កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វ័យ៥៥ឆ្នាំ លោក ឈឹម ផាន សម្រេចបានមេដាយប្រាក់២គ្រឿង មុនចូលនិវត្តន៍
08, Jun 2023 , 8:59 am        
រូបភាព
ដោយ៖ អ៊ុត រស្មី និង ឈុំ ចន្ថា

លោក ឈឹម ផាន ជាអត្តពលិកកម្ពុជា ដែលវ័យចាស់ជាងគេ។ ក្នុងវ័យ៥៥ឆ្នាំ អត្តពលិករត់ប្រណាំងរូបនេះ សម្រេចបានមេដាយប្រាក់២គ្រឿង មុននឹងចូលនិវត្តន៍ពីការប្រកួត។



«ចប់ការប្រកួតនេះ ជាលើកចុងក្រោយរបស់ខ្ញុំហើយ» ។ នេះជាការបញ្ជាក់របស់លោក ឈឹម ផាន ដែលសម្រេចបានមេដាយប្រាក់ សម្រាប់កម្ពុជា។ វា ជារឿងដែលនឹកស្មានមិនដល់ឡើយថា អត្តពលិកវ័យចំណាស់រូបនេះ នៅតែអាចសម្រេចបានមេដាយ នាការប្រកួតរត់ចម្ងាយ ដែលពោរពេញដោយកីឡាករមានវ័យក្មេងជាងខ្លួន។
 
 
ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អត្តពលិករត់ប្រណាំងរូបនេះ បានបង្ហាញអារម្មណ៍រំភើបដូច្នេះថា៖«ការពិត ខ្ញុំមិននឹកស្មានថា ធ្វើបានប៉ុណ្ណឹងផង ដោយសារវ័យរបស់ខ្ញុំ វាច្រើន។ ប៉ុន្តែខ្ញុំធ្វើបានប៉ុណ្ណឹង ខ្ញុំសប្បាយចិត្ត។ ទោះបីបាន(លទ្ធផល) ទាបជាងនេះ ក៏ខ្ញុំសប្បាយចិត្តដែរ»។
 
សម្រាប់ការប្រកួតនេះ លោក ឈឹម ផាន សម្រេចបានមេដាយប្រាក់២គ្រឿង ក្នុងនោះ ឈ្នះមេដាយប្រាក់ លើ​វិញ្ញាសា ៨០០ម៉ែត្រ T64 និងវិញ្ញាសា១៥០០ម៉ែត្រ T64។ កីឡាកររូបនេះ នៅសល់ការប្រកួតមួយវិញ្ញាសាទៀត។
 
លោក ឈឹម ផាន ចាប់ផ្ដើមប្រឡូកចូលវិស័យកីឡានេះ តាំងពីឆ្នាំ១៩៩៧មក ដោយធ្លាប់ទទួលបានមេដាយជាង២០គ្រឿង។ ជិត៣០ឆ្នាំ នៃអាជីពជាកីឡាករអាស៊ានប៉ារ៉ាហ្គេមនេះ លោក ផាន មានអនុស្សាវរីយ៍ជាច្រើន ជាពិសេសការប្រកួតដណ្ដើមមេដាយជូនជាតិ។  
 
ទាំងភាពនឿយហត់ ឈឺចាប់ សប្បាយរីករាយ និងការខ្វះខាតថវិកាទិញឧបករណ៍ប្រើប្រាស់ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ សុទ្ធតែជាការចងចាំដ៏ល្អៗ របស់លោក ឈឹម ផាន ។ ក្រោយបញ្ចប់អាជីពនេះ លោក ឈឹម ផាន ក៏មានបំណងចង់ក្លាយជាគ្រូបង្វឹកផងដែរ បើសិនជាថ្នាក់ដឹកនាំកីឡា ផ្ដល់ឱកាសឱ្យរូបលោក៕
 

Tag:
 អត្តពលិកម្ម
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com