ជាតិ
រដ្ឋមន្រ្តីកសិកម្ម ណែនាំឱ្យកសិករប្រើសូឡាបូមទឹក និងអគ្គិសនីសម្រាប់កសិកម្មដើម្បីបន្ថយចំណាយ
25, May 2023 , 7:59 pm        
រូបភាព
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំឱ្យកសិករប្រើប្រាស់សូឡាបូមទឹកនិងអគ្គិសនីសម្រាប់កសិកម្ម ដើម្បីបន្ថយចំណាយក្នុងការផលិត បង្កើនចំណូលនិងមាននិរន្តរភាពសេដ្ឋកិច្ចផងដែរ។ លោក លើកឡើងដូច្នេះ នៅ​ក្នុង​ដំណើរទស្សនកិច្ចបណ្ដុំអាជីវកម្មបន្លែនៅខេត្ត​ក្រចេះ កាល​ពី​ថ្ងៃទី​២៣ ឧសភា។​

 
ក្នុងដំណើរទស្សនកិច្ចបណ្ដុំអាជីវកម្មបន្លែនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែកណ្តាល ស្រុកចិត្របុរី ខេត្តក្រចេះ លោក ឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម(GDA) សិក្សាបន្ថែមអំពីផ្ទះសំណាញ់សម្រាប់កសិករដាំដុះបន្លែសុវត្ថិភាពឱ្យចេញជាស្តង់ដាតែមួយ។ 
 
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លើសពីនេះលោកក៏ជំរុញឱ្យកសិករប្រើប្រាស់សូឡាបូមទឹកខ្នាតតូច និងអគ្គិសនីសម្រាប់កសិកម្មដោយស្នើការជួយសម្រួលពីអាជ្ញាធរខេត្តដើម្បីជួយសម្រួលដល់កសិករកាត់បន្ថយចំណាយក្នុងផលិតកម្ម និងនិរន្តរភាពសេដ្ឋកិច្ច។
 
 
រដ្ឋមន្រ្តីរូបនេះ ក៏ស្នើឱ្យមន្រ្តីកសិកម្មខេត្តក្រចេះបន្តជំរុញកសិករឱ្យដាំដុះបន្លែសុវត្ថិភាព ស្វែងរកទីផ្សារសម្រាប់កសិករនិងរៀបចំផែនការផលិតកម្មច្បាស់លាស់ ដើម្បីធានាស្ថិរភាពការផ្គត់ផ្គង់តម្លៃទីផ្សារល្អ និងបង្កើនប្រាក់ចំណេញ។

រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញពីខេត្តក្រចេះនៅថ្ងៃទី២៣ ខែឧសភាដដែលនោះ លោក ឌិត​ ទីណា បានបន្តទស្សនកិច្ចសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិកោះក្រូច ឃុំស្រែក្រសាំងនិងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្ថិតនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាលស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោក បានស្នើអភិបាលខេត្តស្ទឹងត្រែងឱ្យបន្តជួយគាំទ្រលើដំណាំសក្ដានុពលទាំងពីរនេះ ក្នុងការផលិត និងការកែច្នៃដូចជាទឹកម្នាស់ ឬស្រាម្នាស់ និងការកែច្នៃគ្រាប់ស្វាយចន្ទី។ ទន្ទឹមនឹងនេះ លោក ទីណាស្នើឱ្យខេត្តសម្របសម្រួលឱ្យកសិករទទួលបានប្រាក់កម្ចីសម្រាប់ផលិតកម្ម
អាជីវកម្មក្នុងអាត្រាការប្រាក់ទាបដើម្បីពង្រីកអាជីវកម្មឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចផងដែរ៕

រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 

Tag:
 សូឡាបូមទឹក
 ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com