កីឡាអន្តរជាតិ
អន្តរជាតិ
២០ឆ្នាំក្រោយ Newcastle បង្ហាញមុខនៅ Champions League វិញ
23, May 2023 , 10:19 am        
រូបភាព
ទីបំផុត Newcastle United អាចចូលរួមប្រជែងក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីអាក់ខានរយៈពេល២០ឆ្នាំ។ ក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មី ក្រុមរហស្សនាមសារិកាព្រៃ នឹងបញ្ចប់ក្នុងតំបន់ Top4 នៃក្របខណ្ឌ Premier League ទាំងនៅសល់១ប្រកួតក្នុងដៃ។



ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Eddie Howe ចាប់តាំងពី Newcastle ប្តូរម្ចាស់ថ្មីនៅឆ្នាំ២០២១ និងបានកំណែទម្រង់កីឡាករមួយចំនួន បានធ្វើឱ្យពួកគេកើនសម្ថភាពលេចធ្លោ និងជាក្រុមដ៏ខ្លាំងនៅលីគកំពូលអង់គ្លេស។
  


បន្ទាប់ពីស្មើ Leicester City ០-០ នាជំនួបលីគសប្តាហ៍ទី៣៧ ក្រុម Newcastle រកបាន៧០ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៣បណ្តោះអាសន្នដោយនាំមុខក្រុមលេខ៤ Manchester United ដែលសល់ពីរប្រកួតក្នុងដៃចំនួន១ពិន្ទុ។ យ៉ាងណាក៏ដោយក្រុមលោក Howe នឹងបញ្ចប់ក្នុងតំបន់ Top4 ទោះចាញ់ឈ្នះនៅជំនួបចុងក្រោយ ដ្បិតក្រុមលេខ៥ Liverpool គ្មានឱកាសប្រជែងកៅអី Champions League ឡើយ។
 
លោ Howe សញ្ជាតិអង់គ្លេស អាចចាត់ទុកថាជាអ្នកចាត់ការក្រុមដ៏អស្ចារ្យម្នាក់។​ បុរសវ័យ៤៥ឆ្នាំរូបនេះ បានឡើងដឹកនាំ Newcastle នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺក្រោយពេលក្លិបអង់គ្លេសមួយនេះត្រូវម្ចាស់ថ្មីដែលជាមហាសេដ្ឋីអារ៉ាប៊ីសាអូឌីតឡើងកាន់កាប់បាន១ខែ។ កាលនោះ ក្រុមសិរិកាព្រៃស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាងលីគកំពូងអង់គ្លេស ដែលជាតំបន់ត្រូវកាត់ចោល ប៉ុន្តែត្រូវបាន Howe ស្រោចស្រង់វិញបាន និងបន្តធ្វើព្យុះភ្លៀងនៅរដូវកាលបន្ទាប់។
 
នៅទីបំផុត Newcastle ពិតជាអាចធ្វើឱ្យក្រុមដ៏ទៃភ្លឺភ្នែក ដោយដណ្តើមបានកៅអីក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ ២០២៣-២៤ បន្ទាប់ពីអវត្តមានតាំងពីឆ្នាំ២០០៣មក៕
 

Tag:
 Champions League
  Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com