អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Pita ជាប់សង្ស័យមានភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលអាចអស់ផ្លូវធ្វើនាយករដ្ឋមន្រ្តី
01, Jun 2023 , 2:39 pm        
រូបភាព
លោក Pita Limjaroenrat  ប្រមុខបក្សឆ្ពោះទៅមុខ ។ រូបភាពពីហ្វេសបុក Pita Limjaroenrat - พิธา ลิ้มเจริญรัตน์ ។
លោក Pita Limjaroenrat ប្រមុខបក្សឆ្ពោះទៅមុខ ។ រូបភាពពីហ្វេសបុក Pita Limjaroenrat - พิธา ลิ้มเจริญรัตน์ ។
លោក Pita Limjaroenrat  ដែលជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបក្សឆ្ពោះទៅមុខ កំពុងជាប់សង្ស័យជុំវិញការកាន់កាប់ភាគហ៊ុនចំនួន៤២ ០០០ភាគហ៊ុននៅក្នុងក្រុមហ៊ុនទូរទស្សន៍ iTV ដែលជាទូរទស្សន៍ឯករាជ្យដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០។ ការនេះបានធ្វើឱ្យមានមន្ទិលជាច្រើនជុំវិញថាតើលោក Pita អាចក្លាយជានាយករដ្ឋមន្ត្រីរបស់ថៃនាពេលអនាគតឬយ៉ាងណា ?

 
នៅក្នុងរដ្ឋធម្មនុញ្ញ ថៃមិនអនុញ្ញាតឱ្យអោយចូលរួមប្រជែងការបោះឆ្នោតទេ ប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានចាប់ផ្តើមស៊ើបអង្កេតលើពាក្យបណ្តឹងនៃការកាន់កាប់ភាគហ៊ុនប្រឆាំងនឹងលោក Pita ដែលជាសមាជិកសភាក្នុងបញ្ជីបក្ស និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សឆ្ពោះទៅមុខ។
 
មានសំនួរជាច្រើនជុំវិញស្ថានភាពលោក Pita ក្នុងនាមជាសមាជិកសភា និងជានាយករដ្ឋមន្ត្រីនាពេលអនាគត ដោយមានរំពឹងថានឹងអាចមានផលប៉ះពាល់ដល់ជោគវាសនារបស់បេក្ខជនបក្សឆ្ពោះទៅមុខទាំងអស់។
 
លោក​ Wissanu Krea-ngam ជាឧបរដ្ឋមន្ត្រីចាំផ្ទះបានបញ្ជាក់ថា ៖ « ប្រសិន​បើ​ញត្តិប្ដឹង​តែ​ឋានៈ​ជា​សមាជិក​សភា លោក Pita អាច​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី បើ​ទោះ​ជា​ត្រូវ​បាន​ដក​សិទ្ធិ​ ដោយ​សារ​តែ​នាយក​រដ្ឋមន្ត្រី​មិន​តម្រូវ​ឱ្យ​ធ្វើ​ជា​សមាជិក​សភា​ស្រប​ច្បាប់​ទេ ។ ប្រសិនបើការតវ៉ាពាក់ព័ន្ធនឹងគុណវុឌ្ឍិរបស់នាយករដ្ឋមន្ត្រី លោក Pita ក៏នៅតែអាចក្លាយជាសមាជិកសភា »។ 
ដោយឡែក ថាតើនឹងមានការបោះឆ្នោតសារជាថ្មីឬយ៉ាងណានោះលោក Wissanu Krea-ngam បានអះអាងថាលោកមិនទាន់ដឹងពីព័ត៌មានលម្អិតនៃញត្តិប្រឆាំងនឹងលោក Pita នៅឡើយទេ។ លោកអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តការស្ងប់ស្ងាត់ និងកុំសន្មតអ្វីទាំងអស់។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
 
មកទល់ពេលនេះ ​គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ មិនទាន់បានចាត់វិធានការណ៍ណាមួយនៅឡើយទេ ។ សកម្មជននយោបាយលោក Ruangkrai Leekitwattana ដែលជាអ្នកដាក់ញត្តិប្តឹងបាននិយាយថា ញត្តិរបស់គាត់គ្របដណ្តប់គ្រប់ចំណុច ដែលអាចជះឥទ្ធិពលដល់បញ្ហាការដឹកនាំបក្សរបស់លោក Pita និងការបេក្ខជននៅក្នុងបក្សដទៃទៀត។ 
 
ជុំវិញញត្តិទាំងនេះ លោក Pita បានអះអាងទៅកាន់អ្នកគាំទ្រខ្លួនកាលពីថ្ងៃទី ៣១ ថា លោកមិនព្រួយបារម្ភអំពីញត្តិនេះទេ ហើយគណបក្សបានត្រៀមលក្ខណៈដើម្បីដោះស្រាយស្ថានភាពនេះ ហើយលោកមានពេលសម្រាប់បំភ្លឺការចោទប្រកាន់នេះ។ ប្រមុខបក្សរូបនេះបានបញ្ជាក់ថា លោកក៏មិនបានឃើញព័ត៌មានលម្អិតនៃពាក្យបណ្តឹងនោះនៅឡើយទេ។
 
លោក Pita ក៏បានឆ្លើយតបទៅកាន់អ្នករិះគន់ដែរថា ក្រុមការងារអន្តរកាល និងក្រុមការងារទាំងប្រាំពីរដែលបក្សលោកបានបង្កើត មិនមែនជាគណៈរដ្ឋមន្ត្រីស្រមោលទេ ហើយពួកគេនៅទីនេះគឺដើម្បីដោះស្រាយបញ្ហាដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នាតែប៉ុណ្ណោះ។
 
ចំណែកលោក ប្រាយុទ្ធ ចាន់អូចាបានឆ្លើយតបទៅវិញថា គ្មានទីភ្នាក់ងាររដ្ឋណាមួយបានទាក់ទងបក្សឆ្ពោះទៅមុខ ដើម្បីរៀបចំកិច្ចប្រជុំជាមួយក្រុមអន្តរកាលនៃក្រុមចម្រុះដែលដឹកនាំដោយបក្សឆ្ពោះទៅមុខនោះទេ។ 
 
នាយករដ្ឋមន្ត្រីចាំផ្ទះថៃរូបនេះបានរិះគន់ផែនការអន្តរកាលរបស់បក្សឆ្ពោះទៅមុខថា មិនសមរម្យ ព្រោះវាមិនមែនជារដ្ឋាភិបាលនៅឡើយ៕
 

Tag:
 ថៃ
  បោះឆ្នោត
  បក្សឆ្ពោះទៅមុខ
© រក្សាសិទ្ធិដោយ thmeythmey.com