កីឡាជាតិ
ជាតិ
សមាជិកអ្នកស្នងគុនខ្មែរ៣រូបនៅក្រៅប្រទេស មានមហិច្ឆតាបង្ហាញក្បាច់គុនដូនតាទៅពិភពលោក
24, May 2023 , 9:59 pm        
រូបភាព
លោក ធីម សៀងហៃ (ស្តាំ) ពេលដឹកនាំសិស្សគុន ប្រកួតនៅលើទឹកដីបារាំង។ រូបពី សៀងហៃ គុនខ្មែរ
លោក ធីម សៀងហៃ (ស្តាំ) ពេលដឹកនាំសិស្សគុន ប្រកួតនៅលើទឹកដីបារាំង។ រូបពី សៀងហៃ គុនខ្មែរ
ដោយ:
សមាជិកអ្នកស្នងគុនខ្មែរ ៣រូបសុទ្ធតែមានឆន្ទៈរក្សាក្បាច់គុនបុរាណខ្មែរ និងចង់បង្ហាញឱ្យបរទេសបានស្គាល់អំពី«គុនខ្មែរ»។ លោក ធីម សៀងហៃ លោក ខុន រាជ និងលោក រិទ្ធ អារុណ ដែលកំពុងរស់នៅក្រៅប្រទេស មានមនសិកាស្រលាញ់ និងចងង់រក្សា និងបង្ហាញកីឡាប្រពៃណីរបស់ដូនតាមួយនេះទៅកាន់ពិភពលោក។


 
លោក ធីម សៀងហៃ ដែលគេស្គាល់ថា គ្រូប្រដាល់វ័យក្មេង ឬសៀងហៃ គុនខ្មែរ កំពុងរស់នៅលើទឹកដីបារាំង និងបានបង្ហាត់គុនខ្មែរនៅទីក្រុងបក់ដូ(Bordeaux) បង្ហាញចំណាប់អារម្មណ៍ចំពោះការរក្សា និងលើកតម្កើងគុនខ្មែរនៅក្រៅស្រុកថា ខ្លួនស្រលាញ់កីឡាប្រដាល់គុនខ្មែរតាំងពីតូច និងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីឱ្យពិភពលោកបានស្គាល់ពីកីឡាមួយនេះ។
 
គ្រូក្មេងសៀងហៃ ប្រាប់សារព័ត៌មានថ្មីៗថា៖«ខ្ញុំនៅបារាំង គឺប្រឹងប្រែងបង្ហាត់សិស្សផង បង្ហាញក្បាច់គុនខ្មែរយើង ទោះគេមកហាត់ដើម្បីបែកញើសសុខភាពក៏ខ្ញុំប្រាប់គេដែរថា ក្បាច់ស្នៀតបែបនេះ គឺរបស់ខ្មែរអ៊ីចឹង! ហើយខ្ញុំនឹងបន្តផ្សាយពីគុខ្មែរនេះឱ្យពិភពលោកបានស្គាល់ពីគុនខ្មែរ»។
 
ចំណែកអ្នកប្រដាល់ចាស់វស្សា លោក រិទ្ធ អារុណ បង្ហាញអារម្មណ៍ស្រដៀងគ្នាដែរជុំវិញការរក្សាគុនខ្មែរ និងចង់ផ្សព្វផ្សាយឱ្យបរទេសបានស្គាល់។ ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកគ្រូប្រដាល់គុនខ្មែរ នៅលើទឹកដីជប៉ុន ក្នុងក្លិប S-GYM Kickboxing បញ្ជាក់ថា អ្វីដែលខ្លួនធ្វើបាននឹងប្រឹងប្រែងទោះមានឧបសគ្គអ្វីក៏មិនរាថយដែរ។
 

លោក រិទ្ធ អារុណ (កណ្តាល) ពេលសម្តែងគុនខ្មែរ នៅប្រទេសជប៉ុន។ រូបពី រិទ្ធ អារុណគុនខ្មែរ
 
លោក រិទ្ធ អារុណ និយាយថា៖«រឿងគុនខ្មែរ ខ្ញុំចង់ឱ្យបរទេសស្គាល់ពីគុនរបស់ខ្មែរឱ្យបានច្រើន ហើយចង់ឱ្យគុនខ្មែររីកចំរើនទៅមុខ។ សម្រាប់ខ្ញុំនៅទីនេះប្រឹងសម្តែងឱ្យខាងជប៉ុនគេបានស្គាល់ពីក្បាច់គុនរបស់ខ្មែរ»។ លោក រិទ្ធ អារុណ បន្ថែមថា ខ្លួនព្យាយាមសម្តែងតាមវត្តខ្មែរដែលនៅប្រទេសជប៉ុន និងបានសម្តែងតាមផ្សារជាការផ្សព្វផ្សាយពីគុនខ្មែរ។
 
រីឯលោក ខុន រាជ គ្រូប្រដាល់នៅក្លិបប្រដាល់ S-GYM Kickboxing នៅខេត្តហុកកៃដូ ប្រទេសជប៉ុន ក៏មិនមានអ្វីនិយាយខុសពីលោក អារុណ និងលោក សៀងហៃ ដែរ រយៈពេលជាង៧ឆ្នាំ បង្ហាញឆន្ទៈ និងការប្តេជ្ញាជួយផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេសឱ្យបានតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន។
 

លោក ខុន រាជ (ឆ្វេង) និងលោក រិទ្ធ អារុណ (ស្តាំ) ក្នុងការប្រកួតនៅប្រទេសជប៉ុនកន្លងទៅ។ រូបពី ខុន រាជ
 
 
លោក ខុន រាជ និយាយថា៖«សម្រាប់ខ្ញុំគឺ ចង់ឃើញគុនខ្មែររះលើឆាកអន្តរជាតិ ហើយបរទេសបានស្គាល់ពីគុនខ្មែរបានច្រើន។ ខ្ញុំប្រឹងប្រែងណែនាំខាងជប៉ុននេះអ្នកខ្លះគេមិនសូវស្គាល់ ខ្ញុំព្យាយាមបង្ហាញ និងពន្យល់គេតាមដែលអាចធ្វើបាន»៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 អ្នកស្នងគុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com