កីឡាអន្តរជាតិ
អន្តរជាតិ
Sevilla ដាក់គោលដៅយក Europa League លើកទី៧ ឯ Roma ចង់បានលើកដំបូង 
×![]()
ក្រុម Sevilla ដាក់គោលដៅបន្តកំណត់ត្រាឈ្នះពានរង្វាន់ Europa League ជាលើកទី៧ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១ ខែមិថុនា ទល់នឹងក្រុម AS Roma ដែលដឹកនាំដោយលោក Jose Mourinho។
លោក Mourinho ជាគ្រូបង្វឹកមួយរូបដែលឈ្នះពានរង្វាន់អឺរ៉ុបចំនួន ៥លើកក្នុងអាជីពដឹកនាំ ដោយក្នុងនោះកាលពីរដូវកាលមុនលោកបានជួយ Roma ឈ្នះ Europa Conference League។

ក្រុម Sevilla ដែលដឹកនាំដោយលោក ឬក៏ Mourinho សុទ្ធសឹងតែមិនធ្លាប់រងបរាជ័យនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ដោយក្រុមមកពីលីគកំពូលអេស្ប៉ាញដែលដឹកនាំដោយលោក José Luis Mendilibar មានកំណត់ត្រាឈ្នះពានរង្វាន់ Europa League ចំនួន ៦ លើករួចមកហើយ។ ចំណែកលោក Mourinho គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់បានក្លាយជាគ្រូបង្វឹកដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្នះគ្រប់ពានរង្វាន់ទ្វីបអឺរ៉ុបទាំងអស់។
ពានរង្វាន់អឺរ៉ុបដែលលោក Mourinho បានឈ្នះក្នុងនោះមាន UEFA Champions League ចំនួន ២ ជាមួយក្រុម Inter Milan និង FC Porto, ពានរង្វាន់ UEFA Europa League ចំនួន ២ ជាមួយ FC Porto និង Manchester United និង AS Roma ពានរង្វាន់ Europa Conference League។

ទោះយ៉ាងណា អ្នកចាត់ការ Roma នឹងត្រូវឆ្លងកាត់ការងារដ៏លំបាកមួយចុងក្រោយក្នុងការនាំក្រុមលោកឱ្យទទួលបានជ័យជម្នះទល់ជាមួយនឹងក្រុម ដែលអាចនិយាយបានថាជាសម្តេចនៃពានរង្វាន់ Europa League គឺ Sevilla ដែលកំពុងតែស្រែកឃ្លានក្នុងការគ្រងតំណែងពានអឺរ៉ុបមួយនេះ បន្ទាប់ពីការប្រកួតប្រជែងដ៏លំបាក់ក្នុងលីគនៅរដូវកាលនេះ។
ធ្លាក់ទៅដល់តំបន់ពាក់កណ្តាលនៃតារាងក្របខណ្ឌ La Liga ដែលជាទីកន្លែងមិនសូវល្អសមប្រកបសម្រាប់ក្រុម Sevilla ក្លិបជើងខ្លាំងនៅក្នុង Europa League មួយនេះបានបណ្តេញអ្នកចាត់ការចំនួន ២រូបរួចមកហើយ ប៉ុន្តែ Sevilla បានរកឃើញផ្លូវដ៏ល្អឡើងវិញបន្ទាប់ពីធ្លាក់ចេញពី Champions League។ Sevilla មុនឈានជើងមកដល់ផ្តាច់ព្រ័ត្របានបំបាក់ក្រុម PSV Eindhoven, Fenerbahce, Manchester United និង Juventus។

ពានរង្វាន់ទាំង ៦លើក Sevilla បានឈ្នះនៅក្នុងឆ្នាំ ២០០៦, ២០០៧, ២០១៤, ២០១៥, ២០១៦ និង ២០២០ ហើយលើកទី៧ នេះពួកគេអាចនឹងបង្ហាញភាពខ្លាំងសារជាថ្មីតទល់ក្រុម Roma ក្នុងការប្រកួតប្រជែងមួយនេះ។
Roma ជាក្រុមមិនដែលឈ្នះពានរង្វាន់ Europa League ម្តងឡើយ ដោយត្រឹមជាក្រុមជើងឯករងក្នុងពានរង្វាន់ UEFA Cup ឆ្នាំ ១៩៩១ និង European Cup ក្នុងឆ្នាំ ១៩៨៤។ ពានរង្វាន់ Europa Conference League កាលពីរដូវកាលមុន ជាពានអឺរ៉ុបលើកដំបូងដែល Roma បានឈ្នះចាប់តាំងពីឆ្នាំ ១៩៦១ ដែលកាលនោះពួកគេបានឈ្នះពាន Inter-Cities Fair Cup៕

Tag:
Europa League
AS Roma
Sevilla
© រក្សាសិទ្ធិដោយ thmeythmey.com