អន្តរជាតិ
ជប៉ុន នឹងផ្ដល់រថយន្តយោធា១០០គ្រឿងឱ្យអ៊ុយក្រែន
25, May 2023 , 3:43 pm        
រូបភាព
ជប៉ុន នឹងប្រគល់រថយន្តយោធា១០០គ្រឿងឱ្យអ៊ុយក្រែនដើម្បីបម្រើការក្នុងយុទ្ធនាការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី​ ស្របពេលដែលទីក្រុងតូក្យូចង់ឱ្យទីក្រុងកៀវមានរថយន្តដែលអាចប្រើប្រាស់ក្នុងគោលបំណងច្រើនយ៉ាងបន្ថែមពីអ្វីដែលបានផ្ដល់ហើយកន្លងមកមានសម្លៀកបំពាក់ និងមួកការពារ។

 
ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី២៥ ខែឧសភា បានរៀបចំពិធីមួយដើម្បីប្រគល់រថយន្ត១០០គ្រឿងឱ្យអ៊ុយក្រែន។​ អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន Toshiro Ino បានប្រគល់បញ្ជីឈ្មោះរថយន្ត៣ប្រភេទដល់អគ្គរដ្ឋទូតអ៊ុយក្រែន Sergiy Korsunsky ។
 
«យើងសង្ឃឹមថាសង្រ្គាមនឹងឆាប់ចប់ ហើយការរស់នៅសន្តិភាពនឹងវិលមកវិញ។ យើងនឹងផ្ដល់ឱ្យច្រើនតាមតែអាចធ្វើបាន។» លោក Ino បញ្ជាក់បែបនេះ។
 
ការប្រគល់រថយន្តយោធានេះ ធ្វើឡើងខណៈដែលទីក្រុងតូក្យូកំពុងបន្ធូរបន្ថយគោលនយោបាយផ្ទេរសម្ភារយោធាក្រោមគោលនយោបាយការពារជាតិថ្មីដែលអនុញ្ញាតឱ្យយោធាជប៉ុនមានតួនាទីប្រយុទ្ធកាន់តែធំជាងមុន ខុសពីគោលនយោបាយចាស់ដែលជប៉ុនអាចត្រឹមការពារខ្លួនប៉ុណ្ណោះ។​ ទោះជាយ៉ាងណា ជប៉ុននៅបន្តផ្ដល់ឱ្យអ៊ុយក្រែននូវសម្ភារៈសឹកដែលមិនសម្លាប់ជីវិត ផ្ទុយពីលោកខាងលិចដែលផ្ដល់រថក្រោះ កាំភ្លើងតូចធំ និងយន្តហោះចម្បាំងនោះ។
 
ក្រៅពីជួយផ្ដល់សម្ភារៈ និងជំនួយសេដ្ឋកិច្ចឱ្យអ៊ុយក្រែន ជប៉ុន ក៏បានចូលរួមជាមួយលោកខាងលិចលើការដាក់ទណ្ឌកម្មជាបន្តលើរុស្ស៊ីផងដែរ។​ មកទល់ពេលនេះ ជប៉ុនផ្ដល់ជំនួយដែលមានទំហំដល់ទៅជាង៧ពាន់លានដុល្លារឱ្យអ៊ុយក្រែន។ 
 
លើសពីនោះ ជប៉ុនក៏ទទួលជនភៀសខ្លួនអ៊ុយក្រែនច្រើនជាង២ពាន់នាក់ថែមទៀត ហើយក៏ផ្ដល់ផ្ទះសម្បែង និងឱកាសការងារ និងអប់រំ ដែលជាចំណាត់ការកម្រមួយសម្រាបជប៉ុនដែលជាប្រទេសមានគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹង៕
 

Tag:
 ជប៉ុន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com