កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Napoli សុំម្ចាស់ក្លិបសម្រាក១រដូវកាលមើលថែកូនស្រី ក្រោយឈ្នះ Serie A លើកដំបូងរយៈពេល៣៣ឆ្នាំ
30, May 2023 , 4:59 pm        
រូបភាព
លោក Luciano Spalletti អ្នកចាត់ការទូទៅក្រុម ​SSC Napoli ស្នើសុំម្ចាស់ក្លិបសម្រាកពីការងារ១ឆ្នាំ ក្រោយជួយក្រុមឈ្នះជើងឯកលីគកំពូលអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។ នេះបើតាមសម្តីលោក Spalletti នៅថ្ងៃទី២៩ ខែឧសភា។



លោក Spalletti បានជួយក្រុម SSC Napoli គ្រងតំណែងជើងឯកលីគកំពូលអ៊ីតាលី ដែលជាពានរង្វាន់លើកដំបូងសម្រាប់ពួកគេ ចាប់តាំងពីឆ្នាំ ១៩៩០ មក ប៉ុន្តែទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនៅតែត្រូវបានគេរំពឹងថានឹងមិនបន្តដឹកនាំក្រុមនេះទេនៅរដូវកាលក្រោយ។
 
កាលពីថ្ងៃទី២៨ ខែឧសភា ម្ចាស់ក្លិប Napoli លោក Aurelio De Laurentiis បាននិយាយថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានស្នើសុំសម្រាកពីការងារដឹកនាំក្រុម ហើយលោក Aurelio ក៏បានឆ្លើយថានឹងមិនហាមឃាត់ការសម្រេចចិត្តរបស់លោក Spalletti នោះទេ។
 
«ដោយសារការគោរពចំពោះក្លិប ខ្ញុំបានប្រាប់ទៅលោក De Laurentiis ភ្លាមៗថាខ្ញុំត្រូវការសម្រាកមួយឆ្នាំ។ ខ្ញុំមានភាពហត់នឿយខ្លះ និងចង់បានពេលវេលាខ្លះជាមួយនឹងកូនស្រីរបស់ខ្ញុំ Matilde។»។ នេះបើតាមការស្រង់សម្តីរបស់លោក Spalletti ពីសំណាក់ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី Ansa។
 
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ Barcelona លោក Luis Enrique បានក្លាយជាទីចាប់អារម្មណ៍ក្នុងការជំនួសលោក Spalletti តែយ៉ាងណា មកដល់ពេលនេះនៅមិនមានព័ត៌មានច្បាស់លាស់នៅឡើយ​ ជុំវិញការជំនួសតំណែងនេះ។
 
លោក Spalletti បានចូលដឹកនាំក្រុម Napoli នៅក្នុងឆ្នាំ ២០២១ ហើយលោកបានជួយឱ្យ Napoli គ្រងជើងឯកនៅក្នុងរដូវកាលទីពីររបស់លោក ដោយរយៈកាលកន្លងមក Napoli បានធ្វើព្យុះភ្លៀងក្នុងការប្រកួតទាំងនៅក្នុងក្របខណ្ឌ Serie A និង Champions League។ ការឈ្នះពានប្រៀបបានជាការឧទ្ទិសដល់ការបាត់បង់ជីវិតរបស់បងប្អូនប្រុសរបស់លោកកាលពី ៤ឆ្នាំមុខផងដែរ។
 
គ្រូបង្វឹកវ័យ ៦៤ឆ្នាំ ធ្លាប់បានដឹកនាំក្រុមជាច្រើននៅក្នុងលីគបាល់ទាត់អ៊ីតាលីដូចជា AS Roma និង Inter Milan ហើយក៏បានដឹកនាំក្លិបនៅប្រទេសរុស្ស៊ី Zenit St Petersburg រយៈពេល ៥ឆ្នាំ៕
 

Tag:
 SSC Napoli
  Luciano Spalletti
© រក្សាសិទ្ធិដោយ thmeythmey.com