ជាតិ
សង្គមជាតិ
លោក ថេង សាវឿន និងមនុស្ស២នាក់ទៀតត្រូវឃុំនៅពន្ធនាគារពីបទរួមគំនិតក្បត់
23, May 2023 , 11:19 am        
រូបភាព
លោក ថេង សាវឿន និងបុគ្គលិកពីរនាក់ទៀត ដែលត្រូវបានឃុំខ្លួន។ រូបពី CCFC
លោក ថេង សាវឿន និងបុគ្គលិកពីរនាក់ទៀត ដែលត្រូវបានឃុំខ្លួន។ រូបពី CCFC
ភ្នំពេញ៖ លោក​ ថេ​ង​ ​សាវឿន​ ​​ប្រធាន​​សមាគម​សម្ព័នកសិករកម្ពុជា (CCFC) និងលោក​ ញិ​ល​ ​ភាព​ ​ និងលោក​ ​ថា​ន់ ​ហា​ច ដែលជាមន្ត្រីជាន់ខ្ពស់នៃ CCCFC ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ សម្រេចឃុំខ្លួននៅពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ឧសភា។

 
លោក​ ថេ​ង​ ​សាវឿន និងគ្នីគ្នាពីរនាក់ទៀត ត្រូវតុលាការរតនគិរី ចោទប្រកាន់​ពី​បទ​ ​រួមគំនិតក្បត់​ ​និង​បទ​ ​ញុះញង់។​ ​CCFC បានបញ្ជាក់បែបនេះ លើទំព័រហ្វេសប៊ុក។​ ​ចំពោះ បទចោទនេះ បើ​​សិនត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​នោះ​ អ្នក​ទាំង​បី​អាច​នឹង​ត្រូវ​​​ជាប់ពន្ធនាគារ​ពី​ ​៥​ដល់​​១​០​​ឆ្នាំ​។​
 
ពួកគេទាំងបី ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៧ឧសភា នៅខេត្តក្រចេះ អំឡុងពេលធ្វើដំណើរត្រឡប់មកភ្នំពេញ។ ពួកគេ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរតនគិរី។ 
 
ពាក់ព័ន្ធសំណុំរឿងខាងលើនេះ សារព័ត៌មានថ្មីៗ ពុំអាចបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បានឡើយ។ ជាមួយគ្នាដែរ មេធាវីរបស់លោក ថេង សាវឿន ក៏សុំមិនឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានទេ។ 
 
ក្រោយការចាប់ខ្លួន សង្គមស៊ីវិលទាំងបីរូបនេះ មានពលរដ្ឋជាច្រើន ពិសេសកសិករនៅតាមបណ្ដាខេត្ត បាននាំគ្នាទាមទារឱ្យមានការដោះលែង កាលពីថ្ងៃទី២២ឧសភា ។ ពលរដ្ឋទាំងនោះ ក៏បាននាំគ្នាប្រមូលម្ដុំគ្នានៅខាងមុខក្រសួងមហាផ្ទៃ៕ 
 

Tag:
 CCFC
© រក្សាសិទ្ធិដោយ thmeythmey.com