កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោកផុស សុវណ្ណ អរគុណអ្នកសារព័ត៌មានជួយផ្សព្វផ្សាយប៉ារ៉ាហ្គេមនៅកម្ពុជា ទៅកាន់ពិភពលោក
09, Jun 2023 , 10:29 am        
រូបភាព
លោក ផុស សុវណ្ណ ប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយកីឡាស៊ីហ្គេមលើកទី៣២ CAMSOC និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ CAMPDOC អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលជួយផ្សព្វផ្សាយកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ទៅកាន់ពិភពលោក។

 
នាសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) ល្ងាចថ្ងៃទី៨ ខែមិថុនា លោក ផុស សុវណ្ណ បានបង្ហាញក្តីរីករាយ បន្ទាប់ពីប៉ារ៉ាហ្គេមបានដំណើរការរលូនរយៈពេល៨ថ្ងៃមកនេះ។
 


ទន្ទឹមនឹងជោគជ័យក្នុងការរៀបចំប៉ារ៉ាហ្គេម លោកសុវណ្ណ មិនភ្លេចឡើយអំពីអ្នកផ្សព្វផ្សាយទាំងអស់ ដែលរួមចំណែក បង្ហាញពីដំណើរការព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្ររបស់កម្ពុជាឱពិភពលោកបានដឹង។
 
«ខ្ញុំរីករាយដែលប៉ារ៉ាហ្គេមលើកទី១២ រៀបចំដោយជោគជ័យ។ ខ្ញុំក៏សូមអរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលរួមចំណែកផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទៅកាន់ពិភពលោក» នេះជាការលើកឡើងរបស់ប្រធានគណៈកម្មការផ្សព្វផ្សាយរបស់ CAMSOC និង CAMPDOC។
 
បើតាមការបញ្ជាក់របស់លោកសុវណ្ណ មានអ្នកសារព័ត៌មានសរុបចំនួន១៧៣៨នាក់ ចូលរួមផ្តិតយកព័ត៌មានកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ក្នុងនោះអ្នកកាសែតអន្តរជាតិចំនួន១១០នាក់។
 
ដោយឡែកនៅទីតាំងមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ មានអ្នកសារព័ត៌មាន៥០០នាក់ក្នុងមួយថ្ងៃមកធ្វើការនៅទីនេះ។ MPC ក៏មានផ្តល់អ៊ីនធឺណិត និងអាហារសម្រន់សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ។
 
គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឥណ្ឌូណេស៊ីកំពុងនាំមុខក្នុងតារាងមេដាយបណ្តោះអាសន្ន ដោយទទួលបានមេដាយមាស១៤៤ ប្រាក់ ១២៩ និងសំរឹទ្ធ ៨៧។ ដោយឡែក ម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី៨ ដោយទទួលបានមេដាយមាស៩ ប្រាក់១៨ និងសំរឹទ្ធ៤២ សរុប៦៩មេដាយ៕
 

Tag:
 ប៉ារ៉ាហ្គេមលើកទី១២
© រក្សាសិទ្ធិដោយ thmeythmey.com