ជាតិ
សង្គមជាតិ
អាជ្ញាធរកំពង់ចាម ចុះព័ទ្ធដីបឹងចារ ទុកជាសម្បត្តិរដ្ឋ ក្រោយជនខិលខូចលួចឈូសឆាយ​
25, May 2023 , 11:59 am        
រូបភាព
លោក ឌុច ភាស់ អះអាងថា អាជ្ញាធរ ករណីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គប់គិតគ្នាឈូសឆាយដីបឹងចារ។ ប៉ុន្តែ ក្រោយមកលោកក៏បកស្រាយថាជាការយល់ច្រឡំ។ រូបពី វីដេអូរបស់រដ្ឋបាលខេត្តកំពង់ចាម
លោក ឌុច ភាស់ អះអាងថា អាជ្ញាធរ ករណីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គប់គិតគ្នាឈូសឆាយដីបឹងចារ។ ប៉ុន្តែ ក្រោយមកលោកក៏បកស្រាយថាជាការយល់ច្រឡំ។ រូបពី វីដេអូរបស់រដ្ឋបាលខេត្តកំពង់ចាម
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បកស្រាយថា ដីតំបន់បឹងចារ ត្រូវបានជនខិលខូចលួចឈូសឆាយ អស់ប្រមាណ១ហិកតា ដើម្បីយកដីនោះ ឱ្យអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិដីធ្លីឱ្យពួកគេ។ ប៉ុន្តែ អាជ្ញាធរក្ដាប់ព័ត៌មានបាន ហើយក៏ចុះព័ន្ធដីតំបន់នោះ ទុកជាសម្បត្តិរបស់រដ្ឋ។

 
មុននឹងអាជ្ញាធរ បកស្រាយពីបញ្ហាដីធ្លីតំបន់បឹងចារនេះ គឺមានការចែកចាយវីដេអូ ដោយលោក ឌុច ភាស់ លើតាមបណ្ដាញសង្គម ហើយចោទអាជ្ញាធរគប់គិតគ្នាឈូសឆាយដីបឹងចារ នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ។ លុះដល់ថ្ងៃទី២៤ឧសភា រដ្ឋបាលខេត្តកំពង់ចាម ក៏ចេញសេចក្ដីប្រកាសព័ត៌មានថា បុរសនោះ បានចេញមុខសុំទោស ដោយសារមានយល់ច្រឡំ។ 
 
ជាមួយគ្នាដែរ រដ្ឋបាលខេត្តក៏បានស្រាយបំភ្លឺបន្ថែមទៅសាធារណជនថា សព្វថ្ងៃនេះ ក្រុមការងារខេត្តចុះបញ្ជីដីធ្លី កំពុងធ្វើការនៅតំបន់បឹងចារ យ៉ាងយកចិត្តទុកដាក់ ហើយក៏បានហាមឃាត់ការចុះបញ្ជីដីធ្លី ដែលមានភាពមិនប្រក្រតីផងដែរ។ អាជធរ បានបញ្ជាក់ថា ករណីមានជនខិលខូចលួចឈូសឆាយតំបន់បឹងចារនេះ ដោយសារអាជ្ញាធរកំពុង រវល់ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ទើបធ្វើឱ្យមានជនឆ្លៀតឱកាស ។ 
 
«ចំពោះការឈូសឆាយដីទំហំប្រហែល មួយហិកតា ជាល្បិចកលរបស់ជនខិលខូច ដែលមានចេតនាឈូសឆាយឱ្យបានស្អាត ដើម្បីបន្លំមន្ត្រីចុះវាស់វែងឱ្យបានចុះបញ្ជីដីនោះជូនពួកគេ។ ប៉ុន្តែដោយក្ដាប់បានព័ត៌មាននេះ ក្រុមការងារចម្រុះខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះកំណត់ដីផ្ទៃបឹងចារ ដែលភូមិកេ្សរ ភូមិព្រែករំដេង ភូមិកំពង់ព្នៅ និងភូមិតាង៉កថ្មី ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដើម្បីឃ្លុំរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋរួចរាល់»។ នេះជាការបកស្រាយរបស់រដ្ឋបាលខេត្តកំពង់ចាម ។ 
 
អាជ្ញាធរអំពាវនាវឱ្យសាធារណជនបញ្ឈប់ចែកចាយព័ត៌មានមិនពិត នាំឱ្យមានការយល់ច្រឡំ។ លើសពីនេះ អាជ្ញាធរ ក៏ព្រមានចាត់វិធានការលើជនណា ដែលមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងន័យមូលបង្កាច់លើអាជ្ញាធរ៕ 
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com