អន្តរជាតិ
លោក Donald Trump ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងឯកសារសម្ងាត់
09, Jun 2023 , 2:50 pm        
រូបភាព
អតីតប្រធានាធិបតីអាមរិក លោក Donald J. Trump ថ្លែងនៅរមណីយដ្ឋាន Mar-a-Lago ទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២។(AP Photo/Andrew Harnik, File)
អតីតប្រធានាធិបតីអាមរិក លោក Donald J. Trump ថ្លែងនៅរមណីយដ្ឋាន Mar-a-Lago ទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២។(AP Photo/Andrew Harnik, File)
ដោយ: VOA
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចាត់វិធានការតាមផ្លូវច្បាប់ និងនយោបាយដ៏សំខាន់ ដោយបានចោទប្រកាន់អតីតប្រធានាធិបតីអាមរិក លោក Donald J. Trump ពីបទព្រហ្មទណ្ឌសហព័ន្ធ។ នេះបើតាមកាសែត The New York Times ដែលដកស្រង់សម្តីពីប្រភពមួយចំនួនដែលដឹងអំពីសំណុំរឿងនេះកាលពីថ្ងៃព្រហស្បតិ៍។

 
បទចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតដ៏យូរទាក់ទងនឹងការកាន់កាប់ឯកសារសម្ងាត់ដែលលោក Trump យកតាម នៅពេលលោកចាកចេញពីតំណែងហើយនិងការស៊ើបអង្កេតថាតើលោកបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទាមទារយកឯកសារមកវិញដែរឬទេ។
 
ការចោទប្រកាន់នៅឯតុលាការសហព័ន្ធក្នុងទីក្រុង Miami នេះគឺជាករណីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិកដែលអតីតប្រធានាធិបតីប្រឈមនឹងការចោទប្រកាន់ទោសកម្រិតសហព័ន្ធ។

កាសែត The New York Times រាយការណ៍ថាការណ៍នេះធ្វើឱ្យប្រទេសជាតិស្ថិតក្នុងស្ថានភាពមិនធម្មតា ព្រោះថាឋានៈរបស់លោក Trump មិនត្រឹមតែជាអតីតមេដឹកនាំអង្គនីតិប្រតិបត្តិ (រដ្ឋាភិបាល)តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកប្រជែងនាំមុខគេដែលត្រូវជ្រើសតាំងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដើម្បីប្រកួតប្រជែងនឹងលោកប្រធានាធិបតី Joe Biden ដែលរដ្ឋបាលរបស់លោកឥឡូវនេះស្វែងរកការកាត់ទោសគូប្រជែងដ៏មានសក្តានុពលរបស់លោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com