ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្នាក់ដឹកនាំបក្សភ្លើងទៀន គួររក ឬបង្កើតបក្សថ្មី?
29, May 2023 , 3:39 pm        
រូបភាព
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ស្ថិតក្នុងពិធីប្រារព្ធខួបលើកទី២៧ឆ្នាំនៃការបង្កើតគណបក្សភ្លើងទៀន (រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន)។
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ស្ថិតក្នុងពិធីប្រារព្ធខួបលើកទី២៧ឆ្នាំនៃការបង្កើតគណបក្សភ្លើងទៀន (រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន)។
ដោយ៖ ទេពញាណ 

ព្រោះតែគ្មានប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ គណបក្សភ្លើងទៀន មិនត្រឹមមិនអាចចូលរួមប្រកួតក្នុងការបោះឆ្នោតលើកនេះទេ តែអាចនឹងត្រូវខកខាននៅលើកក្រោយៗទៀត។ អ្នកនយោបាយក្នុងគណបក្សនេះ គួរនាំគ្នាពិចារណារកគណបក្សផ្សេង ឬបង្កើតគណបក្សថ្មីតែម្តង។ 



មានគណបក្សភ្លើងទៀន ក៏ដូចជាមិនមាន ព្រោះថា បើទោះជាគណបក្សនេះ នៅដំណើរការ ឬនៅធ្វើសកម្មភាពនយោបាយបានជាធម្មតាក៏ពិតមែន ក៏មិនអាចចូលរួមប្រកួតក្នុងការបោះឆ្នោតបានដែរ។ គោលបំណងធំបំផុតរបស់គណបក្សនយោបាយ គឺចូលរួមប្រកួតក្នុងការបោះឆ្នោតថ្នាក់ជាតិនៅរៀងរាល់៥ឆ្នាំម្តង ដើម្បីបានអាសនៈ ឬអាចឈ្នះការបោះឆ្នោតនេះ ឈានទៅដឹកនាំប្រទេស។ ចុះបើគណបក្សនយោបាយមួយ មិនអាចចូលរួមប្រកួតបានផង តើនៅមានន័យអ្វីទៀត សម្រាប់គណបក្សនោះ?
 
តើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គួរតែបោះបង់គណបក្សនេះចោល ហើយគិតគូរពីការស្វែងរកគណបក្សផ្សេង ឬរួមគ្នាបង្កើតគណបក្សថ្មីដែរឬទេ? មានតែគណបក្សផ្សេង ឬគណបក្សថ្មីប៉ុណ្ណោះ ដែលអាចផ្តល់ឱកាសឲ្យអ្នកនយោបាយប្រឆាំង បានចូលរួមប្រកួតក្នុងការបោះឆ្នោតថ្នាក់ជាតិនៅពេលក្រោយ។ 
 
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗ ថា គ.ជ.ប នឹងមិនផ្លាស់ប្តូរនីតិវិធីឡើយ ពោលគឺ ក្នុងការបោះឆ្នោតថ្នាក់ជាតិលើកក្រោយ គ.ជ.ប នៅតែទាមទាររកប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មពីអាជ្ញាធរដែនដី។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«[គណបក្ស ដែលគ្មានប្រកាសដើម] នៅតែមិនបានចូលរួម [ក្នុងការបោះឆ្នោត] ដដែល»។ 
 
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មិនអាចបោះបង់ចោលគណបក្សខ្លួនងាយៗនោះទេ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ឆ្លើយតបនឹងសារព័ត៌មានថ្មីៗថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មិនទាន់គិតដល់ពីការស្វែងរកគណបក្សផ្សេង ឬការបង្កើតគណបក្សថ្មីឡើយ។ លោក បន្តថា ថ្នាក់ដឹកនាំ នៅរក្សាគណបក្សភ្លើងទៀន ខណៈបច្ចុប្បន្ន គណបក្សនេះ មានអ្នកគាំទ្រដល់ទៅជាង២លាននាក់។ 
 
លោក បង្ហាញជំហរថា គណបក្សភ្លើងទៀន នឹងតស៊ូតាមផ្លូវច្បាប់ឲ្យអស់លទ្ធភាព ក្នុងការទាមទារឲ្យក្រសួងមហាផ្ទៃចេញប្រកាសដើមឡើងវិញ ស្តីពីការចុះបញ្ជីគណបក្ស ឬចេញប្រកាសថ្មីមួយទៀត ស្តីពីការចុះបញ្ជីគណបក្ស ឬលិខិតផ្សេង ដែលមានតម្លៃស្មើនឹងប្រកាស។ លោក ផ្តល់ព័ត៌មានថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នឹងចាត់តាំងមេធាវី ដើម្បីឲ្យពិភាក្សាជាមួយភាគីក្រសួងមហាផ្ទៃក្នុងរឿងនេះ។ 
 
មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះ មានប្រសាសន៍ដូច្នេះថា៖«យើង ប្រើប្រាស់ [មធ្យោបាយ] ឲ្យអស់លទ្ធផលសិន កុំគិតពីទុទិដ្ឋិនិយម។ យើង គិតថា យើងជាគណបក្សស្របច្បាប់ហើយ ឥតមានអីពិបាក គ្រាន់តែចេញប្រកាស ឬលិខិតបញ្ជាក់ ដែលអាចប្រើប្រាស់ [ជាមួយ] គ.ជ.ប នោះទេ»។ 
 
បើគណបក្សភ្លើងទៀន រកឃើញប្រកាសដើមដែលបាត់ ឬអាចសុំឲ្យក្រសួងមហាផ្ទៃ ចេញប្រកាសដើមនេះសាជាថ្មី តាមការរំពឹងទុកមែននោះ អ្វីៗ នឹងត្រូវបានដោះស្រាយ។ ប៉ុន្តែ សំណួរសួរថា អាចទៅរួចដែរឬទេ? 
 
តាមពិត ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ធ្លាប់ទៅជួបតំណាងក្រសួងមហាផ្ទៃដល់ទៅ២ដងរួចមកហើយ ហើយសុទ្ធតែបានសុំឲ្យក្រសួងមហាផ្ទៃចេញប្រកាសដើម តែក្រសួងមហាផ្ទៃ មិនបានចេញឲ្យ។ លោក គីមសួរ ភីរិទ្ធ ប្រាប់ថា លោកជាថ្នាក់ដឹកនាំម្នាក់ ដែលរួមដំណើរជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ទៅចរចាជាមួយតំណាងក្រសួងមហាផ្ទៃទាំង២លើកនេះ ដើម្បីសុំឲ្យចេញប្រកាសដើម។ 
 
ឆ្លងកាត់ជំនួបនេះ អ្វីដែលក្រសួងមហាផ្ទៃ អាចចេញឲ្យគណបក្សភ្លើងទៀនបាន គឺលិខិតបញ្ជាក់ មិនមែនប្រកាសដើមឡើយ។ លិខិតបញ្ជាក់នោះ បញ្ជាក់ថា គណបក្សភ្លើងទៀន បានចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់។ លោករដ្ឋលេខាធិការ ប៊ុន ហុន គឺជាតំណាងភាគីក្រសួងមហាផ្ទៃ ដែលដឹកនាំដឹកនាំមន្រ្តីក្រសួងមហាផ្ទៃ ជួបជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀន កន្លងមក ហើយលោកក៏ជាអ្នកចេញ និងចុះហត្ថលេខាលើលិខិតបញ្ជាក់នោះ ជំនួសសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 
 
សារព័ត៌មានថ្មីៗ ចង់សួរថា បើគណបក្សភ្លើងទៀន ស្នើសុំជាថ្មី ឲ្យក្រសួងមហាផ្ទៃ ចេញប្រកាសដើមឡើងវិញ ស្តីពីការចុះបញ្ជីគណបក្ស តើក្រសួងមហាផ្ទៃ អាចនឹងចេញឲ្យដែរឬទេ? ដោយគ្រាន់តែឮពាក្យប្រកាសដើម លោក ប៊ុន ហុន ក៏បដិសេធមិនឆ្លើយ ទាំងដែលលោក មិនទាន់ស្តាប់សំណួរចប់។ លោក និយាយកាត់សំណួរភ្លាមៗថា ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចរួចអស់ហើយ ដូច្នេះ គ្មានអ្វីដែលត្រូវទៅសួរលោកទៀតនោះទេ។ 
 
សារព័ត៌មានថ្មីៗ ក៏បានទាក់ទងទៅលោក ខៀវ សុភ័គ ជាអ្នកនាំពាក្យក្រសួមហាផ្ទៃផងដែរ តែប្រព័ន្ធលេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា ថ្លែងថា នីតិវិធីរបស់គ.ជ.ប ដែលទាមទារប្រកាសដើមស្តីពីការចុះបញ្ជីគណបក្ស ហើយប្រកាសដើមនោះ ត្រូវមានបញ្ជាក់នីត្យានុកូលកម្ម គឺមានចែងក្នុងច្បាប់។ លោក រម្លឹកថា ការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៨ ក៏គ.ជ.ប ទាមទាររកប្រកាសដើម ដែលមានបញ្ជាក់នីត្យានុកូលកម្មនេះដែរ។  
 
ការបោះឆ្នោតក្នុងទីនេះ ដែលតម្រូវឲ្យគណបក្សនយោបាយមានប្រកាសដើម គឺលោក ហង្ស ពុទ្ធា សំដៅលើតែការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬការបោះឆ្នោតថ្នាក់ជាតិប៉ុណ្ណោះ ដោយលោក មិនសំដៅលើការបោះឆ្នោតផ្សេង ដូចជា ការបោះឆ្នោតឃុំ-សង្កាត់នោះទេ។ លោក បញ្ជាក់ពីមូលហេតុ ដែលគ.ជ.ប ត្រូវទាមទារប្រកាសដើម ថា គណបក្សខ្លះ បានបំបែកចុះឡើងៗ ដោយមិនដឹងអ្នកណា ជាម្ចាស់គណបក្ស ដូច្នេះ បើគ្រាន់តែទាមទារប្រកាសចម្លង យូរៗទៅ អាចនឹងបង្កឲ្យមានការទាស់ទែងគ្នាក្នុងគណបក្សនោះ។
 
គណបក្សភ្លើងទៀន ដើមឡើយ មានឈ្មោះថា គណបក្ស សម រង្ស៊ី ហើយឈ្មោះដើមបង្អស់របស់គណបក្ស សម រង្ស៊ី គឺគណបក្សជាតិខ្មែរ។ នៅឆ្នាំ២០១២ គណបក្ស សម រង្ស៊ី ដែលមានលោក សម រង្ស៊ី ជាប្រធាន និងគណបក្សសិទ្ធិមនុស្ស ដែលមានលោក កឹម សុខា ជាប្រធាន បានរួមគ្នាបង្កើតទៅជាគណបក្សសង្គ្រោះជាតិ។ 
 
ក្រោយបង្កើតគណបក្សសង្គ្រោះជាតិ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក៏ត្រូវទុកចោល។ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវរំលាយចោលនៅចុងឆ្នាំ២០១៧ អ្នកនយោបាយប្រឆាំង ក៏យកគណបក្ស សម រង្ស៊ី មកប្រើឡើងវិញ ដោយប្តូរឈ្មោះថា គណបក្សភ្លើងទៀន។
 
ប្រកាសដើមរបស់គណបក្សភ្លើងទៀន ជាអ្វី? គឺជាប្រកាសលេខ១៩៣ ស្តីពីការចុះបញ្ជីគណបក្ស សម រង្ស៊ី ដែលក្រសួងមហាផ្ទៃ បានចេញតាំងពីឆ្នាំ១៩៩៨។ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រកាសថា ប្រកាសដើមនេះ បានបាត់តាំងពីអំឡុងឆ្នាំ២០១៧មកម្ល៉េះ។ 
 
គេ ងឿងឆ្ងល់ថា ហេតុអ្វី គណបក្សភ្លើងទៀន អាចចូលរួមប្រកួតក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតក្រុង-ស្រុក កាលពីខែមីនា ឆ្នាំ២០២៣ ទាំងដែលគណបក្សនេះ គ្មានប្រកាសដើមផងនោះ ហើយបែរជាមិនអាចចូលរួមប្រកួតក្នុងការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០២៣ នេះទៅវិញ? គេ មិនទាន់ឮចម្លើយច្បាស់លាស់ពីគ.ជ.ប នោះទេ។ 
 
ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចែងថា គណបក្សនយោបាយ ត្រូវដាក់ជូនគ.ជ.ប នូវសេចក្តីចម្លង (ប្រកាសចម្លង) ដែលបញ្ជាក់ពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។ ត្រង់ចំណុចដែលតម្រូវឲ្យគណបក្សនយោបាយ ត្រូវដាក់ជូនគ.ជ.ប នូវប្រកាសដើម ដែលបញ្ជាក់ពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ហើយប្រកាសដើមនោះ ត្រូវមានបញ្ជាក់នីត្យានុកូលកម្មពីអាជ្ញាធរដែនដី ពុំមានចែងក្នុងច្បាប់នេះឡើយ តែមានកំណត់ក្នុងបែបបទ ឬនីតិវិធីរបស់គ.ជ.ប។   
 
លើសពីនេះ គ.ជ.ប បកស្រាយកន្លងមកថា សេចក្តីចម្លង (ឬប្រកាសចម្លង) ដែលបញ្ជាក់ការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ គឺសំដៅលើប្រកាស (ដើម) ស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មនេះឯង។ 
 
គណបក្សភ្លើងទៀន ដោយសារគ្មានប្រកាសដើម ទើបមិនអាចសុំការបញ្ជាក់នីត្យានុកូលកម្មពីអាជ្ញាធរដែនដីបាន ហើយដោយសារគ្មានប្រកាសដើម ដែលមានបញ្ជាក់នីត្យានុកូលកម្មនេះហើយ ទើបគ.ជ.ប បដិសេធមិនឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោត។ 
 
គណបក្សភ្លើងទៀន បានប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ តែត្រូវក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធដដែល ដោយលើកហេតុផលមិនសូវខុសពីគ.ជ.ប ឡើយ។ គណបក្សភ្លើងទៀន គ្មានផ្លូវតវ៉ាទៀតឡើយ ដ្បិតសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។ ក្នុងការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្ស១៧ ដែលនឹងត្រូវចូលរួមប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ខ្លាំងក្លា។ 
 
គណបក្សភ្លើងទៀន នៅមានផ្លូវតូចមួយទៀត ដែលអាចនាំឲ្យខ្លួនជួបស្ថានការណ៍ល្អប្រសើរ ឬអាចចូលរួមប្រកួតក្នុងការបោះឆ្នោតនៅលើកក្រោយ គឺការចរចាជាមួយគណបក្សកាន់អំណាច ហើយអាចមានដំណោះស្រាយនយោបាយណាមួយជាមួយគ្នា។ ប៉ុន្តែ ផ្លូវនេះ ហាក់ពិបាកកើតឡើងណាស់ ព្រោះកន្លងមក ថ្នាក់ដឹកនាំគណបក្សកាន់អំណាច តែងនិយាយដដែលៗថា គ្មានអ្វីត្រូវចរចាជាមួយអ្នកប្រឆាំងឡើយ៕ 
 

Tag:
 បក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com