាតិ ឲ្យបានច្រើន។ ម្យ៉ាងវិញទៀត សុខរី កនិកា ក៏ចង់សាងកេរ្ដិ៍ឈ្មោះខ្លួនឲ្យកាន់តែល្បីល្បាញ់ផងដែរ៕
កីឡាការិនី សុខរី កនិកា បានប្រាប់ពីការតាំងចិត្តខ្លួនដូច្នេះថា៖«មហិច្ឆតាខ្ញុំធំបំផុតគឺខ្ញុំចង់ក្លាយជាកីឡាការិនីម្នាក់ដែលល្បី។មានកេរ្តិ៍ឈ្មោះមានអ្នកស្គាល់ច្រើន។»៕
 

Tag:
 សុខរី កនិកា
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com