ជាតិ
ស៊ីហ្គេម២០២៣
រដ្ឋមន្ត្រីព័ត៌មាន ៖ អ្នកកាសែត បានផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយលើសពីការប្រកួត
08, Jun 2023 , 3:18 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួមប្រមូលព័ត៌មានផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

 

លើសពីការផ្ដិតរូបភាពការប្រកួតនេះ អ្នកកាសែតទាំងអស់ បានចូលរួមផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយ ពីអត្តពលិក ដែលសម្រេចបានមេដាយ និងមិនបានមេដាយជូនជាតិ។ នេះជាការមើលឃើញរបស់លោក ខៀវ កាញារីទ្ធ ដែលបានកោតសរសើរដល់អ្នកសារព័ត៌មាន។
 
ក្នុងដំណើតចុះពិនិត្យកិច្ចការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាននៅមជ្ឈមណ្ឌល MPC និង IBC នាពហុកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី៨ មិថុនា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននិយាយថា៖«ការជួយដល់(ផ្សព្វផ្សាយអត្តពលិក) អ្នកពិការអីហ្នឹង គឺអ្នកកាសែតបានធ្វើល្អមែនទែន»។
 
លោក ខៀវ កាញារីទ្ធ ក៏បានកត់សម្គាល់ឃើញដែរថា មានអ្នកកាសែតមួយចំនួនតូច បានផ្សព្វផ្សាយពីចំណុចខ្វះខាត ឬខ្វះចន្លោះរបស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេមដែរ។ ដ្បិតមានចំណុចទាំងនេះក្តី ក៏លោក កាញារីទ្ធ មើលឃើញពីការខិតខំប្រឹងប្រែង និងតម្លៃរបស់អ្នកកាសែត។
 
បើតាមរដ្ឋមន្រ្តីព័ត៌មាន កម្ពុជា បានក្លាយជាគំរូមួយ ដល់ប្រទេសផ្សេងៗទៀត ដែលត្រូវរៀបចំការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ក្នុងការរៀបចំទីកន្លែងធ្វើការសម្រាប់អ្នកកាសែត ដែលចុះផ្តិតយករូបភាពព្រឹត្តិការណ៍ប្រកួតទាំងនេះ។ លោក កាញារីទ្ធ បានបន្ថែមថា ការរៀបចំទីកន្លែងធ្វើការរបស់អ្នកកាសែត MPC និង IBC នេះ ទើបតែមានកម្ពុជា មួយទេ ដែលធ្វើបែបនេះ។

Tag:
 ខៀវ កាញារីទ្ធ
  ប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com