អន្តរជាតិ
ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំ G7 អំពាវនាវ​ឲ្យ​មាន​ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ដែល​ចេះ​និពន្ធ«ដោយ​ទទួល​ខុសត្រូវ»
23, May 2023 , 7:29 pm        
រូបភាព
រូប​ឯកសារ៖ អេក្រង់​កុំព្យូទ័រ​មួយ​បង្ហាញ​គេហទំព័រ​នៃ​​កម្មវិធី​បញ្ញាសិប្បនិម្មិត ChatGPT កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
រូប​ឯកសារ៖ អេក្រង់​កុំព្យូទ័រ​មួយ​បង្ហាញ​គេហទំព័រ​នៃ​​កម្មវិធី​បញ្ញាសិប្បនិម្មិត ChatGPT កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
ដោយ: VOA
ក្រុម​មេដឹកនាំបណ្តា​ប្រទេសសេដ្ឋកិច្ច​ធំ G7 បាន​និយាយ​កាល​ពី​ថ្ងៃទី២០ ខែ​ឧសភា ​ថា ពិភពលោក​ត្រូវ​ធ្វើការ​វាយតម្លៃ​ជា​បន្ទាន់​លើ​ផលប៉ះពាល់​នៃបញ្ញា​សិប្បនិម្មិត​ដែល​ចេះ​និពន្ធ ឬ​ Generative AI។ ក្រុម​មេដឹកនាំ​បាន​ប្រកាស​ថា ពួកគេ​នឹង​ធ្វើ​ការ​ពិភាក្សា​នា​ឆ្នាំ​នេះ​អំពី​ការ​ប្រើប្រាស់ «ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ» ចំពោះ​បច្ចេកវិទ្យា​នេះ។

 
ក្រុម​ការងារ​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​មាន​ចាប់​ពី​សិទ្ធិ​អ្នកនិពន្ធ​ រហូត​ដល់​ព័ត៌មាន​បន្លំ នេះ​បើ​យោង​ទៅ​តាម​សេចក្តីប្រកាស​រួម​ចុង​ក្រោយ​របស់​បណ្តា​ប្រទេស G7 ដែល​បាន​ចុះផ្សាយ​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង Hiroshima ប្រទេស​ជប៉ុន។
 
បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ដែល​ចេះ​និពន្ធ​ ដូចជា កម្មវិធី ChatGPT កម្មវិធី​បង្កើត​រូបភាព​និង​ចម្រៀង​ដោយ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ​បាន​បង្ក​ឲ្យ​មាន​ការ​ពេញចិត្ត ការ​ប្រុងប្រយ័ត្ន និង​ជម្លោះ​ផ្លូវ​ច្បាប់ ស្រប​ពេល​អ្នក​បង្កើត​មាតិកា​ឌីជីថល​បាន​ចោទប្រកាន់​បច្ចេកវិទ្យា​នេះ​ថា បាន​យក​ទិន្នន័យឌីជីថល​របស់​ពួកគេ​ដោយ​មិនមាន​ការ​អនុញ្ញាត។
 
រដ្ឋាភិបាល​ទូទាំង​ពិភពលោក​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន OpenAI ដែល​បង្កើត​កម្មវិធី ChatGPT បាន​ប្រាប់​ទៅ​សមាជិក​សភា​អាមេរិក​កាល​ពី​ពាក់កណ្តាល​ខែ​ឧសភា​ថា ការ​ធ្វើ​និយ័តកម្ម​លើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​គឺ​ជា​ រឿង​សំខាន់។
 
សេចក្តី​ថ្លែងការណ៍​រូម​របស់​ក្រុម​ប្រទេស G7 បាន​លើកឡើង​ថា៖ «យើង​ទទួល​ស្គាល់តម្រូវ​ការ​ក្នុង​ការ​ពិនិត្យ​ពិច្ច័យ​លើ​ឱកាស​និង​បញ្ហា​ប្រឈម​នៃ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ចេះ​និពន្ធ ដែល​កំពុង​តែ​កាន់តែ​ពេញ​និយម​នៅ​តាម​បណ្តា​ប្រទេស​និង​វិស័យ​ផ្សេងៗ»។
 
សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា៖ «យើង​បាន​ស្នើ​រដ្ឋមន្រ្តី​ពាក់ព័ន្ធ​ឲ្យ​បង្កើត​ជា​វេទិកា​ Hiroshima AI Process តាមរយៈ​ក្រុម​ការងារ​របស់​ក្រុម​ប្រទេស G7 នៅ​ក្នុង​បែបផែន​រួម​បញ្ចូល​ដោយ​មិនរើសអើង​មួយ... សម្រាប់​ការ​ពិភាក្សា​ស្តីពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ដែល​ចេះ​និពន្ធ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ»។
 
«ការ​ពិភាក្សា​ទាំង​នេះ​រួម​មាន​ប្រធានបទ​ដូចជា​ អភិបាល​កិច្ច ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​រួម​តាំង​សិទ្ធិ​អ្នក​និពន្ធ ការ​លើក​កម្ពស់​តម្លា​ភាព ការ​ឆ្លើយតប​នឹង​ការ​បំពានលើ​ព័ត៌មាន​ពី​បរទេសដូចជា​ព័ត៌មាន​បំភ្លៃ​ពី​ការ​ពិត និង​ការ​ប្រើប្រាស់​ដោយ​ទទួល​ខុសត្រូវ​លើ​បច្ចេកវិទ្យា​ទាំង​នេះ»។
 
ក្រុម​ការងារ​ថ្មី​របស់​ក្រុម​ប្រទេស G7 នេះ នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហការ​ជាមួយ​នឹង​ក្រុម​ប្រទេស​សមាជិក​អង្គការ​សម្រាប់​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ (OECD) និង​គម្រោង​ផ្តួចផ្តើម​ភាព​ជា​ដៃគូ​ជា​សាកល​លើ​បញ្ញា​សិប្បនិម្មិត (GPAI)។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍។
 
កាល​ពី​ថ្ងៃ​អង្គារ ទី១៦ ខែ​ឧសភា នាយកប្រតិបត្តិ​ក្រុមហ៊ុន OpenAI លោក Sam Altman បាន​ផ្តល់​សក្ខីកម្ម​នៅ​មុខ​គណៈកម្មការ​ព្រឹទ្ធសភា​អាមរិក និង​បាន​ជំរុញ​ឲ្យ​សភា​ដាក់​ចេញ​នូវ​ច្បាប់​ថ្មី​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ។
លោក Sam Altman ​ទទួច​ថា នៅ​ពេល​ខាងមុខ​ បញ្ញា​សិប្បនិមិ្មត​ដែល​ចេះ​និពន្ធ ឬ​ Generative AI បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​របស់​លោក​នឹង​ «ផ្តល់​ដំណោះស្រាយ​ដល់បណ្តា​បញ្ហា​ប្រឈម​ធំ​បង្អស់​របស់​មនុស្ស​ជាតិ​ដូចជា ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ព្យាបាល​ជំងឺ​មហារីក»។
 
យ៉ាងណាក្តី លោក​បាន​បន្ត​ថា៖ «យើង​គិត​ថា ការ​អន្តរាគមន៍​ផ្នែក​និយ័តកម្ម​ពី​សំណាក់​រដ្ឋាភិបាល​នានា​នឹង​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​បង្ក​ឡើង​ដោយ​បណ្តា​កម្មវិធីបញ្ញាសិប្បនិម្មិត​ដែល​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​ឡើង»។
សមាជិក​សភា​អឺរ៉ុប​នា​ខែ​ឧសភា​នេះ ​ក៏​នឹង​ចាត់​ចំណាត់ការ​ដំបូង​ចំពោះ​និយ័តកម្ម​លើ​កម្មវិធី ChatGPT និង​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​ដទៃ​ទៀត​នៅ​ទូទាំង​សហភាព​អឺរ៉ុប។
 
សេចក្តី​លម្អិត​ទំាងស្រុងអំពី​និយ័តកម្ម​នឹង​ត្រូវ​ដាក់​ជូន​សភា​អឺរ៉ុប​នា​ខែ​មិថុនា​ មុនពេល​ការ​ចរចា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ដទៃ​ទៀត​លើ​ច្បាប់​ចុងក្រោយ។
 
ក្រុម​ប្រទេស G7 និយាយ​ថា៖ «ស្រប​ពេល​ការ​ប្រែប្រួលបច្ចេកវិទ្យា​ឆាប់​រហ័ស​កំពុង​ពង្រឹង​សង្គម​និង​សេដ្ឋកិច្ច​នានា អភិបាល​កិច្ចជា​អន្តរជាតិ​លើ​បច្ចេកវិទ្យា​ឌីជីថល​ថ្មី​មិន​ទាន់​តាម​ទាន់ល្បឿន​ទំនើបកម្ម​នោះ​ទេ»។
 
ក្រុមប្រទេស​នេះ​និយាយ​ថា សម្រាប់​បញ្ញាសិប្បនិម្មិត​និង​បច្ចេកវិទ្យា​កំពុង​លេចឡើង​ថ្មីៗ ដូចជា បច្ចេកវិទ្យា​ពិភព​ឌីជីថល Metaverse «អភិបាលកិច្ច​លើ​សេដ្ឋកិច្ច​ឌីជីថល​គួរ​បន្ត​ធ្វើ​បច្ចុប្បន្នភាពស្រប​ជាមួយ​នឹង​គុណតម្លៃ​ប្រជាធិបតេយ្យ​ជា​រូម​របស់​យើង»។
 
ក្រុម​ប្រទេស G7 ​បន្ថែមថា ​គុណតម្លៃ​ដទៃ​ទៀត​រួម​មាន​ សមភាព ការ​គោរព​ឯកជនភាព​ និង​ «ការ​ការពារ​ពី​ការ​បំពាន​តាម​អនឡាញ ការ​ស្អប់​ខ្ពើម និង​ការ​រំលោភបំពាន​ផ្សេងៗ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com