ជាតិ
បោះឆ្នោត
១៨បក្ស ដែលត្រូវបាន គ.ជ.ប ទទួលស្គាល់ឱ្យចូលរួមប្រកួតនៅឆ្នាំ២០២៣
23, May 2023 , 8:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណកម្មការរៀបចំការបោះឆ្នោត។ រូបភាព៖ គជប
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណកម្មការរៀបចំការបោះឆ្នោត។ រូបភាព៖ គជប
ដោយ:
គណកម្មការរៀបចំការបោះឆ្នោត(គ.ជ.ប) បានទទួលស្គាល់គណបក្សចំនួន ១៨ ជាផ្លូវការ ចំពោះការស្នើពាក្យសុំចុះបញ្ជី និងបេក្ខជនឈរឈ្មោះបោះឆ្នោត។



លោក ហង្ស ពុទ្ធា បានលើកឡើងថា ក្រៅពីគណបក្សដែលត្រូវបានទទួលស្គាល់ជាផ្លូវការនេះ គឺមានគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលគ.ជ.ប ពុំទាន់បានទទួលស្គាល់នោះទេ ព្រោះគណបក្សទាំងពីរនេះ នៅខ្វះឯកសារមួយចំនួនទៀត ដែលមិនបានបំពេញតាមលក្ខខណ្ឌនៃការបោះឆ្នោត។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២២ ឧសភា អ្នកនាំពាក្យរូបនេះ បានបន្តថា បើតាមច្បាប់នៃការបោះឆ្នោត គណបក្សដែលទទួលបានការបដិសេធពី គ.ជ.ប គឺមានពេលវេលា ៥ថ្ងៃ ដើម្បីដាក់ពាក្យបណ្ដឹងទៅរដ្ឋធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញ មានពេលត្រួតពិនិត្យរយៈពេល១០ថ្ងៃ ដើម្បីឆ្លើយតបជាមួយពាក្យបណ្ដឹង។ 
 
បើតាមលោក ហង្ស ពុទ្ធា បច្ចុប្បន្នគណបក្សភ្លើងទៀន បានដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញរួចហើយ តែសម្រាប់គណបក្សមហាសាមគ្គីជាតិខ្មែរ ពុំទាន់បានដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។
 
សូមជម្រាបថា គណបក្សដែលត្រូវបានទទួលស្គាល់ផ្លូវការ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សបំណងពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្រ្តីដើម្បីស្រ្តី, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច, គណបក្សចលនាជាតិប្រជាធិបតេយ្យកម្ពុជា,គណបក្សកសិករ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕
 
 

Tag:
 គណបក្ស
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com