ជាតិ
កម្ពុជា ជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ Fly Emirates ហោះហើរត្រង់ពីឌូបៃ មកកម្ពុជាឡើងវិញ
08, Jun 2023 , 8:19 pm        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានបង្ហាញឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ដល់ លោក ថានីប៊ីន អាម៉េដ អាល់ ហ្សេយូឌី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ លោក ថោង ខុន បានស្នើឱ្យលោករដ្ឋមន្ត្រី ជួយជំរុញឱ្យមានការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Fly Emirates ពីឌូបៃមកកម្ពុជាឡើងវិញផងដែរ។

 
ការស្នើសុំខាងលើនេះ ក្នុងគោលបំណងបង្កើនទេសចរ ពីប្រទេសអេមីរ៉ាតអារ៉ាប់រួមមកកាន់កម្ពុជាបន្ថែម។ កិច្ចពិភាក្សានេះ ជួយជំរុញការចុះអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រត្តិការលើវិស័យទេសចរណ៍ឡើងវិញ ដែលធ្លាប់បានចុះហត្ថលេខាកាលពីឆ្នាំ២០១២ហើយ ហើយបច្ចុប្បន្នបានអស់សុពលភាព។
 
លោក ថោង ខុន បានលើកឡើងថា ប្រទេសកម្ពុជាកំពុងមានអភិវឌ្ឍលើគ្រប់វិស័យ មានស្ថិរភាព សុខសន្តិភាព ហេដ្ឋារចនាស័ម្ពន្ធ និងផលិតផលទេសចរណ៍ថ្មី ដែលអាចឱ្យអ្នកវិនិយោគមើលឃើញពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាបាន។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តខ្ពស់ដល់អ្នកវិនិយោគគ្រប់គ្នាដែលមកវិនិយោគនៅកម្ពុជា។
 
គួរជម្រាបថា កន្លងមក រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមមានការតភ្ជាប់ជើងហោះហើរឌូបៃ-យ៉ាងហ្គូន-ភ្នំពេញ ដែលជាមធ្យោបាយសម្រាប់ការធ្វើដំណើររបស់ទេសចរទៅមកប្រទេសទាំងពីរ និងទាក់ទាញរំហូរទេសចរប្រទេសទី៣ផងដែរ៕
 

Tag:
 ក្រុមហ៊ុនអាកាសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com