កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់បោះរទេះនារី់៖ កម្ពុជា ប្តេជ្ញាយកឈ្នះថៃដណ្តើមមេដាយមាសឱ្យបាន
06, Jun 2023 , 2:12 pm        
រូបភាព
ក្រុមកីឡាបាល់បោះរទេះនារីកម្ពុជា វិញ្ញាសា៥ទល់៥ បានកៅអីឡើងទៅដណ្តើមមេដាយមាស ក្រោយឈ្នះហ្វីលីពីនក្នុងលទ្ធផល៤០-២៥ នៅវគ្គជម្រុះ នៅថ្ងៃទី៦ ខែមិថុនា។ កម្ពុជា ប្តេជ្ញាយកឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកមេដាយមាសទី២ លើប្រភេទកីឡាបាល់បោះរទេះនេះ។

 
ក្រោយយកឈ្នះហ្វីលីពីន នៅជំនួបចុងក្រោយវគ្គជម្រុះ កីឡាការិនី តោ ចន្តា តំណាងឱ្យក្រុមទាំងមូល ប្តេជ្ញាយកឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ បើទោះនៅវគ្គជម្រុះ កម្ពុជាធ្លាប់ចាញ់ថៃរួចមកហើយ។
 
«ទោះថៃជាក្រុមខ្លាំង តែក្រុមខ្ញុំនឹងប្រឹងប្រែងប្រជែងយកមេដាយមាសជូនប្រជាពលរដ្ឋកម្ពុជាទាំង១៧លាននាក់ឱ្យបាន» នេះជាការអះអាងរបស់ ចន្តា មុនស្នើឱ្យពលរដ្ឋកម្ពុជាចូលរួមគាំទ្រនៅទីតាំងប្រកួតផ្ទាល់ឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់អត្តពលិកកម្ពុជា។
 
ក្រុមបាល់បោះរទេះនារីកម្ពុជា វិញ្ញាសា៣ទល់៣ បានយកឈ្នះថៃវគ្គផ្តាច់ព្រ័ត្រ ដើម្បីការពារមេដាយមាសរបស់ខ្លួនរួចហើយ។ នៅវគ្គជម្រុះ កម្ពុជា៣ទល់៣ ក៏បានចាញ់ថៃដូចគ្នានេះដែរ។
 
នាការប្រកួតវគ្គជម្រុះបាល់បោះរទេះ៥ទល់៥នារី ក្រុមកម្ពុជា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្រោយឈ្នះ២ និងចាញ់១ ស្របពេលថៃឈ្នះទាំង៣ប្រកួតឈរលេ១។ ឡាវនៅលេខ៣ ឯហ្វីលីពីនបញ្ចប់ចំណាត់ថ្នាក់លេខ៤។
 
តាមក្បួនការប្រកួតកីឡាបាល់បោះរទេះនារីក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រុមលេខ១ ត្រូវជួបក្រុមលេខ២ ដើម្បីដណ្តើមមេដាយមាស ស្របពេលក្រុមលេខ៣ និងលេខ៤ត្រូវប៉ះគ្នាដណ្តើមមេដាយសំរឹទ្ធ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាទីលានសាលដំរី ពហុកីឡដ្ឋាជាតិមរតកតេជោ៕
 

Tag:
 ប៉ារ៉ាហ្គេមលើកទី១២
  បាល់បោះរទេះ
© រក្សាសិទ្ធិដោយ thmeythmey.com