កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម្ចាស់មេដាយមាស យិន សូត៖ ៖ ខ្ញុំពិការតែចិត្តមិនពិការឡើយ ខ្ញុំមានឆន្ទះលើកមុខមាត់ឱ្យប្រទេសជាតិ
06, Jun 2023 , 10:07 am        
រូបភាព
ដោយ អ៊ុត រស្មី និង តន ចាន់រិទ្ធារ៉ា

កីឡាការិនីប៉ារ៉ាអត្តពលកម្ម យិន សូត ទទួលបានមេដាយមាសលើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T11 ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ព្រឹកថ្ងៃអង្គារទី៦ ខែមិថុនា នេះ។

 
«ខ្ញុំពិការតែចិត្តមិនពិការឡើយ ខ្ញុំមានឆន្ទះលើកមុខមាត់ឱ្យប្រទេសជាតិ»។ កីឡាការិនី យិន សូត បានបញ្ជាក់យ៉ាងដូច្នេះ មកកាន់សារព័ត៌មានថ្មីៗ ក្រោយទទួលជ័យជម្នះលើកីឡាការិនីវៀតណាម សម្រាប់ការចូលរួមប្រកួតលើកដំបូងបំផុតលើវិញ្ញាសាចម្ងាយ៨០០ម៉ែត្រ។
 
 
កីឡាការិនីរូបនេះ បានរៀបរាប់ថា ខ្លួនហាក់គ្មានកម្លាំងឡើយ មុនពេលប្រកួត ប៉ុន្តែកម្លាំងចិត្តបានកើតមានឡើង បន្ទាប់ពីប្រឹងរត់ រហូតនាំមុខគូប្រជែងខ្លួន។ «មានអារម្មណ៍ថា សប្បាយចិត្ត និយាយលេងចេញ សប្បាយចិត្តខ្លាំងមែនទែន»។ នេះជាអារម្មណ៍របស់កីឡាការិនី យិន សូត ក៏ជាកីឡាករដឹកដៃរបស់ខ្លួន ព្រោះកន្លងមក គាត់ធ្លាប់តែរត់ចម្ងាយខ្លី ១០០ម៉ែត្រ, ២០០ម៉ែត្រ និង៤០០ម៉ែត្រប៉ុណ្ណោះ។
 
ក្នុងការប្រកួតប្រជែងវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T11 នេះ កីឡាការិនី យិន សូត ប្រើថិរវលា ០២:៥៦.៧៤០ ដោយនាំមុខកីឡាការិនីវៀតណាម Nguyen Kim Xuyen (០៣:០៥.៤៦០)។ កីឡាការិនី ក្រឹម ឡុង ដែលអត្តពលិកម្នាក់ទៀតរបស់កម្ពុជា ទទួលបានមេដាយសំរឹទ្ធជាមួយថិរវេលា ០៣:៣៦.៣១០។
 
 
សម្រាប់កីឡាការិនី យិន សូត នេះជាមេដាយទីពីររបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនៅទឹកដីកំណើត ដោយកាលពីថ្ងៃទី៥ ខែមិថុនា កីឡាការិនីរូបនេះ ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ T11 តាមរយៈការបញ្ចប់ចំណាត់ថ្នាក់លេខ៣បន្ទាប់ពីកីឡាការិនីថៃ Suneeporn Tanomwong និងកីឡាការិនីឥណ្ឌូណេស៊ី Susan Unggu៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com