ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់​មិន​ល្អ​៥​យ៉ាង​ដែល​បំផ្លាញ​ថ្លើម​
09, Jun 2023 , 6:59 am        
រូបភាព
​ថ្លើម​គឺជា​សរីរាង្គ​មួយ​ក្នុងចំណោម​សរីរាង្គ​សំខាន់ៗ​របស់​រាងកាយ​មនុស្ស​យើង​។ ចំណីអាហារ​ទាំងអស់​ដែល​យើង​បរិភោគ​ត្រូវ​ឆ្លងកាត់​ថ្លើម​សិន មុន​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។ ថ្លើម​មាន​មុខងារ​ជា​ច្រើន ហើយ​ដើរតួ​ជាពិសេស​នៅក្នុង​ដំណើរការ​សរីរសាស្ត្រ​ផ្សេងៗ ដូច​ជា​មុខងារ​មេតាបូលីស និង​ការបំបាត់​ជាតិពុល​ក្នុង​ឈាម ជាដើម​។

 
​ដោយហេតុនេះ សុខភាព​របស់​យើង​មាន​ការទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ដំណើរការ​របស់​ថ្លើម​។ ប៉ុន្តែ​យើង​មិនបាន​ចាប់អារម្មណ៍​ដល់​ទេ មិនតែប៉ុណ្ណោះ​បាន​ទាំង​ប្រកាន់​យក​ទម្លាប់​មិន​ល្អ​មួយចំនួន​ថែម​ទៀត ដែល​មាន​ការប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ថ្លើម​៖
 
១- ការ​សេពសុរា​ច្រើន​ខ្លាំងពេក​
​ការ​សេពសុរា​ច្រើនពេក​ធ្វើឱ្យ​មុខងារ​បំបាត់​ជាតិពុល​របស់​ថ្លើម​ថយចុះ ព្រោះ​ថ្លើម​បាន​ប្រមូល​កម្លាំង​ទាំងអស់​មក​លើ​ការ​បន្សាប​សុរា ហើយ​ទម្លាក់​មុខងារ​បំបាត់​ជាតិពុល​ផ្សេងៗ​ទៀត​ចោល រួច​ក៏​រង​ប្រតិកម្ម​គីមី​ដែល​បំផ្លាញ​កោសិកា​ខ្លួនឯង ទៅ​ជា​មាន​រោគ​ក្រិន​ថ្លើម​ទៅ​។​
 
២- ការប្រើ​ឱសថ​ច្រើន​ខ្លាំងពេក​
​ថ្លើម​មាន​តួនាទី​រំលាយ​អ្វីៗ​ទាំងអស់​ដែល​យើង​អាស្រ័យ​ចូលទៅ រួម​ទាំង​ឱសថ​ផង​។ បើ​កាលណា​យើង​លេប​ឱសថ​ច្រើន​ខ្លាំងពេក បើទោះបីជា​ឱសថ​ធម្មជាតិ​ក៏ដោយ ថ្លើម​ក៏​នឹងរង​ការខូចខាត​ដែរ​។​
 
 ៣- បារី​
​បារី​មាន​ជាតិពុល​ដែល​ប៉ះពាល់​ទៅដល់​កោសិកា​ថ្លើម ព្រោះ​បង្ក​អ្វី​ដែល​គេ​ហៅថា stress oxydatif ដែល​ធ្វើឱ្យ​ថ្លើម​មាន​ប្រតិកម្ម​តប​ដើម្បី​ការពារ​ខ្លួន ហើយ​មាន​ដំណើរការ​ខុស​ប្រក្រតី​។​
 
៤- ការ​ដេក​មិន​គ្រប់គ្រាន់​
​ការ​ដេក​មិន​គ្រប់គ្រាន់​ក៏​អាច​បង្ក stress oxydatif លើ​ថ្លើម​បានដែរ ធ្វើឱ្យ​មេ​តា​បូលិស​ដំណើរការ​មិន​ល្អ មានកា​រកក​ជាតិ​ខ្លាញ់​កាន់តែ​ច្រើនឡើង​។ ម្យ៉ាងទៀត កាលណា​យើង​ដេក​មិន​គ្រប់គ្រាន់ ការជួសជុល​ផ្សេងៗ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ដេកលក់ ក៏​មិន​អាច​កើតមាន​បាន​ដែរ​។​
 
៥- ការ​ធាត់​ដុះ​ពោះ និង​ចំណីអាហារ​ខ្វះ​សុខភាព​
​ការ​ធាត់​ខ្លាំងពេក​មាន​អំពើ​ដូច​ជា​ការ​សេពសុរា​ដែរ ព្រោះ​ធ្វើឱ្យ​មាន​ការ​កក​ជាតិ​ខ្លាញ់​នៅក្នុង​ថ្លើម ហើយ​ថ្លើម​ក៏​លែង​អាច​ត្រួតពិនិត្យ​ជាតិ​ស្ករ​នៅក្នុង​ឈាម​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com