ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការប្រើពាក្យ «ទម្លាក់» សម្តេច ហ៊ុន សែន ឲ្យបានធ្វើឲ្យលោក ជា ប៉ូច ប្រឈមនឹងបណ្តឹង
22, May 2023 , 4:29 pm        
រូបភាព
លោក ជា ប៉ូច ពេលទៅដល់មន្ទីរពេទ្យប្រទេសថៃ (រូបពីហ្វេសប៊ុករបស់លោក)
លោក ជា ប៉ូច ពេលទៅដល់មន្ទីរពេទ្យប្រទេសថៃ (រូបពីហ្វេសប៊ុករបស់លោក)
ដោយ៖ ទេពញាណ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនដំណឹងតាមបណ្តាញតេឡេក្រាម ឲ្យសាធារណជន រួមទាំងលោក ជា​ ប៉ូច ដែលជាសាមីខ្លួន បានដឹងថា សម្តេច ស្នើសុំទៅមេធាវីរបស់ខ្លួន ឲ្យត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់លើលោក ជា ប៉ូច។ ដើមចម ដែលជំរុញឲ្យសម្តេច មានបំណងចង់ប្តឹង ដោយសារមិនអាចទទួលយកបានចំពោះការប្រើពាក្យ «ទម្លាក់» សម្តេចឲ្យបាន ដែលចេញពីមាត់អ្នកនយោបាយប្រឆាំងរូបនេះ។ 
 
ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី មិនទាន់ណែនាំឲ្យមេធាវី ដាក់បណ្តឹងប្តឹងលោក ជា ប៉ូច ភ្លាមៗនោះទេ ដោយទុកពេលឲ្យមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះ ដល់ទៅ១០ថ្ងៃ ក្នុងការសម្រេច គឺចាប់ពីថ្ងៃទី២១ ជាថ្ងៃដែលសម្តេចជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ក្នុងពិធីជួបជុំ១ លោក ជា ប៉ូច និយាយដូច្នេះថា៖«តាំងពីខ្ញុំធ្វើនយោបាយតាំងពីអាយុយ១៩ឆ្នាំមក សហការី និងមេខ្ញុំស្លាប់មិនមែនតិចទេ។ ការឈឺចាប់ហ្នឹងហើយ ទោះបីគេធ្វើបាបយើងប៉ុនណាក៏ដោយ យើងនៅ [រក្សា] គោលដៅយើង។ ខ្ញុំនិយាយត្រង់ថ្ងៃនេះ គោលដៅខ្ញុំត្រូវទម្លាក់ហ៊ុនសែនឲ្យបាន»។
 
សម្តេច ហ៊ុន សែន ទទួលបានសារសំឡេងរបស់លោក ជា ប៉ូច ហើយយកទៅផ្សព្វផ្សាយក្នុងតេឡេក្រាម។ លោក ជា ប៉ូច ហាក់ដឹងខ្លួនថា ការប្រើពាក្យនេះ នឹងបង្កបញ្ហាដល់ខ្លួនឯងដូច្នេះ
ហើយ ទើបលោក បានសរសេរលិខិតបំភ្លឺជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 
 
ក្នុងលិខិតបំភ្លឺ ដែលចុះនៅថ្ងៃទី១៥ ខែឧសភា លោក ជា ប៉ូច បកស្រាយជូនសម្តេចថា ពាក្យទម្លាក់សម្តេចឲ្យបាននេះ គឺលោកសំដៅលើការទម្លាក់តាមរយៈការបោះឆ្នោត។ ទោះយ៉ាងណា លោក នៅតែទទួលស្គាល់ថា ការប្រើពាក្យនេះ គឺមានការឆ្គាំឆ្គង និងមានការប៉ះពាល់ដល់សម្តេច ហើយលោក បានសូមអភ័យទោសពីសម្តេច។ 
 
តាមរយៈសំណេរក្នុងតេឡេក្រាម សម្តេច ហ៊ុន សែន តបថា សម្តេច មិនទទួលយកការសូមទោសឡើយ ហើយប្រាប់ទៅលោក ជា ប៉ូច ថា គិតខ្លួនឯងទៅ ថាតើគួរធ្វើបែបណា? (ក្នុងរយៈពេល១០ថ្ងៃនេះ សម្តេច កំពុងរង់ចាំមើលការសម្រេចចិត្តរបស់លោក ជា ប៉ូច)។ 
 
សម្តេច បកស្រាយត្រឡប់ទៅវិញថា ពាក្យទម្លាក់ មានវិធីច្រើនយ៉ាង តាមរបៀបបោះឆ្នោត ដូចដែលលោក ជា ប៉ូច បកស្រាយ។  សម្តេច បន្តថា​ តាមវិធីរដ្ឋប្រហារយោធា និងតាមការប្រើប្រាស់បដិវត្តពណ៌ គេប្រើនៅច្រើនប្រទេសដែលមានឈ្មោះខុសគ្នា តែមានគោលដៅទម្លាក់ ឬផ្តួលរំលំដូចគ្នា រហូតដល់ការធ្វើឃាតឬគ្រប់សកម្មភាពឲ្យតែកម្ចាត់មនុស្សដែលខ្លួនត្រូវកម្ចាត់ឲ្យខានតែបាន។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រមុខគណបក្សកាន់អំណាច សង្កត់ធ្ងន់ដូច្នេះថា៖«ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែប៉ូចនិងបក្សរបស់ខ្លួន មានចរិតបែបនេះជារៀងរហូតមក ហើយក្លាយជាវប្បធម៌សងសឹកមិនចេះចប់ទាំងមេទាំងកូន»។
 
កាលពីថ្ងៃទី១៣ ខែឧសភា ភរិយារបស់លោក ជា ប៉ូច បានជូនដំណឹងលើគណនីហ្វេសប៊ុករបស់លោក ជា ប៉ូច ថា ជំងឺបេះដូងស្វាមី បានរើឡើងយ៉ាងខ្លាំង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសថៃ។ ក្រោយមក ភរិយា បន្តជូនដំណឹងលើបណ្តាញសង្គមទៀតថា ស្វាមី ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យប្រទេសអូស្រ្តាលីហើយ៕   
 

Tag:
 ជា ប៉ូច
© រក្សាសិទ្ធិដោយ thmeythmey.com