ជាតិ
ស៊ីហ្គេម២០២៣
គ្រូបង្វឹកកីឡាបូស្យាកម្ពុជា យក«ក្រមាខ្មែរ» ធ្វើជាការទូតចែកដល់ប្រតិភូ និងអត្តពលិកអន្តរជាតិ
08, Jun 2023 , 4:51 pm        
រូបភាព
ដោយ៖ ហុង ស្រីណា និង ហេង ស្រីលីន

«ក្រមាខ្មែរ» បានការក្លាយជាវត្ថុអនុស្សាវរីយ៍ នៃផ្នែកការទូតកីឡា នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។ គណៈគ្រប់គ្រង និងគ្រូបង្វឹកកីឡាបូស្យាកម្ពុជា បានយកក្រមាខ្មែរ ចែកជូនក្រុមប្រតិភូអន្តរជាតិ នាថ្ងៃប្រកួតចុងក្រោយ នៃអាស៊ានប៉ារ៉ាហ្គេម។



លោក ងិន វិសាល អ្នកគ្រប់គ្រង និងលោក តេង សុធី គ្រូបង្វឹកកីឡាបូស្យា បានបំពាក់ក្រមាជូនក្រុមការងារបច្ចេកទេស និងអាជ្ញាកណ្តាលនៅទីលានកីឡាបូស្យា។ ក្រមាខ្មែរ ដែលក្រុមការងារបូស្យាកម្ពុជា យកទៅបំពាក់លើ«ក» របស់ប្រតិភូអន្តរជាតិនេះ គឺមានរំលេចរូបប្រាសាទអង្គរវត្ត ដែលបង្ហាញពីអត្តសញ្ញាណជាតិកម្ពុជាផងដែរ។ 
 
 
លោក វិសាល អ្នកគ្រប់គ្រងកីឡាបូស្យា បានលើកឡើងថា ក្រមា មានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រជាជនកម្ពុជា តាំងពីបុរាណមក។ ជាពិសេសលោក ចង់បង្ហាញពីអ្វី ដែលជារបស់ខ្មែរ ទៅកាន់បរទេស។
 
ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក វិសាល បានបញ្ជាក់ដូច្នេះថា៖«សម្រាប់ភ្ញៀវយើង ដែលមកចូលរួមប្រកួតប៉ារ៉ាហ្គេមនេះ យើងជូនក្រមានេះ ជាអនុស្សាវរីយ៍ ខ្ញុំគិតថា វាជានិមិត្តសញ្ញា កម្ពុជាយើង ជាតិខ្មែរយើង»។  
 
លោក ងិន វិសាល និងលោក តេង សុធី បានចែកក្រមាខ្មែរ ទៅកាន់ក្រុមការងារបច្ចេកទេស និងអាជ្ញាកណ្ដាល ដែលមកពីប្រទេសផ្សេងៗគ្នា រួមមាន សិង្ហបុរី ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហុងកុង កូរ៉េខាងត្បូង ជប៉ុន និងហ្វីលីពីន។
 
ក្រៅពីក្រុមការងារបូស្យា ចែកក្រមាដល់បណ្ដាប្រតិភូអន្តរជាតិនេះ គេក៏សង្កេតឃើញដែរថា ក្រុមការងារ និងកីឡាករកម្ពុជា ជាច្រើនទៀត ដូចជា កីឡាករបាល់ទះ ,ល្បុក្កតោ ,អត្តពលិករត់ប្រណាំង និងលោតកម្ពស់ជាដើម បានយកក្រមាធ្វើជាអនុស្សារីយ៍ ចែកដល់គ្រូបង្វឹក និងអត្តពលិកផងដែរ។
 
ក្រមា មានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាជនកម្ពុជា តាំងពីសម័យបុរាណកាលមក។ ក្រមា ត្រូវបានគេយកទៅប្រើប្រាស់ដូចជា ស្លៀកដណ្ដប់លើដងខ្លួន វេចខ្ចប់ កា្រល ទទូរ និងសម្រាប់លក់ដូរ ដោះស្រាយជីវភាពជាដើម។
 
បើនិយាយក្នុងន័យប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌វិញ ក្រមាជាផ្ទាំងសំពត់យ៉ាងវិសេស ប្រើជាហូរហែ ក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ ,សម្រាប់ច្នៃលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង និងលាក់កន្សែងជាដើម។ សម្រាប់សម័យទំនើបវិញ ក្រមា បានក្លាយជាវត្ថុអនុស្សាវរីយ៍មួយដ៏ល្អ និងសមរម្យ ក្នុងជូនគ្នាទៅវិញទៅមក ឬយកទៅតាំងលម្អ និងអាចច្នៃទៅជាសម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ផ្សេងៗបាន។ ក្រមា គឺជាអត្តសញ្ញាណជាតិ ដែលមិនអាចបំភ្លេច។
 
ដូច្នេះសហព័ន្ធ គ្រូបង្វឹក និងអត្តពលិកគ្រប់រូប គួរចាប់ផ្ដើមយក «ក្រមាខ្មែរ» ធ្វើជាការទូតដ៏ល្អមួយ ក្នុងវិស័យកីឡា ដើម្បីពង្រឹងចំណងមិត្តភាព និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់ វប្បធម៌ និងអត្តសញ្ញាណជាតិ ឱ្យបរទេសបានស្គាល់ និងបានដឹង៕
 

Tag:
 បូស្យា
  ប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com