ជាតិ
កុមារកម្ពុជាជាង ១លាននាក់ ទទួលបានការគាំពារពីអង្គការទស្សនៈពិភពលោក​ ក្នុងឆ្នាំ២០២២
02, Jun 2023 , 7:59 pm        
រូបភាព
រូបភាពពី៖ World Vision
រូបភាពពី៖ World Vision
ភ្នំពេញ៖ នៅឆ្នាំ២០២២ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា(World Vision) បានសហការជាមួយអាជ្ញាធរ ដៃគូ  និង សហគមន៍ ដើម្បីគាំទ្រដល់កុមារ យុវជន និងគ្រួសារងាយរងគ្រោះបំផុត។ អង្គការទស្សនៈនេះ បានផ្តល់ផលវិជ្ជមានដល់ប្រជាជនជាង ៤,៥លាននាក់ ក្នុងនោះមានកុមារជាង ១,៣លាននាក់ នៅតាមបណ្តាខេត្តចំនួន ១៤ និងរាជធានីភ្នំពេញ ដែលទទួលការយកចិត្តទុកដាក់ផងដែរ។



អង្គការទស្សនៈពិភពលោក បានអនុវត្តវិធីសាស្រ្តចំនួន៣ ដើម្បីបង្កើនចំនួនកុមារដែលមានសុខភាពល្អ រួមមាន កិច្ចអន្តរាគមន៍សុខភាព អាហារូបត្ថម្ភ កម្មវិធីទឹកស្អាត និងអនាម័យ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ 
  

កម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីគាំទ្រការសិក្សាកុមារអំឡុងពេលកូវីដ-១៩។ រូបភាពពី៖ World Vision
 
ទន្ទឹមនឹងនោះ អង្គការទស្សនៈពិភពលោក បានពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិជាង ១៦០០នាក់។ ក្រុមទ្រទ្រង់សុខភាពភូមិ បានចុះប្រឹក្សាដល់អាណាព្យាបាលរបស់កុមារជាង ១០០០នាក់ និងផ្តល់ការគាំទ្រដល់ប្រជាជនជាង ៦០០០០នាក់ ដើម្បីទទួលបានទឹកស្អាត​ បង្គន់អនាម័យ និងគាំទ្រដល់សហគមន៍កសិកម្មចំនួន៥៧ និងក្រុមអ្នកផលិតចំនួន៤៩ ដើម្បីបង្កើនជីវភាពរស់នៅ និងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់គ្រួសារ។
 
កម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីគាំទ្រការសិក្សាកុមារអំឡុងពេលកូវីដ-១៩ជាង ១៨៦ ៩០០ នាក់ ដោយមានកុមារីជាង ៩១ ៥០០នាក់។ ក្នុងនោះក៏មាន កម្មវិធីកញ្ចប់សិក្សាបំប៉នសមត្ថភាពសម្រាប់កុមារថ្នាក់មតេ្តយ្យ និងសកម្មភាពផ្សេងៗទៀតដូចជាជំរំអំណាន ការបំពាក់បំប៉នសមត្ថភាពដល់គ្រូបង្រៀន និងលទ្ធភាពដែលសិស្សទទួលបានសៀវភៅអាន។
  
អង្គការទស្សនៈពិភពលោក​ បានយកចិត្តទុកដាក់លើការប្រើប្រាស់ហិង្សាដល់កុមារ ដោយសហការជាមួយក្រសួងសង្គមកិច្ច។ រូបភាព៖ World Vision

អង្គការទស្សនៈពិភពលោក​ បានយកចិត្តទុកដាក់លើការប្រើប្រាស់ហិង្សាដល់កុមារ ដោយសហការជាមួយក្រសួងសង្គមកិច្ច ដើម្បីបណ្តុះបណ្តាលកុមារជិត ២៥ ០០០ នាក់ អំពីជំនាញបំណិនជីវិតពាក់ព័ន្ធនឹងកិច្ចការពារកុមារ។ ចំណែកការបណ្តុះបណ្តាលអាណាព្យាបាលមានប្រមាណ ១២ 000នាក់ ពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងគាំទ្រដល់ការបង្កើត កសាងសមត្ថភាពក្រុមការពារកុមារតាមឃុំ ផងដែរ។ 
 
សូមបញ្ជាក់ថា អង្គការទស្សនៈពិភពលោក​ (World Vision) ជាស្ថាប័នដំបូងគេក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដទៃទៀត នៅក្នុងឆ្នាំ២០២២ ដែលបានឆ្លើយតបនឹងគ្រោះទឹកជំនន់ ​សន្តិសុខ​ស្បៀង​ ទឹកស្អាត និងអនាម័យ សម្ភារៈប្រើប្រាស់ និង​ការយល់ដឹង​ពី​ការការពារ​កុមារ ជាដើម៕
 
 

Tag:
 ThmeyThmey
  ទិវាសិទ្ធកុមារអន្តរជាតិ
  World Vision
 
© រក្សាសិទ្ធិដោយ thmeythmey.com