កីឡាជាតិ
ជាតិ
លោក ឃឹម បុរី៖ ណាហ្គាវើលដ៏ មាន១គ្រាប់ក្នុងដៃ ប៉ុន្ដែត្រូវប្រឹងបន្ថែម និងមានស្មារតីប្រកួតខ្លាំងជាងជំនួបជើងទី១
27, May 2023 , 2:29 pm        
រូបភាព
ការប្រកួតក្រុមបាល់ទាត់ណាហ្គាវើលដ៍ និងវិសាខា នៅជំនួបជើងទី១ រូបពី Cambodian Premier League
ការប្រកួតក្រុមបាល់ទាត់ណាហ្គាវើលដ៍ និងវិសាខា នៅជំនួបជើងទី១ រូបពី Cambodian Premier League
ដោយ៖ គឹម មករា (បាល់ទាត់, Cambodian League Cup) កីឡាជាតិ
ណាហ្គាវើលដ៍ បានយកឈ្នះលើ វិសាខា លទ្ធផល ១-០ ក្នុងវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ជំនួបជើងទី១ នៃការប្រកួតពានរង្វាន់លីគខាប់ (Cambodian League Cup) នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ហើយក្រុមទាំងពីរ ត្រូវជួបគ្នាម្ដងទៀត នៅយប់ម៉ោង៦:៣០ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋានព្រីនស៍។ លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ បាននិយាយថា បើទោះជាមានភាពកក់ក្ដៅ ព្រោះមាន ១គ្រាប់ឈ្នះ ក្នុងជើងទី១ក៏ដោយ ប៉ុន្ដែក្រុមរបស់លោក ក៏ត្រូវតែមានស្មារតីប្រកួតប្រជែង និងមិនត្រូវធ្វេសប្រហែសឡើយ។
លោក ឃឹម បុរី បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមដូច្នេះថា ណាហ្គាវើលដ៍ បានត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ជំនួ​បជើងទី២នេះ។ ម្យ៉ាងវិញទៀត កីឡាករ ដែលមានបេសកកម្ម នៅស៊ីហ្គេម ក៏បានបញ្ចប់ ហើយត្រឡប់មកចូលរួមជាមួយក្លិបវិញដែរ។ 
បើទោះជាមាន ១គ្រាប់សម្រាប់ក្រុម ហើយមានភាពកក់ក្ដៅខ្លះ ដែលសម្លឹងឃើញកៅអី វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្ដែគ្រូបង្វឹករូបនេះ នៅតែមានស្មារតីត្រៀមជានិច្ច ក្នុងជំនួបជើងទី២។ ពិតណាស់មួយគ្រាប់សម្រាប់ណាហ្គាវើលដ៍ គឺមិនទាន់កក់ក្ដៅប៉ុន្មានទេ សម្រាប​ក្រុម តែយ៉ាងហើយណាស់ កីឡាករ អាចមិនសូវជាមានសម្ពាធខ្លាំង សម្រាប់ការប្រកួតនៅកីឡដ្ឋានព្រីនស៍ ដែលជាទីតាំងរបស់ក្លិបវិសាខា។
«យើង មានគ្រាប់ចំណេញមួយ។ ប្រាកដណាស់ យើងពិតជាមានភាពកក់ក្តៅ ប៉ុន្តែពួកយើងត្រូវតែពង្រឹងស្មារតីយើងគ្រប់វីនាទី រហូតដល់ចប់ការប្រកួត។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
ដោយឡែក សម្រាប់ការត្រៀមខ្លួនរបស់ក្រុមវិសាខា សារព័ត៌មានថ្មីៗ មិនបានទទួលការឆ្លើយតបពី លោក Simon ដែលជាគ្រូបង្វឹកទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com