ជាតិ
ល្បែងអនឡាញ ចាប់ផ្ដើមងើបឡើងវិញហើយ នៅតាមភូមិ ឃុំ
11, Aug 2023 , 4:29 pm        
រូបភាព
ល្បែងស៊ីសងតាមអនឡាញ ចាប់ផ្ដើមងើបឡើងវិញ នៅតាមភូមិ ឃុំ ក្រោយអាជ្ញាធរចុះបង្ក្រាបតាមមូលដ្ឋាន កាលពីឆ្នាំមុន តាមបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។



នៅតាមហាងបាយ ហាងកាហ្វេ និងតាមសំយ៉ាបផ្ទះ នៅតាមមូលដ្ឋាននោះ គេសង្កេតឃើញមានបញ្ជរលេងល្បែងឆ្នោតឡូតូ ,ភ្នាល់ឆ្នាំ ឬយូគី និងជល់មាន់ តាមអនឡាញជាដើម កំពុងបើកដំណើរការឡើងវិញជាបណ្ដើរហើយ ក្រោយផ្អាកសកម្មភាពមួយរយៈពេលខ្លី។ សកម្មភាពលបលួចលេងល្បែងស៊ីសងទាំងនេះ គឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំ ដោយដាក់បង្ហាញតាមអេក្រង់ទូរទស្សន៍ ឬផ្ទាំង LCD ដូចមុនឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកប្រព្រឹត្តល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ឬ Laptop ដើម្បីភ្នាល់ល្បែង។
 
សកម្មភាពពួកគេ ហាក់កំពុងបន្លំភ្នែកអាជ្ញាធរ ដោយមើលទៅដូចជាពួកគេកំពុងពិភាក្សាការងារនៅពីមុខកុំព្យូទ័រអ៊ីចឹង តែធាតុពិតពួកគេកំពុងលបលួចលេងល្បែងតាមអនឡាញប៉ុណ្ណោះ។ សម្រាប់ទីតាំងលេងល្បែងអនឡាញនេះ តែងតែអះអាងថា ក្រុមហ៊ុនខ្លួន មានអាជ្ញាបណ្ណត្រឹមត្រូវស្របច្បាប់។
 
បើទោះជាពួកគេ អះអាងថា មានច្បាប់ត្រឹមត្រូវក្តី ប៉ុន្តែវាក៏កំពុងដើរបញ្ច្រាសគ្នា ជាមួយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងលុបបំបាត់ល្បែងស៊ីសង តាមមូលដ្ឋានរបស់រដ្ឋាភិបាលផងដែរ។
 
កាលពីខែកញ្ញា ឆ្នាំ២០២២ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញវិធានការដាច់ណាត់មួយ ដោយបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយមានការរិះគន់។ សម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងតំបន់ផងដែរ។
 
«ខ្ញុំមិនស្ទាក់ស្ទើក្នុងការដកតំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា​មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន ។ យើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអានាធិបតេយ្យក្នុងបនល្បែងទៀតទេ»។ នេះជាសារសម្ដេច ហ៊ុន សែន កន្លងមក។
 
ជុំវិញបញ្ហាល្បែងស៊ីសង ត្រូវបានអ្នកតាមដានសង្គម ធ្លាប់លើកឡើងថា វាគឺជាដើមចម ដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានករណីចោរលួច ចោរប្លន់ ដែលបង្កភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ៕

អត្ថបទទាក់ទង
 
 

Tag:
 ល្បែងស៊ីសង
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com