អន្តរជាតិ
កូរ៉េខាងជើង ជូនដំណឹងដល់ជប៉ុនអំពីផែនការបាញ់បង្ហោះផ្កាយរណប
29, May 2023 , 2:05 pm        
រូបភាព
មន្ត្រីឆ្មាំសមុទ្រជប៉ុននាថ្ងៃទី២៩ ខែឧសភា បានលើកឡើងថា កូរ៉េខាងជើងបានជូនដំណឹងពី​ផែន​ការ​បាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី១១ ខែមិថុនា។

 
ទីបំផុតទៅ កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនដែលត្រូវជឿថា ជាផ្កាយរណបស៊ើបការណ៍យោធា។ កូរ៉េខាងជើង ក៏បានជូនដំណឹងទៅជប៉ុនពីផែនការរបស់ខ្លួន ព្រោះបំណែកផ្កាយរណបអាចធ្លាក់ចូលសមុទ្រជប៉ុន។ 
 
ប្រព័ន្ធផ្កាយរណបយោធានេះ ជាផ្នែកមួយនៃកិច្ចខិតខំ​របស់កូរ៉េខាងជើង​ដើម្បី​ជំរុញ​បច្ចេកវិទ្យា​ឃ្លាំ​មើល និងការពង្រឹងសមត្ថភាពវាយប្រហារចំគោលដៅក្នុងស្ថានភាពសង្គ្រាមណាមួយ។ 
 
បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK កូរ៉េខាងជើងបាន​ប្រាប់ឆ្មាំឆ្នេរសមុទ្រជប៉ុនអំពីគម្រោងបាញ់បង្ហោះ​ផ្កាយរណបយោធានេះដែលនឹងកើតឡើងនៅចន្លោះថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី១១ ខែមិថុនា។ យ៉ាងណាមិញ ជប៉ុនបានប្រាប់ឱ្យកូរ៉េខាងជើងផ្អាកសកម្មភាពរបស់ខ្លួន។
 
«យើងជំរុញយ៉ាងមុតមាំឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់បង្ហោះ»។ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន​បានបង្ហោះសារលើបណ្ដាញសង្គម Twitter បែបនេះ ដោយបន្ថែមថា ជប៉ុននឹងសហការ ជាមួយ​ប្រទេសពាក់ព័ន្ធដូចជាអាម៉េរិក និងកូរ៉េខាងត្បូង។ រដ្ឋាភិបាលជប៉ុនសន្យា​នឹងធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រមូល និងវិភាគព័ត៌មានពីការបាញ់បង្ហោះនេះផងដែរ។
 
លទ្ធភាពនៃការបាញ់ផ្កាយរណបមានកាន់តែច្រើនក្រោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ទៅ​ត្រួតពិនិត្យស្ថានីយ៍បាញ់ផ្កាយរណបយោធាដោយផ្ទាល់ ហើយបានជំរុញផែនការ​បាញ់​បង្ហោះ​ផ្កាយ​រណបជាលើកដំបូងទៀតផង៕
 

Tag:
 ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com