កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ជាង៤០ឆ្នាំក្រោយ កម្ពុជាឈ្នះមេដាយមាសបាល់បោះស៊ីហ្គេមលើកដំបូង
24, May 2023 , 10:18 am        
រូបភាព
ក្រុមបាល់បោះជម្រើសជាតិកម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
ក្រុមបាល់បោះជម្រើសជាតិកម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
ដោយ:
លោក ហ៊ុន ប៊ុនធឿន គ្រូជំនួយក្រុមបាល់បោះជម្រើសជាតិកម្ពុជា សប្បាយរីករាយជាខ្លាំងក្រោយកម្ពុជាអាចឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៧៩មក។ ស្របពេលគ្នានេះ លោក ប៊ុនធឿន រំភើបចិត្តដែលសន្ទុះអ្នកគាំទ្របាល់បោះកម្ពុជា ច្រើនលើសការរំពឹងទុក។

 
ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅ កម្ពុជាអាចដណ្តើមបានមេដាយមាស១ និងប្រាក់១ ពីការប្រកួតកីឡាស៊ីហ្គេមដែលបានរង់ចាំជាង៤០ឆ្នាំ។ លោក ហ៊ុន ប៊ុនធឿន គ្រូជំនួយក្រុមបាល់បោះកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា នេះជាលើកទីមួយដែលខ្លួនបានរួមចំណែកជាមួយក្រុមដណ្តើមបានមេដាយមាស និងប្រាក់ជូនជាតិ។
 

លោក ហ៊ុន ប៊ុនធឿន (រាប់ពីឆ្វេងទី២) ជាមួយក្រុមបាល់បោះជម្រើសជាតិកម្ពុជា។
 
លោក ហ៊ុន ប៊ុនធឿន និយាយថា៖«បាទ! តាំងពីឆ្នាំ១៩៧៩ រហូតមកដល់២០២២ យើងពុំធ្លាប់ឈ្នះមេដាយមាសទេ ទើបតែស៊ីហ្គេមលើកទី៣២ នៅកម្ពុជាយើងនេះទើបបានឈ្នះមេដាយមាស និងប្រាក់»។ ការឈ្នះមេដាយនេះដែរលោក ប៊ុនធឿន ថាជាមោទកភាពខ្លាំងសម្រាប់នាមជាពលរដ្ឋកម្ពុជា មួយរូប។
 
អ្វីដែលអស្ចារ្យសម្រាប់នាមជាមន្រ្តីគ្រូជំនួយនៃក្រុមបាល់បោះជម្រើសជាតិ លោក ហ៊ុន ប៊ុនធឿន ស្ញើចសរសើរពីកម្លាំងចិត្តនៃអ្នកគាំទ្រដែលទៅគាំទ្រការប្រកួតរបស់ក្រុមជម្រើសជាតិទាំងបុរស និងនារី គឺច្រើន ដែលជាអ្វីធ្វើឱ្យលោកសប្បាយចិត្តជាខ្លាំង។ លោក ប៊ុនធឿន និយាយទាំងក្តីរំភើបថា៖«សម្រាប់ស៊ីហ្គេមនៅកម្ពុជា ខ្ញុំសប្បាយរីករាយនូវពេលដែលឃើញអ្នកគាំទ្រច្រើន ខ្ញុំមិនដែលគិតថាមានអ្នកគាំទ្រច្រើនបែបនេះទេពីមុនមក»។
 
គួបញ្ជាក់ថា បាល់បោះកម្ពុជា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាបុរស ៣ទល់៣ និងមេដាយប្រាក់១ លើវិញ្ញាសាបុរស ៥ទល់៥ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 កីឡាបាល់បោះ
 ហ៊ុន ប៊ុនធឿន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com