ជាតិ
ស៊ីហ្គេម២០២៣
បីសំណួរ​ទៅកាន់​កញ្ញា អ៊ុត រស្មី អំពីបទពិសោធយកព័ត៌មាននៅ​ស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម
08, Jun 2023 , 4:06 pm        
រូបភាព
ជាអ្នក​ព័ត៌មានជំនាញ​ខាងសុខភាព និង​សង្គម ប៉ុន្តែកញ្ញា អ៊ុត រស្មី ក៏ដូចជា​សមាជិក​ក្រុម​ការងារផ្សេងទៀត​នៃ​អង្គភាព​សារព័ត៌មា​នឌីជីថល​ថ្មីៗ បាន​សហការ​ចុះ​រាយការណ៍អំពី​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម​ជា​ប្រវត្តិសាស្ត្រនៅកម្ពុជា។

 
កញ្ញា រស្មី ដែលមានតួនាទីជា​ការីនិពន្ធ ThmeyThmey25 ផងដែរនោះ ចែក​រំលែក​បទពិសោធ​ក្នុងការ​ចុះ​យកព័ត៌មាន​កីឡាជាលើកដំបូង​របស់ខ្លួន ជាមួយ​នឹង​ការ​ចង​ចាំ​ដែលមិនអាច​បំភ្លេច​បាន។
 

​កញ្ញា រស្មី បាន​ឆ្លើយ​តបទៅនឹង​បីសំណួរដូចខាងក្រោម៖
 
តើអ្វីជាការចង​ចាំដែល​មិនអាច​បំភ្លេច​បាន​​សម្រាប់​ រស្មី ចំពោះ​បទពិសោធ​យកព័ត៌មានអំពីស៊ីហ្គេម​លើកទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ ជាប្រវត្តិសាស្ត្រនៅកម្ពុជា?
 
កញ្ញា អ៊ុត រស្មី៖ ពិតជាការចង​ចាំដ៏ពិសេស​មួយសម្រាប់ខ្ញុំ ព្រោះនេះជាលើកទីមួយ​ដែលខ្ញុំបាន​យកព័ត៌មានទាក់ទងនឹងកីឡា ហើយជាពិសេសខ្ញុំអត់មាន​ជំនាញវិស័យ​កីឡា និងមិន​ស្គាល់កីឡាច្រើនដែរ ដោយ​ស្គាល់យ៉ាងច្រើន​តែបាល់បោះ និង​បាល់ទាត់ប៉ុណ្ណោះ។ តែនៅពេលដែលបានយកព័ត៌មាន​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេមនេះ ធ្វើឲ្យស្គាល់ប្រភេទកីឡាជាច្រើន។​ អ្វីដែលជាការចង​ចាំនោះ គឺ​នៅពេល​ដែល​ឃើញការទទួលបាន​ជោគជ័យ​នៃការ​ប្រកួត​នីមួយៗ។ អត្តពលិកញញឹម ខ្ញុំក៏ញញឹម និងសប្បាយ​ចិត្តដូចពួកគាត់ដែរ។ ម្យ៉ាងទៀត ក្រៅពីលទ្ធផល​ចាញ់ឈ្នះរបស់កីឡាករ-កីឡាការិនី ពោលគឺ​លើសពីការប្រកួត ខ្ញុំ​មាន​រឿងជាច្រើនទៀតដែល​ចងចាំមិន​អាចបំភ្លេចបាន។
 

បេសកកម្ម​ក្នុងតួនាទីជាអ្នក​យកព័ត៌មានកីឡា​ប្រចាំព្រឹត្តិការណ៍ដ៏ធំ តើពិបាក​ដែរឬទេ?
 
កញ្ញា អ៊ុត រស្មី៖  ពិបាកបង! ក្នុងវិស័យកីឡា ​ខ្ញុំថ្មី ថ្មីចែស នៅស៊ីហ្គេម។ ខ្ញុំបាន​តាម​​បាល់បោះ៣ទល់៣ ពេលមើលដំបូងៗ មិនដឹងថា ពិន្ទុប៉ុន្មាន អី្វប៉ុន្មាននោះទេ គឺទទេស្អាត។ ក្រោយមើលពីរបី​ប្រកួត និង​តាមដាន​ជាប្រចាំ​​ និងសួរបន្ថែមពីសហការីជំនាញ​កីឡា ខ្ញុំកាន់តែ​ចេះច្បាស់ពី​របៀបនៃការលេង។ ខ្ញុំ​ក៏បាន​ឈ្វេងយល់​ពីរបៀបសួរសំណួរ លើប្រភេទកីឡាដែលខ្លួន​បាន​តាម។ ចំពោះប៉ារ៉ា​​អត្តពលកម្ម​ដែលខ្ញុំត្រូវទទួល​បន្ទុកក្នុង​ប៉ារ៉ាហ្គេមវិញ ថ្ងៃដំបូងៗ ពិបាក​ខ្លាំង ដោយសារតែមាន​ការរឹតត្បិតចំពោះ​ការ​ថតរូប អ៊ីចឹងខ្ញុំរាយការណ៍ និង​ផ្តិតរូបភាពមិន​បានល្អឡើយ។ កីឡានេះ មាន​ការប្រកួត​ច្រើន​ក្នុងពេលតែមួយ តាមអត់​ទាន់ ហើយ​ការប្រកួតទៀតសោត ភាគច្រើនគឺ​វគ្គ​ផ្តាច់ព្រ័ត្រដណ្តើមមេដាយ​តែម្តង ដូច្នេះ​ខ្ញុំ​មិនបានមើលការប្រកួតពេញភ្នែកនោះឡើយ ហើយ​វិញ្ញាសាខ្លះ ខ្ញុំទៅដល់ពេល​ដែលកីឡាករ​ប្រកួតឈ្នះចាញ់ និងបានមេដាយ​រួចទៅហើយ។ 
 


អារម្មណ៍​បែបណាដែរ​ចំពោះ​លទ្ធផល​នៅ​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម?
 
កញ្ញា អ៊ុត រស្មី៖ ខ្ញុំ​សប្បាយ​រីករាយ​ដូចគ្នា​ ចំពោះលទ្ធផល​នៃជ័យជម្នះនៅស៊ីហ្គេម និងប៉ារ៉ាហ្គេម។ ប៉ុន្តែ​អាចមានអារម្មណ៍​ខុសគ្នា​បន្តិចចំពោះ​ជោគជ័យ​អត្តពលិកប៉ារ៉ាហ្គេម។ ខ្ញុំជាអ្នក​សារព័ត៌មាន ខ្ញុំ​បានក្លាយជាអ្នកជិតស្និទ្ធរបស់អត្តពលិកមួយចំនួន។ នៅពីក្រោយភាពជោគជ័យ​ ពួកគាត់មាន​រឿងជាច្រើន ដែល​​មានការ​តស៊ូខ្ពស់ ជាពិសេស​អ្នកមាន​បញ្ហា​សុខភាព។ អ្នក​ខ្លះ​មិនទទួលបានជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​ពួកគាត់​មិនបង្ហាញ​ភាពទន់ខ្សោយនោះឡើយ ពួកគាត់ក្លាហាន មិន​បាក់ទឹកចិត្ត។ ជាពិសេស​អត្តពលិកវិញ្ញាសា​រត់ចម្ងាយ ពួកគាត់​​ប្រឹងប្រែងណាស់ដើម្បី​រត់ឱ្យ​ដល់គោលដៅទាំងដៃម្ខាង ជើងម្ខាង ឬពិការភ្នែក។ពេលទៅ​ដល់​គោលដៅ ខ្ញុំសង្កេត​ឃើញថា ពួក​គាត់តែងតែរីករាយ និងអបអរចំពោះខ្លួនឯង៕
 







Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com