ជាតិ
សេដ្ឋកិច្ច
ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ត្រូវបានរដ្ឋាភិបាលកំណត់ជា​ប៉ូលសេដ្ឋកិច្ចទី៤
23, May 2023 , 7:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្តតម្លៃជិត១,៣លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុមព្រះសីហនុ នាថ្ងៃទី២២ឧសភា ឆ្នាំ២០២៣
សម្តេច ហ៊ុន សែន ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្តតម្លៃជិត១,៣លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុមព្រះសីហនុ នាថ្ងៃទី២២ឧសភា ឆ្នាំ២០២៣
ខេត្តចំនួន៤ ត្រូវបានប្រមុខរដ្ឋាភិបាលកំណត់យកជាប៉ូលសេដ្ឋកិច្ចទី៤​ ដែលសក្កានុពលក្នុងការផ្គត់ផ្គង់ត្រី និងអង្គរ តាមរយៈ​សហប្រតិបត្តិការ​ត្បូង​ពេជ្រ រវាងកម្ពុជា​-ចិន​​។​។​

 
ខេត្តទាំង៤នោះរួមមាន ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលសម្តេច ហ៊ុន សែន ប្រកាស​ជា​ប៉ូល​សេដ្ឋកិច្ច​ទី៤។ សម្តេច ហ៊ុន សែន ប្រកាសបែបនេះ ក្នុង​ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្តតម្លៃជិត១,៣លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុមព្រះសីហនុ ​នាថ្ងៃទី២២ឧសភា ឆ្នាំ២០២៣។

កន្លងមកសម្តេច ​និងប្រធានធិបតីប្រទេសចិន លោក ស៊ី ជីនពីង​ បាន​ឯកភាពគ្នា បង្កើត​សហប្រតិបត្តិការ​ត្បូង​ពេជ្រ។ កិច្ចសហប្រតិបត្តិការនេះ គឺមាន​គោលដៅ​កិច្ច​សហប្រតិបត្តិការ​នយោបាយ គុណភាព និង​សមត្ថភាព ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​អភិវឌ្ឍរបៀង​ឧស្សាហកម្ម និង​បច្ចេក​វិ​ទ្យា​កម្ពុជា​​។
 
​សម្តេចបន្តមានប្រសាសន៍យ៉ាងដូច្នេះ៖ «កន្លែង​យើង​ជា​កន្លែង​អភិវឌ្ឍ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា គឺ​នៅ​ចំ​គោលដៅ​កន្លែង​ហ្នឹង​តែម្តង​[តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តព្រះសីហនុ] ប៉ុន្តែ​នៅ​ច្រករបៀង​មួយទៀត គឺ​មច្ឆា និង​អង្ករ ដែល​ខ្ញុំ​នឹងដាក់​ខេត្ត​ ៤ គឺមាន​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ទៅជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤»​។​
 
​បើតាម​ការពន្យល់​រប​ស់ប្រមុខរដ្ឋាភិបាល ​លក្ខខណ្ឌ​ចំនួន​ ៣ ដែលនាំឱ្យ​កម្ពុជា​ក្លាយជា​សមាជិក​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់មួយ និង​ផ្លូវមួយ​» របស់​ចិន។ ក្នុងនោះការរក្សាបាន​សន្តិភាព និង​ការអភិវឌ្ឍ​, មិន​ប្រឆាំង​ប្រទេស​ដទៃ និង​គោរព​ម​ជ្ឈ​ភាព​របស់​អាស៊ាន​។ បន្ថែម​ពីលើ​នោះ គំនិត​ផ្តួចផ្តើម​នេះ បានផ្តល់​ផល​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។
 
​សម្តេចបន្ថែមថា​ គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់មួយ និង​ផ្លូវមួយ​» នាំឱ្យកម្ពុជា​ មាន​សមិទ្ធផល​ជាច្រើន​រួមមាន ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ផ្លូវ​ល្បឿន​លឿន​, ការតភ្ជាប់​ខ្សែ​អ៊ីន​ធឺ​ណិ​ត​ក្រោម​បាតសមុទ្រ និង​ផ្លូវ ស្ពាន​ជាច្រើន​ខ្សែ​។ 
 
ជាមួយគ្នានេះ   លោក ​វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណ​​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បានលើកឡើងថា ឆ្នាំ២០២៣ គឺជាខួបលើកទី១០ឆ្នាំ នៃគំនិតផ្តួចផ្តើមបង្កើត«​ខ្សែក្រវាត់មួយ និង​ផ្លូវមួយ​»។ លោក បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់មួយ និង​ផ្លូវមួយ»​ រវាងកម្ពុជា​និងចិន​ មិនត្រឹមនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនប្រទេសទាំងពីរនោះប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកជាវិជ្ជមានសន្តិភាព និងវិបុលភាព ក្នុងតំបន់ ផងដែរ។ 
 
ឯកអគ្គរដ្ឋទូត​សាធារណ​​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បានរំឭកថា កាលពីសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច  និង​លោក​ស៊ី ជីន​ភីង  រួមគ្នាបើក​សករាជ​ថ្មីនៃ​ការកសាង​សហគមន៍​វាសនា​រួមចិន-​កម្ពុជា និង​បាន​ឯកភាព​បង្កើត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដោយមាន​វិស័យ​អាទិភាព​ចំនួន ៦​។​ ក្នុងនោះមាន៖ ​ ១. កិច្ច​សហប្រតិបត្តិការ​នយោបាយ​ ២.​គុណភាព និង​សមត្ថភាព​ ៣.​ផលិតកម្ម​កសិកម្ម​ ៤. ថាមពល​ ៥. សន្តិសុខ និង៦. គឺ​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជា​​ជន​៕ 
 

Tag:
 ប៉ូលសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com