កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អ្នកគាំទ្រចំណាស់ម្នាក់ ទទូចឱ្យពលរដ្ឋបញ្ឈប់ការរើសលើជនពិការ ហើយងាកមកផ្ដល់កម្លាំងចិត្តវិញ
05, Jun 2023 , 5:56 pm        
រូបភាព
«ខ្ញុំអំពាវនាវឱ្យពលរដ្ឋយើង កុំអើសអើងជនពិការ ឱ្យលើកកម្លាំងចិត្តដល់ជនពិការផង។ ទោះបី ពួកគេពិការ ប៉ុន្តែទឹកចិត្តមិនពិការនោះទេ»។ នេះជាការទទូចរបស់ លោកស្រី ទូច ណារី ដែលចង់ឃើញទស្សនិកជនងាកមកគាំទ្រកីឡាជនពិការឱ្យបានកុះករ។

 
សូមទស្សនាវីដេអូខាងក្រោម

ការលើកឡើងរបស់ស្រ្តីចំណាស់រូបនេះ ស្របពេលដែលការប្រកួតកីឡាយូដូ នៅថ្ងៃទី៥ មិថុនានេះ មានតែពលរដ្ឋខ្មែរ ៧ទៅ១០នាក់ប៉ុណ្ណោះ ដែលស្រែកហ៊ោជាកម្លាំងចិត្តដល់អត្តពលិកជាតិ។ ដោយសារឃើញរូបភាពបែបនេះហើយ ទើបលោកស្រី ណារី ចង់ឱ្យពលរដ្ឋចូលរួមផ្ដល់កម្លាំងចិត្តដល់អត្តពលិកប៉ារ៉ាហ្គេម ឱ្យបានច្រើន។ 
 
មានវ័យ៦០ឆ្នាំ លោកស្រី ទូច ណារី បានធ្វើដំណើរស្កាត់ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីមកលើកទឹកចិត្តចៅស្រី ឌួង បញ្ញា និងកីឡាករ-កីឡាការិនីផ្សេងទៀត ដែលបានចូលរួមប្រកួតតំណាងឱ្យកម្ពុជា លើប្រភេទកីឡាប៉ារ៉ាយូដូ នៅទីលានវាយសីភ្នំពេញ នៃអាគារសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតក្នុងខណ្ឌជ្រោយចង្វា។
 
អារម្មណ៍រំភើប និងក្ដុកក្ដួល លោកយាយ ណារី មិនបានឈរស្ងៀមនៅនោះទេ។ ស្រ្តីចំណាស់រូបនេះ ប្រឹងស្រែកផ្ដល់កម្លាំងចិត្តផង សំពះបន់ស្រន់ អមជាមួយអារម្មណ៍ភ័យអរ និងមោទកភាព ចំពោះចៅស្រី និងអត្តពលិកពិការផ្សេងទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com