ជាតិ
សង្គមជាតិ
ចូលបក្សកាន់អំណាច មិនមែន «លក់ក្បាល» ទៅខាងប្រឆាំង មិនមែន «ក្បត់ជាតិ»
09, Jun 2023 , 8:59 am        
រូបភាព
រូបគំនូរដោយបច្ចេកវិទ្យា ដែលបង្ហាញការថ្លែងសុទ្ទរកថារបស់បុរសម្នាក់ ទៅកាន់មហាជន។ រូបពីគេហទំព័រ៖ www.istockphoto
រូបគំនូរដោយបច្ចេកវិទ្យា ដែលបង្ហាញការថ្លែងសុទ្ទរកថារបស់បុរសម្នាក់ ទៅកាន់មហាជន។ រូបពីគេហទំព័រ៖ www.istockphoto
ដោយ៖ ទេពញាណ

កម្ពុជា កំពុងមានទិដ្ឋភាពនយោបាយ២ ដែលជាសញ្ញាណមិនល្អសម្រាប់សង្គមជាតិ គឺអ្នកចុះចូលគណបក្សកាន់អំណាចខ្លះ រងការជេរប្រទេចដ៏អាក្រក់ពីអ្នកប្រឆាំង ថាជាជនលក់ក្បាល។ ឯអ្នកប្រឆាំងខ្លះ រងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីអ្នកគាំទ្រគណបក្សកាន់អំណាច ថាជាជនក្បត់ជាតិ។



រវាងអ្នកដែលទៅចុះចូលគណបក្សកាន់អំណាច ហើយត្រូវទទួលបានពាក្យជនលក់ក្បាល និងអ្នកដែលទៅខាងប្រឆាំង ហើយត្រូវគេឲ្យឈ្មោះជាជនក្បត់ជាតិ សុទ្ធតែកើនកំហឹងរៀងខ្លួន។ បើនៅតែបន្តជះសម្តី២ម៉ាត់នេះដាក់គ្នា មានន័យថា ភាគីទាំងសងខាង កំពុងបណ្តុះកំហឹងឲ្យគ្នាទៅវិញទៅមក។ សង្គម ដែលពោរពេញដោយកំហឹង ប្រឈមនឹងការបាត់បង់សុខុដុមរមនា។ 
 
ទាំងភាគីខាងគណបក្សកាន់អំណាច ទាំងអ្នកប្រឆាំង ត្រូវចេះទប់ និងថ្នមសម្តីខ្លះ ទើបអាចបន្ថយកំហឹងបាន ហើយស្ថានភាពសង្គម នឹងកាន់តែល្អប្រសើរ បើសង្គម ឮពាក្យលក់ក្បាល និងពាក្យក្បត់ជាតិកាន់តែតិច។ 
 
គួរចាំចំណុចដ៏សំខាន់១ក្នុងសង្គមប្រជាធិបតេយ្យ គឺការសម្រេចចិត្តជ្រើសរើសគណបក្សនយោបាយ ឬភាគីនយោបាយណាមួយ គឺជាសិទ្ធិសេរីភាព។ មនុស្សម្នាក់ៗ មានហេតុផលរៀងៗខ្លួនក្នុងការសម្រេចចិត្ត ដែលអ្នកផ្សេង មិនអាចដឹងច្បាស់ស្មើនឹងសាមីខ្លួនឡើយ។
 
មិនមែនឲ្យតែគេចូលគណបក្សកាន់អំណាច ដឹងតែថា គេលក់ក្បាល ហើយមិនមែនឲ្យតែគេទៅខាងប្រឆាំង ដឹងតែថា គេក្បត់ជាតិនោះទេ។ ជួនកាល គេចុះចូលជាមួយគណបក្សកាន់អំណាច ក៏ព្រោះតែខកចិត្តនឹងក្រុមប្រឆាំង។​ ដូចគ្នាដែរ ជួនកាល គេ រត់ទៅខាងប្រឆាំង ក៏ព្រោះតែគេមិនពេញចិត្តនឹងគណបក្សកាន់អំណាច។ 
 
ចំពោះអ្នកប្រឆាំង ពេលខ្លះ ក្នុងចិត្តខ្លួនឯង ក៏ដឹងច្បាស់ថា អ្នកដែលរត់ចូលគណបក្សកាន់អំណាច មិនមែនជាជនលក់ក្បាលឡើយ តែដើម្បីបំពេញចិត្តខ្លួនដែលខឹងអ្នកនោះ ក៏ប្រើពាក្យជនលក់ក្បាលទៅកាន់គេ។ ចំពោះភាគីខាងគណបក្សកាន់អំណាច ពេលខ្លះ ក៏ដឹងក្នុងចិត្តដែរថា អ្នកប្រឆាំងមួយក្រុមណានោះ មិនបានធ្វើអំពើក្បត់ជាតិនោះទេ តែនៅតែជូនពាក្យជនក្បត់ជាតិទៅឲ្យគេ។ ពេលខ្លះទៀត អ្នកគាំទ្រទាំងសងខាង មិនដឹងច្បាស់ផងទេ តែពួកគេ ចូលរួមប្រើពាក្យវាយប្រហារនេះដែរ ទៅតាមអ្នកនយោបាយរបស់ខ្លួន។ 
 
ជនលក់ក្បាល លែងមានហើយឬ? មនុស្ស មិនមែនសុទ្ធតែថ្លៃថ្លូរទាំងអស់ឡើយ។ ដើម្បីបានបុណ្យស័ក្តិ ឋានៈ លុយកាក់ ឬលាភសក្ការៈអ្វីមួយ អ្នកខ្លះ សុខចិត្តក្បត់ភាគីខ្លួនឯង ទៅចុះចូលភាគីផ្សេង។ អ្នកនោះ ថែមទាំងចេះបង្កោងខ្នងបន្ទាបក្បាលទៀតផង ហើយទោះជាគេធ្វើខុស ក៏នៅតែការពារ ឬក៏ធ្វើតាម ដោយលែងគិតរឿងខុសត្រូវ។ បើអ្នក អាចធ្វើដូច្នេះបាន អ្នក ប្រហែលជាចៀសមិនផុតពីពាក្យជនលក់ក្បាលឡើយ។   
 
ចុះជនក្បត់ជាតិ នៅមានឬមិនមាន? បើអ្នក ដល់ថ្នាក់ហ៊ានទៅលួចពឹងពាក់បរទេស ដើម្បីបង្កវិនាសកម្មដល់ប្រទេសជាតិខ្លួនឯង អ្នក ក៏មិនអាចគេចផុតពីពាក្យជនក្បត់ជាតិដែរ ហើយនឹងត្រូវប្រឈមតាមផ្លូវច្បាប់ទៀត។ មិនមែនតែអ្នកផ្តើមគំនិត ឬអ្នករៀបចំផែនការក្បត់ជាតិនោះទេ សូម្បីអ្នកចូលរួមគាំទ្រគំនិត ឬចូលរួមក្នុងផែនការនេះ ក៏ត្រូវគេរាប់បញ្ជូលក្នុងបញ្ជីជនក្បត់ជាតិដែរ។
 
យ៉ាងណាក៏ដោយ អ្នកត្រូវប្រយ័ត្នប្រយែងឲ្យបានខ្ពស់ ក្នុងការប្រើពាក្យវាយប្រហារអ្នកដទៃ ជាពិសេស ពាក្យលក់ក្បាល និងពាក្យក្បត់ជាតិ ដោយមិនត្រូវចេះតែនិយាយចេញមកតាមចិត្តឡើយ។ ចូរទិតៀនឲ្យសមនឹងទង្វើដែលគេធ្វើខុស។ ចៀសវាង គេខុសតែ១ ធ្វើដូចជាគេខុសដល់១០០។ អ្នកណា ក៏មិនអាចទទួលយកបានដែរ នៅពេលខ្លួនខុសប៉ុនរន្ធម្ជុល ស្រាប់តែត្រូវគេមើលឃើញកំហុសនោះប៉ុនភ្នំ៕ 
 

Tag:
 ទស្សននយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com