អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ចង់ជួបមេដឹកនាំកូរ៉េខាងជើងដើម្បីពិភាក្សាបញ្ហាការចាប់ជំរិតពលរដ្ឋជប៉ុន
28, May 2023 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បង្ហាញឆន្ទៈបង្កើតការចរចាកម្រិតជាន់ខ្ពស់រវាងជប៉ុន និង​កូរ៉េ​ខាង​ជើងក្នុងគោលបំណងរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ការ​វិលត្រឡប់របស់ពលរដ្ឋជប៉ុនដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើង។

 
នៅក្នុងសុន្ទរកថានៅការប្រមូលផ្តុំមួយដើម្បីស្វែងរកការវិលត្រឡប់របស់​ជនជាតិជប៉ុនដែលត្រូវ​ចាប់​ពង្រត់ដោយកូរ៉េខាងជើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ លោក គីស៊ីដា ហ្វូមីអូ បាន​រំលឹកឡើ​ង​វិញពីការប្ដេជ្ញាចិត្តរបស់លោកចំពោះកិច្ចពិភាក្សាដោយគ្មានលក្ខខណ្ឌជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឱ្យបានឆាប់បំផុត។ រដ្ឋាភិបាលរបស់លោក មានបំណងរៀបចំការចរចាកម្រិតខ្ពស់ជាមួយទីក្រុងព្យុងយ៉ាងដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើង។
 
រដ្ឋាភិបាល​ជប៉ុន​បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ខ្លួន​ចំនួន១៧នាក់​ជា​ផ្លូវការដែល​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ចាប់ពង្រត់។ ​ក្រុង​ព្យុងយ៉ាង ក៏ជាប់សង្ស័យ​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​ជាច្រើននាក់​ទៀតដែរ។ ទោះបីជាមនុស្ស៥នាក់ត្រូវបានប្រគល់មកវិញក្នុងឆ្នាំ២០០២ក្ដី មនុស្ស១២នាក់ផ្សេង​ទៀត​នៅតែ​មិន​មានដំណឹងនៅឡើយ។
 
មេដឹកនាំជប៉ុនរូបនេះក៏បានប្រាប់ការជួបជុំនៅទីក្រុងតូក្យូដែរថា ការបង្កើតទំនាក់ទំនងប្រកបដោយ​ផលិតភាពជាមួយទីក្រុងព្យុងយ៉ាង នឹងជាផលប្រយោជន៍របស់ភាគីទាំងពីរ ហើយជាការរួមចំណែកដ៏​ធំ​ធេង​ចំពោះស្ថិរភាព និងសន្តិភាពក្នុងតំបន់ដែរ។
 
ការទទួលបានពលរដ្ឋដែលបាត់ខ្លួន​ ជារបៀបវារៈសំខាន់មួយរបស់លោក គីស៊ីដា ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីមក។ ប៉ុន្តែការចរចាលើបញ្ហានេះមិនមានដំណើរការអ្វីឡើយ ស្របពេលទំនាក់ទំនងជប៉ុន-កូរ៉េខាងជើងចោមរោមដោយបញ្ហានុយក្លេអ៊ែរនោះ៕
 

Tag:
 ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com