ជាតិ
សម្ដេច ហ៊ុន សែន អះអាងថា ថៃ មិនបណ្ដេញពលករកម្ពុជា ចេញពីប្រទេសឡើយ
08, Jun 2023 , 12:16 pm        
រូបភាព
ថៃ មិនបណ្ដេញពលករកម្ពុជា និងពលករបរទេស ចេញពីប្រទេសឡើយ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាង នៅថ្ងៃទី៨ មិថុនា។



សម្ដេច ហ៊ុន សែន បានទទួលដំណឹងពីភាគីថៃ មកថា ថៃ មិនមានគម្រោងដេញពលករបរទេសចេញទឹកដីនោះទេ។ ការបកស្រាយរបស់ភាគីថៃនេះ ជាការឆ្លើយតបទៅនឹងព័ត៌មាន ដែលបានចុះផ្សាយថា គណបក្សឆ្ពោះទៅមុខ ដែលត្រៀមដឹកនាំរដ្ឋាភិបាលប្រទេសថៃ មានផែនការបណ្ដេញពលករបរទេស។
 
ប្រមុខរដ្ឋាភិបាល ដែលទទួលបានដំណឹងពីភាគីថៃ បានថ្លែងយ៉ាងដូច្នេះ៖«ម្សិលម៉្ងៃ គឺមានការនិយាយ តែម្សិលមិញមានការបញ្ជាក់យ៉ាងជាក់លាក់ថា គឺអត់មានទេ ហើយគេនឹងសម្រួលឱ្យថែមទៀតផង បើដូច្នេះគឺយើងលែងកង្វល់ជាមួយនឹងការចាកចេញរបស់កម្មករ កម្មការនីរបស់យើង ដែលកំពុងធ្វើការក្នុងប្រទេសថៃៗ»។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏ជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ាន យកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងលើពលករ តាមរយៈកិច្ចសហប្រតិបត្តិការលើច្បាប់អន្តោប្រវេស្តន៍ ដែលវាជាកិច្ចព្រមព្រៀងសម្របសម្រួលមួយ នៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីទទួលការការពារ និងដោះស្រាយបញ្ហាពលករ។
 
«សូម្បីតែនៅកម្ពុជា ក៏មានកម្មករ កម្មការិនី បរទេសធ្វើការនៅកម្ពុជា ដែលកម្ពុជា ក៏ត្រូវយកចិត្តទុកដាក់ការពារសុខទុក្ខរបស់គេដែរ អ៊ឹចឹងទេ ចំណុចទាំងនេះ គឺជាចំណុចដែលខ្ញុំគួរតែត្រូវបានលើកបញ្ជាក់ »។ សម្ដេច ថ្លែងបែបនេះ។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com