ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទស្សនៈ ៖ កុំឆាប់ជឿ កុំងាយសង្ស័យ
31, May 2023 , 1:00 pm        
រូបភាព
រូបបង្ហាញពីបុរសម្នាក់ កំពុងពិចារណានូវអ្វីដែលសរសេរក្នុងសៀវភៅ (រូបពីគេហទំព័រ៖ https://images.yourstory.com/)។
រូបបង្ហាញពីបុរសម្នាក់ កំពុងពិចារណានូវអ្វីដែលសរសេរក្នុងសៀវភៅ (រូបពីគេហទំព័រ៖ https://images.yourstory.com/)។
ដោយ៖ ទេពញាណ

«ចាញ់បោក កើតចេញពីការឆាប់ជឿ។ បែកបាក់ កើតចេញពីការងាយសង្ស័យ»។



តួនាទីសំខាន់បំផុតរបស់ខួរក្បាល គឺការត្រិះរិះពិចារណា។ ការត្រិះរិះពិចារណានេះហើយ អាចឲ្យអ្នកដឹង ខុសឬត្រូវ ល្អឬអាក្រក់ ពិតឬក្លែងក្លាយ មានហេតុផលឬគ្មានហេតុផល ស្មោះត្រង់ឬបោកប្រាស់ គួរឬមិនគួរ សមឬមិនសម ទំនងឬមិនទំនង។ សូម្បីសំណេរអំពីទស្សនៈនេះ ក៏អ្នកត្រូវអានបណ្តើរគិតបណ្តើរដែរ ថាកន្លែងណា ដែលសមហេតុផល ហើយកន្លែងណា ដែលប្រាសចាកហេតុផល។   
 
គ្រប់រឿងដែលអ្នកបានឃើញ បានឮ និងបានជួបប្រទះ ចាំបាច់ត្រូវឆ្លងកាត់ការវិនិច្ឆ័យ មុននឹងសម្រេចទទួលយក ឬច្រានចោល។ ខួរក្បាល ហាក់គ្មានន័យឡើយ បើអ្នកចេះតែជឿ ដោយមិនបានឆ្លងកាត់ការគិត។   
 
ឧទាហរណ៍៖ ក្នុងរឿងនយោបាយ ក្នុងរឿងជំនឿ ឬក្នុងរឿងដទៃទៀត ឲ្យតែអ្នកឆាប់ជឿក្នុងរឿងណាមួយ អ្នក មុខតែនឹងធ្លាក់ទៅក្នុងការចាញ់បោកក្នុងរឿងនោះជាមិនខាន។   
អ្នកនយោបាយពូកែណាស់ ក្នុងការប្រើវោហារ ការរៀបចំខ្លួន ការរៀបឫក ការធ្វើកាយវិការ ដើម្បីទាក់ទាញការគាំទ្រពីប្រជាជន ទាំងដែលជួនកាល ធាតុពិតរបស់អ្នកនយោបាយ មិនដូចអ្វីដែលអ្នកបានឃើញបានឮឡើយ។ មិនចេះ មិនដឹង អ្នកនយោបាយ អាចធ្វើជាចេះ ធ្វើជាដឹង។ ធ្វើមិនកើត ទៅមិនរួច អ្នកនយោបាយ អាចនិយាយថា អាចធ្វើកើត អាចទៅរួច។ គ្មានគុណធម៌ អ្នកនយោបាយ អាចធ្វើដូចជាមានគុណធម៌។ គិតប្រយោជន៍ផ្ទាល់ខ្លួន អ្នកនយោបាយ អាចធ្វើដូចជាគិតប្រយោជន៍ជាតិ។ ចូលចិត្តភាពខ្ពង់ខ្ពស់ អ្នកនយោបាយ អាចដាក់ខ្លួន ធ្វើដូចជាសាមញ្ញ។ នយោបាយ ត្រូវតាមដាន តែកុំឆាប់លង់។
 
មេជំនឿ ឬមេលទ្ធិ ក៏មិនអន់ដែរ។ ពួកគេ ចូលចិត្តឃោសនាថា ខ្លួន ជាអ្នកមានបុណ្យ ជាព្រះ ជាអាទិទេព ជាទេវតា ជាព្រះព្រហ្ម ជាព្រះបាទធម្មិក ឬជាសម្តេច ជួន ណាត ចាប់ជាតិ ជាដើម។ អ្នកខ្លះទៀត បង្កូកប្រកាសថា គេ មានសិល្ប៍ មានវេទមន្ត អាចបណ្តេញខ្មោចព្រាយបិសាចចេញពីក្នុងខ្លួន អាចរំដោះគ្រោះបានគ្រប់យ៉ាង និងអាចព្យាបាលជំងឺបានគ្រប់មុខ។ 
 
ប្រភេទមេជំនឿខាងលើនេះ ធ្លាប់កើតមានក្នុងស្រុកខ្មែរអស់ហើយ ហើយសុទ្ធតែធ្លាប់មានអ្នកជឿ។ លទ្ធផលចុងក្រោយ ដែលអ្នកជឿទទួលបាន គឺការចាញ់បោក។ ហេតុផលមានតែមួយគត់ ដែលនាំឲ្យធ្លាក់ទៅក្នុងការចាញ់បោកនេះ គឺការជឿ ដោយគ្មានការគិត។ 
 
ក្រៅពីការឆាប់ជឿ គ្រោះថ្នាក់មួយទៀតរបស់មនុស្ស គឺការងាយសង្ស័យ។ ការសង្ស័យគ្នា នាំទៅរកការលែងជឿទុកចិត្តគ្នា។ ការលែងជឿទុកចិត្តគ្នា នាំទៅរកការបែកបាក់។ កន្លែងណា មានការសង្ស័យ កន្លែងនោះ ប្រឈមនឹងការបែកបាក់។ 
 
សង្ស័យក្នុងមិត្តភាព នឹងធ្វើឲ្យមិត្តភាពបែកបាក់។ សង្ស័យក្នុងគ្រួសារ នឹងធ្វើឲ្យគ្រួសារបែកបាក់។ សង្ស័យ កើតឡើងនៅកន្លែងធ្វើការ ការបែកបាក់ នឹងកើតឡើងនៅកន្លែងធ្វើការ។ សង្ស័យ កើតឡើងក្នុងសង្គម ការបែកបាក់ នឹងកើតឡើងក្នុងសង្គម។
 
ការសង្ស័យ ជាមេរោគដ៏អាក្រក់ក្នុងខ្លួនមនុស្ស។ បើមិនចង់ឲ្យមិត្តភាព គ្រួសារ កន្លែងធ្វើការ ឬសង្គមជាតិ ជួបការបែកបាក់ អ្នក ត្រូវទប់ស្កាត់កុំឲ្យការសង្ស័យចូលក្នុងខ្លួនអ្នកដោយងាយៗឲ្យសោះ។   
 
អ្នកខ្លះ រាប់អានគ្នាអស់រាប់ឆ្នាំ ហើយអ្នកខ្លះ យកគ្នាជាប្តីប្រពន្ធដល់ទៅមានកូនទៅហើយ តែបែរជាមកចែកផ្លូវគ្នា ដោយសារត្រឹមការសង្ស័យ។ ពេញមួយជីវិត បើឲ្យចៀសផុតបានទាំងស្រុងពីការខ្សឹបខ្សៀវ ឬការនិយាយបែបនេះបែបនោះរបស់អ្នកដទៃ គឺមិនអាចឡើយ។ អ្វីដែលសំខាន់ អ្នក មិនត្រូវឆាប់ជឿ និងឆាប់កើតការសង្ស័យគ្នា ដោយគ្រាន់តែឮពាក្យអ្នកដទៃនោះទេ។ 
 
បើមានរឿងមិនល្អណាមួយកើតឡើង អ្នកត្រូវជជែកគ្នា ឬត្រូវសួរនាំគ្នា ឬត្រូវព្យាយាមស្វែងរកហេតុផល ភស្តុតាង និងការពិត។ ចៀសវាងឲ្យបាន គឺការសង្ស័យលើភាគីម្ខាងទៀត ទាំងដែលគេមិនបានធ្វើខុស។   
 
ជារួម ក្នុងជីវិតមនុស្ស គេ ត្រូវព្យាយាមចៀសវាងឲ្យបាននូវគ្រោះថ្នាក់ទាំង២នេះ គឺការឆាប់ជឿ ដោយគ្មានការគិត និងការងាយសង្ស័យ ដោយគ្មានការស្វែងរកការពិត៕ 
 

Tag:
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com