កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan Ibrahimovic ចូលនិវត្ត វ័យ៤១ ឆ្នាំ
05, Jun 2023 , 11:37 am        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែត Zlatan Ibrahimovic ប្រកាសចូលនិវត្តពីវិស័យបាល់ទាត់។ ការប្រកាសរបស់ខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះ ធ្វើឡើងនាការប្រកួតរវាងក្រុម AC Milan ដែលយកឈ្នះលើក្រុម Hellas Verona ដោយលទ្ធផល៣-១ នាទឹកដី San Siro ក្នុងទីក្រុង Milan នៅថ្ងៃទី៥ មិថុនា។



«ការចងចាំ និងអនុស្សារីយ៍ រួមទាំងក្តីរំភើប រំជួលចិត្តជាច្រើន នៅក្នុងពហុកីឡដ្ឋាននេះ។ នៅពេលខ្ញុំមកកាន់ទីនេះលើកទី១ អ្នកទាំងអស់គ្នា បានផ្ដល់ក្តីសប្បាយរីករាយ មកឱ្យរូបខ្ញុំ។ នៅពេលខ្ញុំ មកកាន់ទីនេះ ជាលើកទី២ អ្នកទាំងអស់គ្នា បានផ្ដល់ក្តីស្រលាញ់មកឱ្យខ្ញុំ»។ Zlatan Ibrahimovic បានថ្លែងបែបនេះ ទៅកាន់ប្រធានក្លិប ក្រុមការងារ មិត្តរួមក្រុម និងអ្នកគាំទ្រខ្លួន នៅក្នុងពហុកីឡដ្ឋាន San Siro ទឹកដី AC Milan ។
 
ក្នុងមួយរដូវកាលនេះ Zlatan Ibrahimovic មិនសូវបានបង្ហាញខ្លួនឱ្យក្រុម AC Milan ឡើយ ដោយសារបញ្ហារបួសញាំញី ។ បញ្ហារបួសនេះហើយ ទើបធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិស៊ុតអែតរូបនេះ សម្រេចចិត្តចាកចេញពីវិស័យបាល់ទាត់។
 
«វាដល់ពេលដែលខ្ញុំត្រូវនិយាយពាក្យថា លាហើយ បាល់ទាត់។ ប៉ុន្តែមិនមែនចាកចេញពីអ្នកគាំទ្រទាំងអស់គ្នានោះទេ។ វាពិតជាពិបាកខ្លាំងណាស់ ក្នុងការនិយាយពាក្យ លា នេះ។ នៅទីនេះ វាធ្វើឱ្យខ្ញុំ មានការរំជើបរំជួលអារម្មណ៍ខ្លាំងណាស់។ ខ្ញុំនឹងវិលមកជួបអ្នកទាំងអស់គ្នាវិញនៅទីនេះ បើសិនជាអ្នកមានសំណាង»។ នេះបើតាមវេបសាយ Goal.com ដែលបានស្រង់សម្តី Zlatan Ibrahimovic។
 
Zlatan Ibrahimovic បានវិលកាន់ទឹកដី San Siro របស់ AC Milan ជាលើកទី២នេះ នៅឆ្នាំ២០២០។សម្រាប់ការវិលមកកាន់ទឹកដីអ៊ីតាលីជាលើកទី២នេះ Zlatan រកបាន៩៣គ្រាប់ ក្នុងការបង្ហាញខ្លួន១៦៣លើក នឹងជួយក្លិបលើកពាន Serie A កាលពីឆ្នាំ២០២២ផងដែរ។ Zlatan Ibrahimovic ក៏បានចូលរួមជាមួយ AC Milan លើកទី១ កាលពីឆ្នាំ២០១១-១២ ដោយរកបាន២៨គ្រាប់ ក្នុងការប្រកួត៣២លើក។
 
ក្នុងអាជីពបាល់ទាត់នេះ ខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះ រកបាន៥១១គ្រាប់ និងជួយក្លិប៤ ឈ្នះពានជាច្រើននៅក្នុងលីគ និងក្របខណ្ឌនានា ។ ក្រៅពី AC Milan មានដូចជា Barcelona , Paris Saint-German និង Ajax ជាដើម។
 
សម្រាប់ជម្រើសជាតិស៊ុយអែតវិញ Zlatan Ibrahimovic ជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ ដោយរកបាន៦២គ្រាប់ ក្នុងការបង្ហាញខ្លួន១២១ ប្រកួត។
 

Tag:
 Zlatan Ibrahimovic
  បាល់ទាត់
 កីឡាអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com