អន្តរជាតិ
យោធាអាម៉េរិកថា យន្តហោះចម្បាំងចិនធ្វើសកម្មភាពបង្កហានិភ័យក្បែរយន្តហោះអាម៉េរិកនៅសមុទ្រចិនខាងត្បូង
31, May 2023 , 9:59 am        
រូបភាព
រូបភាពកាត់ចេញពីវីដេអូបង្ហោះដោយយោធាអាម៉េរិកបង្ហាញពីយន្តហោះចម្បាំងចិនហោះក្បែរយន្តហោះស៊ើបការណ៍អាម៉េរិកពីលើសមុទ្រចិនខាងត្បូង។
រូបភាពកាត់ចេញពីវីដេអូបង្ហោះដោយយោធាអាម៉េរិកបង្ហាញពីយន្តហោះចម្បាំងចិនហោះក្បែរយន្តហោះស៊ើបការណ៍អាម៉េរិកពីលើសមុទ្រចិនខាងត្បូង។
យោធាអាម៉េរិក បានបញ្ចេញវីដេអូមួយដែលបង្ហាញពីសកម្មភាពយន្តហោះចម្បាំងចិនធ្វើសកម្មភាពដែលអាចបង្កហានិភ័យនៅក្បែរយន្តហោះស៊ើបការណ៍អាម៉េរិកពីលើសមុទ្រចិនខាងត្បូង។ ឧប្បត្តិហេតុនេះ កើតឡើងកាលពីសប្ដាហ៍មុន។

 
បើតាមវីដេអូដែលបញ្ចេញដោយកងទ័ពជើងទឹកអាម៉េរិក អ្នកបើកយន្តហោះចម្បាំងចិន បានបញ្ជាយន្តហោះរបស់ខ្លួ​នហោះកាត់ពីមុខយន្តហោះស៊ើបការណ៍អាម៉េរិក RC-135 ដែលកំពុងធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។ ទីបញ្ជាការយោធាឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កងទ័ពអាម៉េរិកបញ្ជាក់នៅថ្ងៃទី៣០ ខែឧសភាថា យន្តហោះចិនហោះចម្ងាយ៤០០ម៉ែត្រពីយន្តហោះអាម៉េរិក ដែលបង្ខំឱ្យយន្តហោះអាម៉េរិកផ្លាស់ប្ដូរគន្លងរបស់ខ្លួន។
 
«យន្តហោះ RC-135 កំពុងធ្វើប្រតិបត្តិការតាមទម្លាប់ និងសុវត្ថិភាពពីលើសមុទ្រចិនខាងត្បូង ដែនអាកាសអន្តរជាតិស្របតាមច្បាប់អន្តរជាតិ។» យោធាអាម៉េរិកលើកឡើងបែបនេះ។ 
 
មន្ទីរបញ្ចកោណ ហៅសកម្មភាពនេះ ជាទម្រង់នៃការរៀបចំមួយ មិនមែនកើតឡើងដោយសារការសម្រេចចិត្តរបស់អ្នកបើកយន្តហោះខ្លួនឯងឡើយ។ ការប្រឈមមុខបែបនេះ ក៏កើនឡើងគួរបារម្ភផងដែរ ស្របពេលដែលមហាអំណាចទាំង២ បង្កើនសកម្មភាពយោធានៅដែនអាកាសពីសមុទ្រចិនខាងត្បូងនោះ។ 
 
ការបញ្ចេញព័ត៌មាននេះ កើតឡើងខណៈពេលដែលទំនាក់ទំនងផ្នែកយោធារវាងចិន និងអាម៉េរិកមិនទាន់ល្អប្រសើរឡើងវិញ។ ចិនទើបបានច្រានចោលសំណើរៀបចំជំនួបរដ្ឋមន្រ្តីការពារជាតិនៅសិង្ហបុរីថែមទៀត៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com