ជាតិ
កម្ពុជា-អូស្រ្តាលី ពិនិត្យលទ្ធភាពបង្កើតតុលាការការងារ
08, Jun 2023 , 10:19 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ( រូបខាងស្តាំ) និង លោក  ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា  រូបភាពពី៖ ក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ( រូបខាងស្តាំ) និង លោក ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា រូបភាពពី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ កម្ពុជា - អូស្រ្តាលី បានពិភាក្សាលើការកាត់បន្ថយ ឬលុបបំបាត់ នូវការប្រើប្រាស់សារធាតុអាបេស្តូសនៅកម្ពុជា ដើម្បីបញ្ចៀសការប៉ះពាល់ដល់អ្នកវិនិយោគ។ ភាគីទាំងពីរ ក៏ពិនិត្យលទ្ធភាពបង្កើតតុលាការការងារផងដែរ។
 
ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា បានពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងការវិនិយោគ។ ភាគីទាំងពីរ ក៏បានពិភាក្សាលើការបង្កើតតុលាការការងារ ដើម្បីធ្វើឱ្យប្រសើរឡើង លើការដោះស្រាយទំនាស់ ឬការមិនចុះសម្រុងគ្នារវាងនិយោជក និងកម្មករនិយោជិត។ 
 
ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានលើកឡើងថា កម្ពុជាបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្ដាលមួយ ហៅកាត់ថា AC រួចមកហើយ ដើម្បីសម្រួលការដោះស្រាយទំនាស់វិវាទក្រៅប្រព័ន្ធតុលាការ រវាងនិយោជក និងកម្មករនិយោជិត ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ឱ្យប្រើប្រាស់ច្បាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែរ។ «តែទោះជាយ៉ាងណា ការរៀបចំបង្កើតតុលាការការងារនៅតែមានការយកចិត្តទុកដាក់ និងឈានទៅការបង្កើតឱ្យបាននៅពេលខាងមុខ»។ នេះបើតាមហ្វេសប៊ុកក្រសួងការងារ ដែលបានស្រង់សម្ដីលោក អ៊ិត សំហេង តបទៅឯកអគ្គរដ្ឋទូតអូស្ត្រាលី។
 
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការកាត់បន្ថយ ហាមប្រាម និង​លុបបំបាត់ការប្រើប្រាស់សារធាតុអាបេស្តូសនៅកម្ពុជា។ លោក ចាស្ទីន ខេវិន ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានលើកឡើងថា នៅប្រទេសអូស្ត្រាលី សារធាតុអាបេស្តូសនេះ គឺបង្កមហន្តរាយច្រើនណាស់ដល់កម្មករនិយោជិត ហើយជនរងគ្រោះជាច្រើនទៀត រងផលប៉ះពាល់សុខភាពដោយសារសារធាតុអាបេស្តូស។ 
 
ឆ្លើយតបចំណុចនេះ លោក អ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារកំពុងធ្វើកិច្ចការងារនេះ ដើម្បីឈានដល់ការហាមប្រាម និងបញ្ឃប់ការប្រើប្រាស់សារធាតុអាបេស្តូសនៅត្រឹមឆ្នាំ២០២៥។ បើតាមរដ្ឋមន្រ្តីការងារ កម្ពុជាកំពុងបញ្ជ្រាបការយល់ដឹងឱ្យបានច្រើននៅតាមក្រសួង ស្ថាប័ន អង្គការដៃគូ សហគ្រាស សហគមន៍កម្មករនិយោជិត អំពីបញ្ហាសារធាតុគីមីនេះ។
 
ក្រៅពីបញ្ហាទាំងនេះ ករណីឆរបោក ក៏ស្ថិតនៅក្នុងកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរដែរ។ ភាគីអូស្ត្រាលីឯកភាពលើកិច្ចសហការទប់ស្កាត់ល្បិចបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលី លើផ្នែកកសិកម្ម និងនេសាទឱ្យខាងតែបាន។
 
កន្លងមកក្រសួងការងារ បានចេញសេចក្ដីជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពើឆបោក ដែលជនទុច្ចរិតធានាផ្តល់ឱកាសការងារ នៅប្រទេសអូស្រ្តាលីនេះ។ លោក អ៊ិត សំហេង បន្ថែម។
 
កន្លងមក រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ជំនួយជាថវិកា និងបច្ចេកទេសដល់កម្ពុជា តាមរយៈគម្រោង ILO-Triangle, ASEAN-ACT, គម្រោងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា, ការផ្តល់ជំនួយបច្ចេកទេសក្នុងការដំណើរការដោះស្រាយវិវាទការងាររួមពី Fair Work Commission, និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ជាដើម៕
 

Tag:
 វិស័យការងារ
© រក្សាសិទ្ធិដោយ thmeythmey.com