ជាតិ
​​​ន​យោ​បាយ​ជាតិ​
បរទេសរឹតតែធ្វើអន្តរាគមន៍ អ្នកជាប់ឃុំកាន់តែគ្មានផ្លូវបានចេញ
03, Jun 2023 , 11:05 am        
រូបភាព
ការដែលសហគមន៍អន្តរជាតិ រដ្ឋបរទេស អង្គការបរទេស ឬអ្នកណាផ្សេងទៀត ប្រឹងលើកហេតុផលបែបនេះបែបនោះ ដើម្បីទាមទារដោះលែងអ្នកប្រឆាំង និងសកម្មជននានា គឺមិនត្រូវចិត្តមេដឹកនាំកម្ពុជាសោះឡើយ។ ការធ្វើអន្តរាគមន៍តាមរបៀបនេះជាមួយមេដឹកនាំកម្ពុជា នឹងមិនទទួលបានលទ្ធផលនោះទេ។


 
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាថា បើមានអន្តរាគមន៍ពីសំណាក់ភាគីណាមួយ ដើម្បីឲ្យលើកលែងទោសដល់អ្នកទោសណា អ្នកទោសនោះ នឹងមិនត្រូវលើកលែងឡើយ។ សម្តេច សង្កត់ធ្ងន់ដូច្នេះថា៖«សូមជម្រាបជូនសារទៅ អន្តរាគមន៍លើអ្នកណា អ្នកណាហ្នឹងជាប់គុករហូត ជាប់គុកឲ្យគ្រប់ថ្ងៃ [ដែលតុលាការកំណត់]»។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រើពាក្យដូចលើកមុនៗថា ត្រូវអនុវត្តច្បាប់កម្ពុជាដោយគ្មានការលើកលែង ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួន ដែលមិនត្រូវមានការលូកដៃពីបរទេសណាឡើយ។
 
សម្តេច ហ៊ុន សែន បានលើកករណីអ្នកនាង សេង ធារី ជាស្រ្តីខ្មែរ ដែលមានសញ្ជាតិអាម៉េរិក ទៅនិយាយ។ សម្តេច លើកឡើងថា អ្នកនាង គ្មានឱកាសអាចទទួលបានលើកលែងទោស ដោយសារមានបរទេសធ្វើអន្តរាគមន៍ទាមទារឲ្យដោះលែងអ្នកនាង។ 
 
ជាមួយគ្នានេះ សម្តេច ថែមទាំងរម្លឹកឡើងវិញថា សម្តេច មិនអាចលើកលែងទោសឲ្យអ្នកណា ដោយសារមិនទុកចិត្តជនបរទេសមួយចំនួន ដែលចូលចិត្តរំខាន និងមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ពាក្យ «អ្នកណា» នៅទីនេះ សម្តេច ទំនងសំដៅលើលោក កឹម សុខា ព្រោះសម្តេចធ្លាប់មានប្រសាសន៍ពីរឿងនេះម្តងពីរដងរួចមកហើយ។ 
 
ពិតជាគ្មានសង្ឃឹមមែន បើភាគីណា ជាពិសេសបរទេស លូកដៃចូលធ្វើអន្តរាគមន៍ទាមទារឲ្យដោះលែងអ្នកនេះអ្នកនោះ តែអាចមានសង្ឃឹម បើអ្នកជាប់ឃុំជាសាមីខ្លួន សុំអន្តរាគមន៍ខ្លួនឯងទៅកាន់សម្តេចនាយករដ្ឋមន្រ្តី។ គេ បានឃើញរួចមកហើយ មួយរយៈចុងក្រោយនេះ អ្នកជាប់ឃុំដែលមាននិន្នាការប្រឆាំង ត្រូវបានលើកលែងទោសជាហូរហែ បន្ទាប់ពីពួកគេសារភាពកំហុស និងសុំកិច្ចអន្តរាគមន៍ទៅប្រមុខរដ្ឋាភិបាល។ 
 
មិនត្រឹមអ្នកជាប់ឃុំឡើយ អ្នកជាប់ទោស ដែលគេចខ្លួនទៅក្រៅប្រទេស ក៏ត្រូវបានលើកលែងឲ្យដែរ ក្រោយពួកគេសុំទោស និងសុំការអនុគ្រោះពីសម្តេចនាយករដ្ឋមន្រ្តី។ វិធី១ទៀត ដែលពួកគេ អាចទទួលបានការលែងទោសដែរនោះ គឺប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី៕ 

Tag:
 (សម្តេច ហ៊ុន សែន
  អ្នកជាប់ឃុំ)
© រក្សាសិទ្ធិដោយ thmeythmey.com