អន្តរជាតិ
វិមានក្រេមឡាំងថា សេវាសន្តិសុខរុស្ស៊ីដឹងពីការងាររបស់ខ្លួន ខណៈលោក ពូទីន ​ជាគោលដៅ​របស់​អ៊ុយក្រែន
26, May 2023 , 8:29 pm        
រូបភាព
វិមានក្រេមឡាំង អះអាងថា សេវាសន្តិសុខរបស់រុស្ស៊ីដឹងពីអ្វី​ដែល​ពួកគេ​កំពុងធ្វើលើការការពារប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បន្ទាប់ពី​មន្ត្រីចារកម្ម​អ៊ុយក្រែន​និយាយថា ប្រធានាធិបតីសរុស្ស៊ីស្ថិតក្នុង​លំដាប់ទីមួយក្នុងបញ្ជីគោលដៅរបស់ក្រុងកៀវ។

 
អនុប្រធានសេវាចារកម្មយោធាអ៊ុយក្រែន Vadym Skibitsky បានប្រាប់កាសែត Die Welt រប​ស់​អាល្លឺម៉ង់ក្នុងបទសម្ភាសមួយថា ក្រុងកៀវចង់ធ្វើឃាតលោក វ៉្លាឌីមៀ ពូទីន ចំពោះការសម្រេចចិត្តចធ្វលសង្គ្រាមនៅអ៊ុយក្រែន។ 
 
«ប៉ុន្តែនៅទីបញ្ចប់ ពួកគេគ្រប់គ្នានឹងត្រូវឆ្លើយចំពោះសកម្មភាពរបស់ពួកគេ។ លោក ពូទីន សង្កេត​ឃើញថា ឃាតករកាន់តែខិតទៅជិតលោកហើយ ប៉ុន្តែលោកក៏ខ្លាចត្រូវបានសម្លាប់​ដោយ​ប្រជាជន​ខ្លួន​ឯងដែរ»។ កាសែត Die Welt ស្រង់សម្តីលោក Skibitsky បែបនេះ រួចក៏រៀបរាប់​បុគ្គល​ដែល​ជា​គោល​ដៅផ្សេងៗទៀតមានមេនាយទាហានស៊ីឈ្នួល Yevgeny Prigozhin រដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ប្រធានអគ្គសេនាធិការ Valery Gerasimov និងមេបញ្ជាការយោធា Sergei Surovikin។ 
 
យ៉ាងណាមិញ ការធ្វើឃាតលោក ពូទីន ជារឿងដ៏លំបាកមួយ ដោយសារតែលោកត្រូវបានការពារយ៉ាងមុតមាំនៅកន្លែង។ ប៉ុន្តែបច្ចុប្បន្ន លោកបានចាប់ផ្តើមបង្ហាញមុខជាសាធារណៈញឹកញាប់ជាងមុន។ ចំណែកវិមានក្រេមឡាំងវិញ ក៏មិនហាក់បារម្ភពីរឿងនេះ ដោយសារមានអង្គភាពសម្ងាត់ចាំការពារប្រធានាធិបតីដែរនោះ។
 
នៅពេលសួរថាវិធានការដើម្បីការពារលោក ពូទីន អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ប្រាប់​ទូរទស្សន៍រដ្ឋនាថ្ងៃទី២៥ ខែឧសភាថា សេវាសន្តិសុខរបស់រុស្ស៊ីដឹងពីការងាររបស់ពួកគេ និង​ដឹងពី​អ្វី​ដែលពួកគេកំពុងធ្វើហើយ។ លោក Peskov សម្គាល់បន្ថែមថា កិច្ចសម្ភាសរបស់លោក Skibitsky ជា​ការបញ្ជាក់ថា រុស្ស៊ី​មាន​ភាព​ត្រឹម​ត្រូវ​ក្នុងការចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា ប្រតិបត្តិការ​យោធា​ពិសេស​នៅអ៊ុយក្រែនកាលពី១៥ខែមុន។ 
 
«របបភេរវករកំពុងនិយាយអំពីសេចក្តីប្រាថ្នារបស់ភេរវករ។ ប្រតិបត្តិការយោធាពិសេសគឺមានភាព​យុត្តិធម៌លើសពីការចាំបាច់ ហើយត្រូវតែបញ្ចប់ដោយការសម្រេចបាននូវគោលដៅ»។ លោក Peskov សង្កត់ធ្ងន់បែបនេះ។
 
កាលពីដើមខែនេះ វិមានក្រេមឡាំងក៏រងការវាយប្រហារដោយដ្រូនពីអ៊ុយក្រែនផងដែរ។ ប៉ុន្តែលោក ពូទីន មិនមានបញ្ហាអ្វីឡើយ៕
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com