សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
យន្តហោះ Made in China ហោះហើរក្នុងស្រុកជាលើកដំបូង ដើម្បីប្រជែង Boeing និង Airbus
30, May 2023 , 8:29 am        
រូបភាព
រូបភាពពី Xinhua News Agency ។
រូបភាពពី Xinhua News Agency ។
យន្តហោះដឹកអ្នកដំណើរដែលផលិតក្នុងស្រុកលើកដំបូងរបស់ចិន បានហោះហើរជើងពាណិជ្ជកម្មដំបូងរបស់ខ្លួនកាលពីថ្ងៃ២៨ ឧសភា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនឧស្សាហកម្មយក្សដូចជា Boeing និង Airbus នៅក្នុងទីផ្សារយន្តហោះពិភពលោក។

 
បើតាមកាសែត China Daily យន្តហោះប្រភេទ C919 ផលិតដោយសាជីវកម្មអាកាសចរណ៍ពាណិជ្ជកម្មនៃប្រទេសចិន បានដឹកអ្នកដំណើរប្រហែល ១៣០នាក់នៅលើយន្តហោះ។ យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋាន Shanghai Hongqiao ហើយបានចុះចតរយៈពេលជិត២ម៉ោងក្រោយនៅទីក្រុងប៉េកាំង។
 
ជើងហោះហើរនេះ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍រដ្ឋ China Eastern Airlines ហើយផ្នែកម្ខាងនៃយន្តហោះត្រូវបានសរសេរដោយពាក្យថា «The World's First C919»។
 
ការដាក់សម្ពោធហោះហើរនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុន COMAC សម្លឹងរកការវាយលុកទីផ្សារយន្តហោះ ដែលត្រូវតែមានការប្រកួតប្រជែងខ្លាំងជាមួយនឹងក្រុមហ៊ុន Airbus និង Boeing ។ យន្តហោះប្រភេទ A320 របស់ក្រុមហ៊ុន Airbus និង B737 របស់ Boeing គឺជាយន្តហោះពេញនិយមបំផុត ដែលជាធម្មតាត្រូវបានប្រើប្រាស់សម្រាប់ការហោះហើរក្នុងស្រុក និងក្នុងតំបន់។
 
ទន្ទឹមនេះ ក្រុមហ៊ុន COMAC បានរចនាផ្នែកជាច្រើននៃយន្តហោះប្រភេទ C919 សមាសធាតុសំខាន់ៗមួយចំនួនរបស់វានៅតែមានប្រភពមកពីលោកខាងលិច រួមទាំងម៉ាស៊ីនរបស់វាផងដែរ។ ក្រុមហ៊ុនគ្រោងនឹងផលិតយន្តហោះប្រភេទ C919 ចំនួន ១៥០ គ្រឿងក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ 
 
យន្តហោះប្រភេទ C919 ដែលស្ថិតក្នុងការអភិវឌ្ឍអស់រយៈពេល ១៦ឆ្នាំ មានសមត្ថភាពអាចហោះហើរក្នុងរយៈចម្ងាយអតិបរមាប្រហែល ៣៥០០ម៉ាយ (៥៦៣០ គីឡូម៉ែត្រ) ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកដំណើរពី ១៥៨ ទៅ ១៦៨ នាក់។
 
ក្រុមហ៊ុន COMAC បានអះអាងថាយន្តហោះប្រភេទ C919 ជាង ១២០០ គ្រឿងកំពុងត្រូវបានបញ្ជាទិញជាមួយនឹងក្រុមហ៊ុន China Eastern Airlines ៕
 

Tag:
 យន្តហោះ
  ចិន
  C919
© រក្សាសិទ្ធិដោយ thmeythmey.com