អន្តរជាតិ
កូរ៉េ​ខាង​ជើង នឹងបង្ហោះ​ផ្កាយ​រណប​ចារកម្ម​យោធា​ដំបូង​របស់​ខ្លួន​នៅ​ខែ​មិថុនា
30, May 2023 , 2:26 pm        
រូបភាព
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃទី៣០ ខែឧសភា បានចុះផ្សាយថា កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាលើកដំបូងរបស់ខ្លួននៅក្នុងខែមិថុនា ដើម្បីតាមដានសកម្មភាពយោធារបស់អាម៉េរិក និងសម្ព័ន្ធមិត្ត។

 
កូរ៉េខាងជើង បានបញ្ជាក់ជាផ្លូវការពីគម្រោងបាញ់ផ្កាយរណបស៊ើបការណ៍របស់ខ្លួន ក្រោយការជូនដំណឹងទៅជប៉ុន។ គោលដៅនៃផ្កាយរណបនេះ គឺការប្រមូលព័ត៌មានសកម្មភាពយោធារបស់អាម៉េរិក និងសម្ព័ន្ធមិត្ត។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) ដែលស្រង់សម្ដី លោក Ri Pyong Chol អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មករដែលកំពុងកាន់អំណាចនៅកូរ៉េខាងជើង។
 
ក្នុងប៉ុន្មានខែថ្មីៗនេះកងកម្លាំងអាម៉េរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាច្រើន រួមទាំងសមយុទ្ធដ៏ធំបំផុតមួយកាលពីសប្តាហ៍មុន បន្ទាប់ពីខកខានធ្វើសមយុទ្ធរួមគ្នាកន្លងមកដោយសារជំងឺកូវីដ-១៩ និងព្យាយាមពង្រឹងការពិភាក្សាផ្នែកការទូតជាមួយកូរ៉េខាងជើង។ ​
 
ពាក់ព័ន្ធនឹងសមយុទ្ធយោធាជាច្រើននេះ លោក Ri Pyong Chol បានសង្កត់ធ្ងន់ថា សកម្មភាពនេះតម្រូវឱ្យទីក្រុងព្យុងយ៉ាងមានមធ្យោបាយដែលមានសមត្ថភាពប្រមូលព័ត៌មានពីសកម្មភាពយោធារបស់សត្រូវក្នុងពេលវេលាជាក់ស្តែង។ 
 
«យើងនឹងពិចារណាពីការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ហើយដាក់ចេញនូវការអនុវត្តឱ្យបានហ្មត់ចត់បន្ថែមទៀតចំពោះសកម្មភាពពង្រឹងការរារាំងសង្គ្រាម»។ លោក Ri បានបន្ថែមបែបនេះ។ 
 
កូរ៉េ​ខាង​ជើងធ្លាប់បានអះអាងថា​ ខ្លួន​បាន​បញ្ចប់​ការ​អភិវឌ្ឍ​ផ្កាយ​រណប​ចារកម្ម​យោធា​ដំបូង​របស់​ខ្លួនដោយជោគជ័យ ខណៈលោក គីម ជុងអ៊ុន ក៏បានអនុម័តដើម្បីបាញ់បង្ហោះផ្កាយរណបនេះផងដែរ។ 
 
បើទោះបីជាបានលើកឡើងពីលទ្ធភាពបាញ់បង្ហោះ​ផ្កាយ​រណប​ចារកម្មនេះក្តី លោក Ri មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទបាញ់បង្ហោះពិតប្រាកដនោះទេ។ កូរ៉េខាងជើងបានជូនដំណឹងដល់ជប៉ុនពីផែនការបាញ់បង្ហោះនេះដែលអាចធ្វើនៅចន្លោះថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១១ ខែមិថុនា។ ជប៉ុនក៏បានព្រមានថា នឹងបាញ់ទម្លាក់វត្ថុណាដែលគំរាមកំហែងដល់ទឹកដីរបស់ខ្លួន។
 
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកឯណោះ លើកឡើងដែរថា ការបាញ់បង្ហោះរបស់កូរ៉េខាងជើងដែលប្រើបច្ចេកវិទ្យាមីស៊ីលបាលីស្ទិករួមទាំងឧបករណ៍ដែលប្រើសម្រាប់ដាក់ផ្កាយរណប នឹងបំពានលើដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com