កីឡាជាតិ
ជាតិ
ចង់ក្លាយជា​កីឡាករប្រដាល់ប៉ុន្តែយឺតពេល លោក អ៊ី ទូច ​ខ្នះខ្នែងបណ្តុះកូនៗរបស់ខ្លួន
05, Jun 2023 , 7:59 am        
រូបភាព
លោក អ៊ី ទូច ផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ
លោក អ៊ី ទូច ផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ
លោក អ៊ី ទូច ឪពុករបស់កីឡាករទូច ដេវីត និង កីឡាការិនី ទូច ចាន់វត្តី បានប្រាប់ថារូបលោក បានបង្រៀនកូនពីមូលដ្ឋានខ្លះ នៃប្រដាល់គុនខ្មែរ។ ឪពុករូបនេះ សប្បាយចិត្តជាខ្លាំងពេលកូនរបស់លោកបានសម្រេចក្ដីស្រមៃពួកគេ និងក្ដីស្រមៃរបស់ខ្លួន ព្រោះ លោក អ៊ី ទូចតែងចង់ក្លាយជាកីឡាករប្រដាល់មួយរូប ប៉ុន្ដែមិនអាចសម្រេចបាន ដោយសារមានវ័យជ្រេទៅហើយ។


លោក អ៊ី ទូច ដែលមានវ័យ៥០ឆ្នាំ បានប្រាប់សារព័ត៌មានថ្មីៗថា កាលពីមិនទាន់មានវ័យជ្រេ ប្រហែលអាយុ ២០-៣០ឆ្នាំរូបលោក ចង់ក្លាយជាកីឡាករប្រដាល់មួយរូប ហើយតែងតែទៅមើលអ្នកហាត់ប្រដាល់នៅជិតផ្ទះខ្លួនហ្វឹកហាត់ ប៉ុន្ដែមិនមានឱកាសក្លាយជាកីឡាករដោយខ្លួនឯង។
 
បុរសវ័យ៥០ឆ្នាំ ជាអ្នកស្រុកកៀនស្វាយរូបនេះ តែងចាំនូវការណែនាំនិងក្បួនហ្វឹកហាត់មួយចំនួន នៃប្រដាល់គុនខ្មែរ។ 
 
«ខ្ញុំធ្លាប់ហាត់ជាមួយគេអ្នកមុនៗ ដោយឃើញគេហាត់ ខ្ញុំទៅមើលគេហាត់ ដល់តែពេលគេប្រាប់សិស្សគេយើងចេះតែចាំទុកទៅ។ ដល់ពេល យើង យកមកបង្រៀនកូនយើង យើងប្រាប់កូនយើងចឹងដែរទៅ។
 
យើងធ្វើរបៀបដូចគេ ដែរទៅ មានកន្លែងអាវ៉ង់ កន្លែងហាត់ កន្លែងទាត់។ យើងប្រាប់កូនថាទី១ ព្រលឹមឡើងត្រូវធ្វើដូចម្ដេច ហើយដំបូង យើងត្រូវធ្វើយ៉ាងមិច អីបែបមិច។
ដល់កូនធ្វើតាមយើងទៅ បានជោគជ័យទៅ។»។ លោក អ៊ី ទូចបាននិយាយប្រាប់ដូច្នេះ។
 
ដោយសារតែមិនអាចសម្រេចក្ដីប្រាថ្នាខ្លួនក្នុងការក្លាយជាកីឡាករប្រដាល់មួយរូប លោក អ៊ី ទូចបានបណ្ដុះកូនប្រុសខ្លួន ទូច ដេវីត ឲ្យក្លាយជាកីឡាករប្រដាល់។ នេះក៏ស្របតាមចំណង់ចំណូលចិត្តរបស់ដេវីត ដែលស្រឡាញ់វិស័យកីឡានេះផងដែរ។ ឪពុករូបនេះបាននិយាយដូច្នេះថា៖«ខ្ញុំមានចំណាប់អារម្មណ៍ផ្នែកខាងប្រដាល់ តាំងពីដើមមកហើយណាមួយចង់បណ្ដុះកូន។

ខ្ញុំចង់ឡើងប្រកួតខ្លួនឯងដែរ ប៉ុន្ដែខ្ញុំហួសពេលហើយ។ដូច្នេះ ខ្ញុំចេះ​ តែមានគំនិតមួយបណ្ដុះកូន ហើយណាមួយកូន កាលនៅពីតូច​ចង់ផ្នែកនេះដែរ។»។
 
ការបង្វឹកកូនប្រុសខ្លួនដំបូងលោក អ៊ី ទូច ប្រាប់ថាមានការលំបាកជាច្រើន ប៉ុន្ដែឧបសគ្គនោះ គឹត្រង់មិនមានថវិការគ្រប់គ្រាន់ក្នុងការទិញសម្ភារៈ ហ្វឹកហាត់ ដូចជាបាវសាក់ ស្រោមដៃប្រដាល់និងសម្ភារៈសម្រាប់វាយឡាំមួយចំនួន។ ដូច្នេះ ហើយលោក ទូច ត្រូវការសន្សំប្រាប់បន្ដិចបន្ដួចដើម្បីទិញ។
 
សម្ភារៈ និងឧបករណ៍ហ្វឹកហាត់ទាំងនោះ ឪពុករូបនេះ បានរៀបចំជាកន្លែងហាត់សម្រាប់កូននៅទីធ្លាក្រោយផ្ទះ ដែលមានដើមឈឺមួយចំនួនជាម្លប់។ បាវសាក់ លោក អ៊ី ទូច ចង់ជាមួយដើមមានរួចបង្រៀនកូនឲ្យចេះទាត់ និងវាយ។
 
បុរសវ័យ ៥០ឆ្នាំបានប្រាប់បែបនេះថា៖«ដល់តែពេលអាយុ១៨ឆ្នាំ វា ចេះតែចង់ទៅៗ វាក៏ទារខ្ញុំទិញបាវសាក់ ហើយខ្ញុំចេះ តែសន្សំលុយម្ដងតិចៗ បានរៀងច្រើនតិចទៅ ទិញបាវសាក់បានមួយយកមកច្រកអង្កាម។ ហើយទាត់មួយវាមុខផ្ទះលេង យូរៗ ទៅខ្ញុំទៅចងដើមមានក្រោយផ្ទះទាត់លេងមួយវា។ ខ្ញុំ ចេះតែប្រាប់ក្បួនខ្នាតទាត់របៀបមិញ ហាត់ដំបូង ធ្វើមិចៗអ៊ីចឹងទៅ។»។ 
 
នាអំឡុងឆ្នាំ២០១៩បន្ទាប់ពីបង្រៀន ទូច ដេវីត បានមួយឆ្នាំ ឪពុករូបនេះ ឃើញថា កូនប្រុសខ្លួនមានសមត្ថភាពនិងមានទេព្យកោសល្យ ក្នុងវិស័យប្រដាល់ លោក អ៊ី ទូច ក៏សម្រេចចិត្តបញ្ជូនកូនឲ្យទៅហ្វឹកហាត់នៅក្លិបអារុណរះ។ ពេលទៅដល់ក្លិបនេះ ប្រធានក្លិប មិនសូវចង់ទទួលប៉ុន្មានទេដោយត្រូវឆ្លងកាត់ការសួរ និងតេស្ដមួយចំនួន។ បន្ទាប់ពី លោក អ៊ី ទូច បញ្ជាក់ថា ដេវីតអាចនឹងត្រូវចេញប្រកួតប្រសិនជាអំណោយផលល្អ ហើយមានទេព្យកោសល្យក្នុងការហ្វឹកហាត់។

ជាសំណាង ក្លិបអារុណរះ មិនមានយកថវិការទេ។
 
«ហាត់នេះមើលវាដែរ ប្រសិនផ្លែល្អ ឲ្យឡើងប្រកួត មិនទុកឲ្យខាតប្រយោជន៍ទេ។ ដូច្នេះក្លិបគេអត់យកលុយ យកកាកអីទេ។ ខ្ញុំ តាមសួរគ្រូ ថាកូនខ្ញុំយ៉ាងមិចដែរ។
 
គ្រូគាត់ប្រាប់ខ្ញុំ ដែរថា ដេវីត តស៊ូហ្វឹកហាត់ណាស់។ ដៃ​ជើង ជង្គង់អីវៃចេញទៅល្អតាស គ្រាន់តែមិនទាន់ស្ទុះ។ ខ្ញុំ សួរគ្រូ គ្រូប្រាប់ថា ហាត់តែ៣ខែដាក់ឪ្យឡើងប្រកួតហើយ។»។ បុរសវ័យ ៥០ឆ្នាំនេះបានប្រាប់ដូច្នេះ។
 
នៅពេលឡើងប្រកួតដំបូងបន្ទាប់ពីហាត់នៅក្លិបអរុណរះ បាន៣ខែ ទូច ដេវីត ភ័យណាស់ប៉ុន្ដែត្រូវបានឪពុកតាមផ្ដល់កម្លាំងចិត្ត ដោយប្រាប់ថាកីឡាករវាយដំបូងសុទ្ធតែថ្មីដូចគ្នា ដូច្នេះមិនបាច់ភ័យទេ។
 
បន្ទាប់មកទៀត ពេលកីឡាករ ទូចដេវីត ចេញប្រកួតដំបូងៗនៅទីក្រុងភ្នំពេញ គឺមានការលំបាក ដោយសារមិនស្គាល់ផ្លូវនិងចរាចរណ៍ បន្ថែមជាងនេះទៀត គឺការខ្វះថវិការ ក្នុងការធ្វើដំណើរ។ លោក អ៊ី ទូចប្រាប់បន្ថែមទៀតថា៖ «ជួយកាលជិះ យកលុយ ឲ្យកូន ទាំងកណ្ដាលផ្លូវពេលទៅហ្វឹកហាត់ និងពេលទៅប្រកួត ឲ្យគ្នាមានលុយចាក់សាំង និងមានលុយហូបចុកគ្រប់គ្រាន់ឲ្យឆ្ងាញ់ៗ ព្រោះអី វាហាត់ វាហត់ចឹងទៅណា។ ហើយម្យ៉ាងទៀត លុយកាក់ ក៏វាខ្វះខាតក្នុងការធ្វើដំណើរ ជួន មានតិច មានច្រើនចឹងដែរ។ ខ្វះខាតនោះ វាខ្វះហើយ ប៉ុន្ដែ ខ្ញុំបានប្រាប់វាថា ប្រឹងប្រែង នៅតែប្រឹងប្រែងចឹងទៅ ហើយរៀន ដាច់ខាតកុំបោះបង់ចោល។ ដេវីតរៀនផង ទៅហ្វឹកហាត់ផង។ ពេលព្រឹកចឹង ឆ្លៀតរត់ទៅរៀន ជួនទាន់ម៉ោង ជួនអត់ទាន់ម៉ោង។
 
ប៉ុន្ដែគ្រូ គាត់លើកលែង ឲ្យដែរ ទោះបីយឺតខ្លះ ព្រោះគ្រូគាត់ដឹងថាកីឡាពេលខ្លះរវល់ទៅ។»។
 
លោក អ៊ី ទូចបានប្រាប់ពីចំណាប់អារម្មណ៍ ដែលសប្បាយចិត្តជាងគេនោះ គឺកូនរបស់លោកទាំងពីរ គឺទូចដេវីត ដណ្ដើមបានមេដាយសំរិទ្ធ លើកីឡាប្រដាល់សកល និង ទូច ចាន់វត្តី
បានដណ្ដើមមេដាយមាសលើកីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២៕
 
 
 

Tag:
 ប្រដាល់គុនខ្មែរ
 អ៊ី ទូច
  ទូច ដេវីត
  ទូចចាន់វត្តី
© រក្សាសិទ្ធិដោយ thmeythmey.com