កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
រដ្ឋមន្រ្តីអប់រំ ៖ វិស័យកីឡា អាចជួយជនពិការភាពក្លាយជាបុគ្គលល្បីនិងទទួលបានការគោរព
06, Jun 2023 , 7:59 am        
រូបភាព
វិស័យកីឡា នឹងធ្វើឲ្យជនមានពិការភាព  ក្លាយជាបុគ្គលល្បីឈ្មោះ និងទទួលបានការគោរព ពីប្រជាជនគ្រប់រូប។ នេះជាការលើកឡើងរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលលើកទឹកចិត្តឱ្យយុវជន ជាពិសេសជនមានពិការភាព ចូលរួមលេងកីឡាឱ្យបានច្រើន។



ថ្លែងក្នុងពិធីប្រកួតបាល់បោះលើរទះប៉ារ៉ាហ្គេម លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា យុវជន ដែលមានពិការភាព អាចជ្រើសរើសប្រភេទកីឡាណាមួយ ដែលសមស្របទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីឈានទៅអភិវឌ្ឍន៍សមត្ថភាព ។ 
 
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ រដ្ឋមន្រ្តីអប់រំរូបនេះ បានពន្យល់ថា៖«យុវជន ដែលមានពិការភាព គឺគាត់អាចចាប់ផ្ដើមលេងកីឡា ហើយក៏ជាឱកាសមួយ ដើម្បីឱ្យគាត់អាចអភិវឌ្ឍន៍ខ្លួនឯង ក្លាយទៅជាអ្នកឯករាជ្យ ក្លាយទៅជាអ្នកកីឡាអាជីព ហើយអាចឱ្យគាត់រស់នៅ ក្នុងសង្គមដោយទទួលបាននូវការគោរព ការរាប់អាន ។ ហើយនៅពេលពួកគាត់លេងល្បីទៀត គាត់ក៏ក្លាយទៅជាតារានៅក្នុងសង្គមផងដែរ»។
 
បើតាមលោក ណារ៉ុន វិស័យកីឡាអាចបណ្ដុះយុវជនពិការភាព ឱ្យក្លាយទៅមនុស្សមានសក្ដានុពល និងមានកិត្តិយស កេរ្តិ៍ឈ្មោះល្បីល្បាញ។ 
 
កន្លងមកក្រសួងអប់រំ ក៏បានរៀបចំកន្លែងលេងកីឡា នៅតាមទីធ្លាសាលារៀននានា សម្រាប់សិស្សានុសិស្ស យុវជន និងអ្នកមានពិការភាព ចូលរួមលេង និងប្រកួត ដើម្បីលើកកម្ពស់វិស័យកីឡា នៅកម្ពុជា។ នេះបើតាមរដ្ឋមន្រ្តីអប់រំ៕
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  ហង់ ជួនណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com