ជាតិ
លោក ឯម រៀម សុំទោស និងលុបរូបអាសចេញ ក្រោយក្រសួងវប្បធម៌ ព្រមាន​
09, Jun 2023 , 10:13 am        
រូបភាព
ភ្នំពេញ​៖​ ក្រុម​ប្រឹក្សា​វិន័យ​ និង​លើក​សរសើរ​នៃ​អ្នក​សិល្បៈ​ តម្រូវ​ឱ្យ​លោក ឯម រៀម​ លុប​រូប​ភាព​​ដែល​មាន​លក្ខណៈ​អាស​​​ជា​បន្ទាន់​ ចេញ​ពី​គ្រប់​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​។ ប្រសិន​លោក ឯម រៀម មិន​អនុវត្តិ​តាម​សេចក្ដី​ជូន​ដំណឹង​នេះ​ទេ ក្រុម​ប្រឹក្សា​វិន័យ​និង​លើក​សរសើរ​នៃ​អ្នក​សិល្បៈ​ នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​ ដែល​មាន​ជា​ធរមាន​។



ក្រុម​ប្រឹក្សា​វិន័យ​និង​លើក​សរសើរ​ ពិនិត្យ​ឃើញ​ថា​លោក ឯម រៀម​ ​បាន​បង្ហោះ​ជា​សាធារណៈ​រូប​ភាព​​មាន​​លក្ខណៈ​អាស​ ដែល​បណ្ដាលឱ្យ​ប៉ះ​ពាល់​ដល់​វប្បធម៌​ ប្រពៃណី​ និង​​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​​សង្គម​ជាតិ​យ៉ាង​ធ្ងន់​ធ្ងរ​។ ក្រសួង​បញ្ជាក់​ថា ករណី​ដូច​គ្នា​នេះ លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​​វិន័យ​ និង​លើក​សរសើរ​នៃ​អ្នក​សិល្បៈ ក៏​ធ្លាប់​បាន​អញ្ជើញ​លោក រៀម ​​ទៅ​ណែនាំ​ អប់​រំ​ចំពោះ​ទង្វើ​បែប​នេះ​​ម្ដង​រួច​មក​ហើយ​។
 
ស្រប​ពេល​ជា​​មួយ​គ្នា​នេះ​ លោក ឯម រៀម បាន​សុំ​ទោស​នៅ​លើ​ហ្វេស​ប៊ុក​ EM Riem  ចំពោះ​រូប​ភាព​ដែល​​លោក​បាន​បង្ហោះ​នោះ និង​បាន​បញ្ជាក់​ថា​លោក​បាន​លុប​រូប​នោះ​រួច​រាល់​ហើយ​ កាល​ពី​៩​ម៉ោង​មុន។​
 
ក្រសួង​វប្បធម៌​​សង្ឃឹម​ថាលោក ឯម រៀម នឹង​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​នេះ ដោយ​បញ្ឈប់​រាល់​ការ​ប្រើ​ប្រាស់​រូប​ភាព​ ដែល​នាំ​ឱ្យ​​មាន​ផល​ប៉ះ​ពាល់​ដល់ ​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​ ហើយ​ងាក​មក​ប្រើ​ប្រាស់​ទេពកោសល្យ​ ដែល​ខ្លួន​មាន​ចូល​រួម​លើក​ស្ទួយ​វប្បធម៌​ជាតិ​​ឡើង​វិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com