អន្តរជាតិ
ក្រុង​ហុងកុង​ប្រហែល​លែង​អាច​ប្រារព្ធ​ពិធី​រំឮក​ខួប​ប្រចាំ​នៃ​ការបង្រ្កាប​នៅ​ទីលាន Tiananmen បាន​ត​ទៅ​ទៀត
07, Jun 2023 , 7:39 pm        
រូបភាព
រូបឯកសារ៖ ការ​រំឮកខួប​ជនរងគ្រៅដោយសារ​ការ​បង្រ្កាប​របស់រដ្ឋាភិបាល​ចិន៣០ឆ្នាំមុន​លើបាតុករ​នៅ​ទីលាន Tiananmen ក្រុងប៉េកាំង​នៅសួន Victoria ទីក្រុង ហុងកុង កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ការ​រំឮកខួប​ជនរងគ្រៅដោយសារ​ការ​បង្រ្កាប​របស់រដ្ឋាភិបាល​ចិន៣០ឆ្នាំមុន​លើបាតុករ​នៅ​ទីលាន Tiananmen ក្រុងប៉េកាំង​នៅសួន Victoria ទីក្រុង ហុងកុង កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១៩។
ដោយ: VOA
លោក Richard Tsoi កំពុង​សិក្សា​ជំនាញ​គណិតវិទ្យា​នៅ​សាកល វិទ្យាល័យ​មួយ​ក្នុង​ក្រុង​ហុងកុង​ នៅ​ពេល​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ផ្ទុះ​ឡើង​នៅ​ទីលាន​ Tiananmen ក្នុង​ក្រុង​ប៉េកាំង នា​ឆ្នាំ១៩៨៩។ លោក​ជា​មេដឹកនាំ​និស្សិត​កាល​ពី​ពេល​នោះ​ លោកTsoi បាន​រៀបចំ​ក្បួន​បាតុកម្ម​នៅ​ក្រុង​ហុងកុង​ដែល​ស្ថិត​ក្រោម​អាណានិគម​របស់​អង់គ្លេស​នា​ពេល​នោះ​ហើយដែល​ត្រូវ​បាន​ប្រគល់​ត្រឡប់​មក​ជា​ដែនដី​របស់​ចិន​វិញ​នា​ឆ្នាំ១៩៩៧ដើម្បី​គាំទ្រ​ពួក​បាតុករ​នៅ​ចិន​ដី​គោក។

 
លោក​បាន​ថ្លែង​ថា៖ «យើង​ចង់​ឲ្យ​ក្រុង​ហុងកុង​មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​ពិត ណាស់ យើង​ចង់​គាំទ្រ​និស្សិត​នៅ​ចិន​ដីគោក ក៏ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក យើងទស្សន៍ទាយ​ថា ​នៅ​ថ្ងៃ​ទី៣ និង​ទី៤ ខែ​មិថុនា រថក្រោះ​នឹង​ចូលក្នុង​ទីក្រុង​ ហើយ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​នោះ​ទេ។ វា​ជា​រឿង​គួរ​ឲ្យ​រន្ធត់» ដោយលោក​បាន​រំឭក​ពី​ការណ៍​ដែល​លោកនិង​និស្សិត​ដទៃ​ទៀត​មិនអាច​ទទួល​ដំណេក​លក់​នៅ​យប់​ថ្ងៃ​ទី៣ ខែ​មិថុនា ខណៈ​ពេល​ពួកគេ​មើល​សេចក្តី​រាយការណ៍​ពី​ការបង្រ្កាប​ប្រកប​ដោយការ​បង្ហូរ​ឈាម​តាម​បុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក​មួយ។
 
រូបឯកសារ៖ ប្រជាជន​សំឡឹងមើល​រថក្រោះ​ក្នុង​ទីលាន Tiananmen ក្រុងប៉េកាំង​កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ១៩៨៩។
លោក Tsoi បាន​បន្ត​ថា៖«ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ យើង​មិន​អាច​ទទួល​យក​ការបាញ់​ប្រហារដោយ​រដ្ឋាភិបាល​មក​លើ​ជនស៊ីវិល​និង​និស្សិត​ ដែល​គ្មាន​ប្រដាប់​អាវុធ​នោះ​បាន​ទេ។ បន្ទាប់​ពី​ឃើញ​អ្វី​ដែល​កើត​ឡើង​កាល​ពី​យប់​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​ចិន»។
 
ហើយលោក​មិន​បាន​ព្យាករណ៍​ទុក​នោះ​ទេ​ថា ​នា​ពេល​ក្រោយ​មក​ លោក​បាន​ក្លាយ​ជា​អនុប្រធាន​នៃ​ក្រុម​សម្ព័ន្ធ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្រុង​ហុងកុងដែល៣៤ឆ្នាំកន្លង​មក​នេះបាន​រៀបចំ​ជា​ពិធី​កាន់​ភ្លើងទៀន​ប្រចាំ​ឆ្នាំ​ដែល​ជា​ពិធី​រំឮក​វិញ្ញាណក្ខន្ធ​ជា​សាធា រណៈ​តែ​មួយ​គត់​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ឡើង​នៅ​ចិន និង​ជា​ការប្រមូលផ្តុំ​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ដើម្បី​ចងចាំ​ជនរងគ្រោះ​ពី​ការបង្រ្កាប​ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ហើយ​ប្រហែល​អាច​ដល់២.០០០នាក់ បើ​តាម​ការ​ប៉ាន់ប្រមាណ​ខ្លះ។
 
មួយ​ថ្ងៃ​មុន​ការ​រំឭក​ខួប​លើក​ទី៣៤ ភាពសោកសៅ​មួយ​បាន​ក្លាយ​ជា​ការពិត​សម្រាប់​លោកTsoi និង​សកម្មជន​ដទៃ​ទៀត​ ដោយសារតែពិធី​ដុត​ភ្លើង​ទៀន​រំឮក​ខួប​ដែល​បាន​ទាក់ទាញ​មនុស្ស​រាប់​សិប​ម៉ឺន​នាក់​មក​ចូល​រួម​នៅ​ទីលាន Victoria Park ជា​រៀង​រាល់​ឆ្នាំ ប្រហែល​លែង​អាច​ធ្វើ​ទៅ​បាន​ត​ទៅ​ទៀត។
 
រូបឯកសារ៖ និស្សិតចិន​ស្រែក​បន្ទាប់​ពី​ប៉ូលិស​បានរារាំង​អំឡុង​ការហែក្បួន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីលាន Tiananmen ទីក្រុងប៉េកាំង​កាលពីថ្ងៃទី០៤ ឧសភា ឆ្នាំ១៩៨៩។
លោក Wu'er Kaixi អតីត​មេដឹកនាំ​និស្សិត​អំឡុងពេល​បាតុកម្ម​នៅ​ទីលានTiananmen បាន​និយាយ​ថា៖ «នៅ​ពេល​នេះ មិនត្រឹមតែ​ក្រុង​ហុងកុង​លែង​អាច​គាំទ្រ​ចលនាលទ្ធិ ប្រជាធិបតេយ្យ​នៅ​ចិន​បាន​នោះ​ទេ ក្រុង​ហុងកុង​ក៏​លែងអាច​ធ្វើ​ពី​រំឮក​ខួប​បាន​ត​ទៅ​ទៀត​ផង​ដែរ។ អ្នករៀបចំ​សំខាន់ៗ​នៃ​ពិធី​រំឮក​ខួប​នៅ​ទីលាន Victoria Park ទាំង​អស់​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ។ ពួកគេ​កំពុង​ស្ថិត​នៅ​ក្រោម​ការវាយប្រហារ​ជា​ប្រព័ន្ធ។ ក្រុង​ហុងកុង​បាន​បាត់បង់​សេរីភាព។ ក្រុង​ហុងកុង​បាន​បរាជ័យ»។
 
ពិធី​រំឮកខួប​ធំ​ជាង​គេ​ចុងក្រោយ​បង្អស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៩។ កាល​ពី​ឆ្នាំ​នោះ​ មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ហើយ​ពេល​ខ្លះ​ប្រកប​ដោយ​អំពើ​ហិង្សា​នៅ​ហុងកុង​ប្រឆាំង​នឹង​ច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន ដែល​ក្រោយ​មក​ត្រូវ​បាន​ទម្លាក់​ចោល​វិញ ដែល​ច្បាប់​នោះ​មាន​គោលដៅ​បញ្ជូន​ជនសង្ស័យ​ទៅ​ចិន​ដីគោក​ដើម្បី​កាត់ទោស។ ជា​ការ​ឆ្លើយតប រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​នា​ឆ្នាំ​បន្ទាប់​ ដោយ​ចាត់ទុក​ជា​ការខុស​ច្បាប់​ចំពោះ​ការ​ធ្វើ​អបគមន៍ ការធ្វើ​វិទ្ធង្សនា​និង​ការ​ឃុបឃិត​ជា មួយ​នឹង​កម្លាំង​បរទេស និង​ភេរវកម្ម។
 
អ្នក​វិភាគ​លោក Tso Chen-dong បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទ្រាំទ្រ​នឹង​ការធ្វើ​ខួប​រំឮក​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ប៉ុន្តែបាតុកម្ម​កាល​ពី​ឆ្នាំ២០១៩ នៅក្រុង​ហុងកុង​បាន​ផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់។
 
លោក Tso ដែល​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់​បាន​ថ្លែង​ថា៖ «បាតុកម្ម​កាល​ពី​ឆ្នាំ ២០១៩ ជា​ហេតុការណ៍​អកុសល​មួយ។ វា​បាន​នាំ​ឲ្យ​មាន​ការបាត់បង់​ជំនឿចិត្ត​ពី​សំណាក់​គណបក្ស​កុម្មុយនីស្ត​ចិន​មក​លើក្រុង​ហុងកុង ដូច្នេះ​គណបក្ស​នេះ​កំពុង​ពង្រឹង​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​មក​លើ​ក្រុង​ហុង កុង»។
 
រូបឯកសារ៖ កងទ័ពចិន​និង​រថក្រោះ​បាន​ប្រមូលផ្តុំ​នៅទីក្រុងប៉េកាំង មួយថ្ងៃ​បន្ទាប់​ពី​ការ​បង្រ្កាប​បាតុករ​នៅទីលាន Tiananmen កាលពីថ្ងៃទី០៥ មិថុនា ឆ្នាំ១៩៨៩។
 
លោក​បាន​បន្ត​ទៀត​ថា៖ «នេះ​មិនមែន​គ្រាន់​តែ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើពីធីរំឮកខួប​ប៉ុណ្ណោះ​ទេ គណបក្ស​កុម្មុយនីស្ត​ចិន​ត្រូវការ​ពង្រឹង​ការគ្រប់គ្រង និង​រារាំង​កម្លាំង​នយោ បាយ​ដែល​ត្រូវ​បាន​ចាត់ទុក​ថាគំរាមកំហែង​មក​លើ​គណបក្ស​មិន​ឲ្យ​រីកលូតលាស់​នៅ​ក្រុង​ហុងកុង»។
 
កាល​ពី​ឆ្នាំ​២០២០និង​២០២១ រដ្ឋាភិបាលចិន​បាន​ដាក់​បម្រាម​លើ​ការធ្វើ​ខួប​រំឮក​ការ បង្រ្កាប​នៅ​ទីលានTiananmen ដោយ​លើកឡើង​ពី​ការរឹតត្បិត​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ ១៩។ មនុស្ស​រាប់​ពាន់​នាក់​បាន​តវ៉ា​ប្រឆាំង​នឹង​បម្រាម​នេះ ហើយ​មនុស្ស២៦​នាក់​ត្រូវ​បាន​ចាប់ខ្លួន។ កាល​ពី​ឆ្នាំ២០២១ ប៉ូលិស​បាន​បិទ​ទីលាន​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com