កីឡាជាតិ
ជាតិ
លោក ភា សុភក្ដ្រា សម្រេចលាឈប់ជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ក្រោមហេតុផល៣យ៉ាង
26, May 2023 , 3:09 pm        
រូបភាព
លោក ភា សុភក្ដ្រា ធ្វើកាយវិការប្រាប់កីឡាករ រូបពីហ្វេសបុក អ៊ុក សុធី
លោក ភា សុភក្ដ្រា ធ្វើកាយវិការប្រាប់កីឡាករ រូបពីហ្វេសបុក អ៊ុក សុធី
លោក ភា សុភក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានប្រកាសលារឈប់ពីក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ការសម្រេចចិត្តរបស់គ្រូជំនួយនេះ គឺក្រោមហេតុផលដូចជា៖ ការទទួលខុសត្រូវ, កម្រិតសមត្ថភាព និងផ្ដល់ឱកាសដល់អ្នកផ្សេង។



លោក ភា សុភក្ដ្រា ត្រូវបានជ្រើសជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា នាដើមឆ្នាំ២០១៩។ យោងទៅលើសំណេរ របស់គ្រូជំនួយនេះ នៅលើហ្វេសបុក លោក សុភក្ដ្រា ហាក់ដូចជាយល់ថា កិច្ចការ និងតួនាទីនេះ សម្រាប់លោក គឺខ្វះខាត និងត្រូវពង្រឹងបន្ថែម។ ម្យ៉ាងវិញទៀត លោក សុភក្ដ្រា យល់ថា អាចជាឱកាសសម្រាប់អ្នកមានសមត្ថភាពណាមួយ ចូលមកជំនួសតំណែងនេះ។
 
«២០១៩-២០២៣ អរគុណ​គ្រប់យ៉ាង​មានទាំងក្រៀមក្រំ​ និងរីករាយ ទាំងការគាំទ្រលើទឹកចិត្ត និង​មតិយោបល់។ នេះជាការសម្រេចចិត្តដ៏លំបាកម្តងទៀត​ដោយផ្អែកលើគោលការណ៍៣៖ ទំនួលខុសត្រូវ, កម្រិតសមត្ថភាព និងផ្តល់ឱកាសដល់អ្នកផ្សេង។»។ លោក ភា សុភក្ដ្រា បានសរសេរ​ដូច្នេះ។
 
គ្រូជំនួយរូបនេះ ក៏បានបង្ហើបប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុ​កផងដែរថា ចង់សម្រាក និងទុកពេលវេលាខ្លះ សម្រាប់គ្រួសារ។
 
បន្ទាប់ពីបង្ហោះសារនេះរួច អ្នកជំនាញក្នុងវិស័យបាល់ទាត់មួយចំនួន បានសម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់លោក សុភក្ដ្រា ដោយចាត់ទុកថានេះ គឺជាការបាត់នូវបុគ្គល ដែលមានសមត្ថភាពពីវិស័យកីឡាបាល់ទាត់។ ចំណែកអ្នកខ្លះទៀត ក៏សង្ឃឹមដែរថា លោក សុភក្ដ្រា នឹងអាចត្រឡប់មកធ្វើក្នុងវិស័យបាល់ទាត់ ហើយរួមអាជីព និងជួយវិស័យបាល់ទាត់កម្ពុជា ជាមួយគ្នា។
 
លោក អ៊ុក សុធី បានសរសេរលើហ្វេសបុកដូច្នេះថា៖«នេះជាបាល់ទាត់ ហើយខ្ញុំគោរពការសំរេចចិត្តរបស់បង។ សម្រាប់ខ្ញុំ បងជាបងប្រុសដ៍ល្អរបស់ខ្ញុំ ដែលតែងតែមើលថែប្អូនៗពេលដែលយើងមានការប្រមូលផ្តុំក្នុងស្រុក ឬពេលដែលទៅក្រៅប្រទេស ឆ្ងាយពីគ្រួសារ។ ខ្ញុំសូមជូនពរបងឲ្យទទួលជោគជ័យនាពេលខាងមុខ នឹងសង្ឃឹមថាយើងធ្វើការបាល់ទាត់ជាមួយគ្នាទៀត ដើម្បីបាល់ទាត់កម្ពុជា។»៕
 

Tag:
 ភា សុភក្ដ្រា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com