ជាតិ
CDC អនុម័តលើគម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​​៣ ដែលបោះទុន១៦លានដុល្លារ នៅស្វាយរៀង
09, Jun 2023 , 8:19 am        
រូបភាព
រូបភាពពី៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
រូបភាពពី៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន៣ទៀត ដែលមាន​ទុនវិនិយោគ​ប្រមាណ​១៦​លាន​ដុល្លារ បង្កើត​រោងចក្រ​នានា​នៅ​ខេត្តស្វាយរៀង។  ក្រុមហ៊ុន​វិនិយោគ​ទាំង​៣​នេះ នឹង​ផ្តល់ឱ្យ​ការងារ​ដល់​ពលរដ្ឋ បាន​ជាង​៣០០០​កន្លែង​។ នេះ​បើតាម​ការចុះផ្សាយ​របស់ CDC នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣។



ក្រុមហ៊ុន​ទាំង​៣ ដែល​CDC បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ​ដើម្បីឱ្យ​អនុវត្ត​គម្រោង​វិនិយោគ​នៅ​កម្ពុជា​នោះ ​មាន​ ក្រុមហ៊ុន “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD. បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅទីតាំងស្ថិតតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង។ រោងចក្រនេះ មានដើមទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួន ២ ៤១០កន្លែង។
 
ជាមួយគ្នានេះ ក្រុមហ៊ុន HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD ក៏បានស្នើរសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ  ក្រោមដើមទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។ រោងចក្រនេះ មានតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង។
 
បន្ថែមពីនេះ ក្រុមហ៊ុន DONG WANG PAPER INDUSTRY (CAMBODIA) CO., LTD  គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ក្នុងខេត្តស្វាយរៀង។ រោងចក្រនេះ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែងផងដែរ៕
 

Tag:
 ការអនុម័ត​ពី CDC
 ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com