កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាអត្តពលកម្ម ឈ្នះមេដាយមាស៦ ប្រាក់១៣ សំរឹទ្ធ២៤ ពីអាស៊ានប៉ារ៉ាហ្គេម
08, Jun 2023 , 12:52 pm        
រូបភាព
ការប្រកួតកីឡាប៉ារ៉ាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ ដោយម្ចាស់ផ្ទះកម្ពុជាស្ថិតនៅលេខ៧ ជាមួយនឹងការឈ្នះមេដាយសរុប៤៣ (មាស៦ ប្រាក់១៣ សំរឹទ្ធ២៤) ខណៈថៃ និងឥណ្ឌូណេស៊ី នាំមុខដាច់គេ។


មេដាយមាស៦ ដោយកីឡាការិនី វិត ចន្ថា ឈ្នះ៣តែម្នាក់ឯង

វិត ចន្ថា ក្លាយជាកីឡាការិនីដ៏ជោគជ័យជាងគេក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ដោយបានឈ្នះមេដាយមាសដល់ទៅ៣តែម្នាក់ឯង។ មេដាយដែលកីឡាការិនីរូបនេះ បានឈ្នះនោះ គឺលើវិញ្ញាសាលោតចម្ងាយ (Women’s Long Jump) T64, រត់ចម្ងាយ២០០ម៉ែត្រ និងរត់ចម្ងាយ៤០០ម៉ែត្រ T64។
 
 
ម្ចាស់ជ័យលាភី៣រូបទៀត គឺកីឡាការិនី ងួន រតនា លើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ T46, កីឡាការិនី យិន សូត លើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T11 និងកីឡាករ វ៉ាន់ សុចិន លើវិញ្ញាសាលោកកម្ពស់ (High Jump) T46។
 
មេដាយប្រាក់១៣ ដោយ ងួន រតនា, ឈឹម ផាន, វ៉ាន់ វ៉ុន និងហៀ ហុក ឈ្នះម្នាក់២

ក្រោយឈ្នះមេដាយមាស១ កីឡាការិនី ងួន រតនា រកបានមេដាយប្រាក់២ទៀតលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ និង៨០០ម៉ែត្រ T46។ កីឡាករវ័យ៥៥ឆ្នាំ ឈឹម ផាន ឈ្នះប្រាក់២លើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ T64។
 
 
ចំពោះវិញ្ញាសាប្រណាំងរទេះវិញ កីឡាករ វ៉ាន់ វ៉ុន បានឈ្នះមេដាយប្រាក់២លើវិញ្ញាសាចម្ងាយ១០០ម៉ែត្រ និង២០០ម៉ែត្រ T54 ខណៈកីឡាករ ហៀ ហុក បាន២ដូចគ្នាផងដែរលើវិញ្ញាសាចម្ងាយ១០០ម៉ែត្រ និង២០០ម៉ែត្រ T53។
 
មេដាយប្រាក់៥ទៀត រកបានដោយកីឡាករ រឿន រិន លើវិញ្ញាសាចោលស្ន (Javelin Throw) F11, កីឡាករ សម្បត្តិ សំបាន លើវិញ្ញាសាចោលដុំដែក (Shot Put) F11, កីឡាករ ភា ផាវ័ត លើវិញ្ញាសាចោលដុំដែក F54, កីឡាការិនី ស៊ុន ស្រីមុំ លើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T12 និងកីឡាការិនី កង ចំរើន លើវិញ្ញាសាលោតចម្ងាយ T12។

មេដាយសំរឹទ្ធ២៤ ដោយ ស្រ៊ុន ប៊ុនថេង និង ឈុន ពន់ ឈ្នះម្នាក់៣

កីឡាការិនីរត់ចម្ងាយ ស្រ៊ុន ប៊ុនថេង បានឈ្នះមេដាយរហូតដល់ទៅ៣លើវិញ្ញាសា៤០០ម៉ែត្រ, ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ T46 ខណៈកីឡាករ ឈុន ពន់ សម្រេចបានដូចគ្នាលើវិញ្ញាសា១០០ម៉ែត្រ, ២០០ម៉ែត្រ និង៤០០ម៉ែត្រ T53។
 
បន្ថែមលើការឈ្នះមេដាយមាស១ កីឡាការិនី យិន សូត រកបានមេដាយសំរឹទ្ធ២ទៀតលើវិញ្ញាសាលោតចម្ងាយ T11 និងរត់ចម្ងាយ៤០០ម៉ែត្រ T11។ កីឡាការិនី ឈឿង ស្រីម៉ាច បាន២លើវិញ្ញាសាចោលស្ន F64 និងចោលដុំដែក F63-64។
 
 
កីឡាករ ហោ ជលសា រកបានសំរឹទ្ធលើវិញ្ញាសាចោលដុំដែក និងចោលថាស F46, កីឡាករ ញក់ គឹមហោ លើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ T64, កីឡាករ ឡាច រីណា លើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T11 និងចោលស្ន F11។
 
បន្ថែមលើមេដាយប្រាក់១ កីឡាការិនី ស៊ុន ស្រីមុំ ឈ្នះសំរឹទ្ធ១ទៀតលើវិញ្ញាសាលោតចម្ងាយ T12។ កីឡាករ បុង ហុង ស្វាមីកីឡាការិនីមេដាយមាស៣ វិត ចន្ថា ក៏បានឈ្នះមេដាយសំរឹទ្ធ១ផងដែរលើវិញ្ញាសាលោតបណ្តាក់៣តង់ (Triple Jump) T47។
 
មេដាយសំរឹទ្ធ៥ទៀត រកបានដោយ កីឡាករ យ៉ា ថុលរ៉ាដែត (លោតបណ្តាក់៣តង់ T46), កីឡាការិនី ហឿន ណាវី (រត់ចម្ងាយ៨០០ម៉ែត្រ T12), កីឡាករ នន់ ធារ៉ា (រត់ចម្ងាយ១៥០០ម៉ែត្រ T11), កីឡាករ វ៉ាន់ ចំរើន (ចោលថាស F11), កីឡាករ សុខ ឆៃយ៉ា (លោតកម្ពស់ T46) និងកីឡាករ ថា ផានិត (ចោលដុំដែក F11)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com